ភាសាស្នេហ៍

មួយរយៈនេះ ខ្ញុំហាក់មានអារម្មណ៍ផ្លាស់ប្ដូរញឹកញាប់។ ខ្ញុំបានចំណាយពេលច្រើនជាងមុន នៅក្បែរមនុស្សដែលខ្ញុំស្រលាញ់។ ការចំណាយពេលវេលា និងយកចិត្តទុកដាក់ចំពោះពួកគាត់ ជាអ្វីដែលខ្ញុំមិនសូវបានធ្វើពីមុនមកនោះទេ។ អាចថាមកពីខ្ញុំជាមនុស្ស ចូលចិត្តគេចវេសពីទំនួលខុសត្រូវក៏ថាបាន។ ទំនួលខុសត្រូវ? តើការស្រលាញ់ជាទំនួលខុសត្រូវមែនទេ? តើការស្រលាញ់អ្នកណាម្នាក់ពិតជាពិបាកមែនទេ? ចុះគេថាការស្រលាញ់ធ្វើឲ្យយើងមានក្ដីសុខនោះអី? ឬដើម្បីមានក្ដីសុខ យើងត្រូវមានទំនួលខុសត្រូវ?

សេចក្ដីស្រលាញ់ដែលខ្ញុំនិយាយនេះ មិនមែនគ្រាន់តែជាសេចក្ដីស្រលាញ់ចំពោះដៃគូជីវិតប៉ុណ្ណោះទេ។ មួយរយៈនេះ ខ្ញុំបានចំណាយពេលច្រើនជាងមុនជាមួយមនុស្សសំខាន់ៗក្នុងជីវិតខ្ញុំ ដែលអាចនិយាយបានថាតិចសម្រាប់អ្នកដែលមានទំលាប់ជិតស្និទ្ធិជាមួយគ្រួសារ។ ខ្ញុំមានអារម្មណ៍ថាលំបាក ហើយមិនចង់ទទួលយកការពិតពីតថភាពដែលកំពុងកើតឡើងទាល់តែសោះ។ កាន់តែនៅជិតពួកគាត់ កាន់តែធ្វើឲ្យខ្ញុំមានអារម្មណ៍ថាខ្លួនឯងជាមនុស្សអត់បានការ អត្មានិយម និងគ្មានទំនួលខុសត្រូវ។

ម៉ាក់ប៉ា៖ ម៉ាក់បានមកភ្នំពេញមកមើលប្អូនស្រីក្នុងកំឡុងពេលដែលប្អូនប្រុសខ្ញុំកំពុងជួសជុលផ្ទះចាស់យើងឡើងវិញ។ បីឆ្នាំចុងក្រោយនេះ ម៉ាក់ឧស្សាហ៍មកពិនិត្រសុខភាពនៅភ្នំពេញ តែចៃដន្យអី ២ឆ្នាំចុងក្រោយនេះអាក់ខានដោយសារកូវីដ។ ប៉ុន្មានខែមុននេះ ឮសូរថាម៉ាក់ឈឺជើងរហូតដើរមិនរួច។ ម៉ាក់គាត់កើតជំងឺទឹកនោមផ្អែម លើសឈាម និងធាត់ខ្លាំង។ ដើម្បីដើររួចវិញ គាត់មិនដឹងទិញថ្នាំស្អីខ្លះមកលេប។ ថ្នាំខ្លះថ្លៃហើយ គ្មានផ្លាកសញ្ញា ឬលក្ខណៈគ្រប់គ្រាន់គួរឲ្យទុកចិត្តសោះ។ តែគាត់លេបហើយអាចដើរបានវិញមែន។ យ៉ាងណាក៏ដោយ គាត់ប្រាប់ខ្ញុំថាគាត់មានជំងឺពុកឆ្អឹង ឬឈឺសន្លាក់ជង្គង់នេះ ១០ឆ្នាំហើយ។ មកជាន់លំបាកនៅពេលគាត់ធាត់ខ្លាំងដែលជាបន្ទុកទៅលើជង្គង់គាត់ថែមទៀត។ ខ្ញុំជាកូនៗនិយាយណែនាំគាត់យ៉ាងម៉េច ក៏ពិបាកណាស់ ព្រោះមានទម្លាប់ជាច្រើនដែលគាត់ធ្វើជាយូរមកហើយ។ វាសុទ្ធតែជាទម្លាប់ដែលធ្វើឲ្យជំងឺគាត់កាន់តែធ្ងន់។ ក្នុងពេលដែលគាត់ឈឺធ្ងន់នេះ ខ្ញុំបារម្ភពីចំណាយដែលខ្ញុំមិនបានត្រៀមទុកជាមុន។ ខ្ញុំមានចំណាយច្រើនស្រាប់ហើយសព្វថ្ងៃ។ ខ្ញុំគិតថា ប្រសិនបើខ្ញុំមិនចំណាយលើសុខភាពគាត់ ខ្ញុំអាចនឹងស្ដាយក្រោយប្រសិនបើម៉ាក់មានរឿងកើតឡើង។ នេះគ្រាន់តែម៉ាក់ប៉ុណ្ណោះ! ប៉ាគាត់ឈឺអីក៏គាត់មិនចេះមាត់ដែរ។ គាត់លាក់ទុករហូត។ ទាំងប៉ាទាំងម៉ាក់ នៅពេលដែលគាត់ដឹងថាយើងកំពុងមានចំណាយច្រើន គាត់មិនចង់ប្រាប់អ្វីដល់កូនៗទៀតទេ។ ជួនរបស់ខ្លះដូចជាប្រដាប់ជួសមើលទឹកនោមផ្អែមអីហ្នឹងក៏គាត់មិនសូវហ៊ានប្រើរាល់ថ្ងៃដែរ គាត់ខ្លាចត្រូវទិញញឹកអស់លុយច្រើន។ មានរឿងជាច្រើនទៀតដែលគាត់សុខចិត្តខាំមាត់សង្កត់ចិត្តទ្រាំឈឺជាប្រចាំតែឯងមិនហ៊ានប្រាប់អ្នកណា។ ខ្ញុំមានអារម្មណ៍ថា ខ្លួនឯងអសមត្ថភាពណាស់ដែលមិនអាចជួយឲ្យប៉ាម៉ាក់រស់នៅដោយសុខស្រួល។ ដើម្បីអនាគតខ្លួនឯង ខ្ញុំបានចំណាយទុនជាច្រើនដោយមិនបានបន្សល់ចំណែកច្រើនសម្រាប់សុខភាពប៉ាម៉ាក់ ឬសូម្បីតែហានិភ័យសុខភាពខ្លួនឯង។ ប្រសិនបើរឿងនេះនៅតែបន្តកើតឡើង តើនឹងមានរឿងអ្វីកើតឡើងទៅថ្ងៃមុខ?

បងប្អូន៖ បងប្អូនមានគ្រួសារ ២នាក់ហើយ។ មានក្មួយប្រសេចប្រសាច មានរឿងរៀងៗខ្លួន កើតសប្បាយ កើតទុក្ខ។ យ៉ាងណាក៏ដោយ ទោះជួយបាន ឬមិនបាន តែខ្ញុំមានអារម្មណ៍ថា ហត់នឿយជំនួសពួកគេ ពេលដឹងថាគេមានរឿងម្ដងៗ។ ទោះជួយមិនបាន ក៏បានដឹងឮ។ រឿងខ្លះក៏ជួយបាន តែក៏ត្រូវបន្ថែមបន្ទុកមួយផ្នែកទៀតក្នុងជីវិត។ ធ្វើម៉េចបើកើតមកជាបងប្អូនទៅហើយ ត្រូវចេះជួយគ្នាខ្លះ។

គូ៖ ដៃគូជីវិតក៏មានគ្រួសារគាត់។ ប៉ាម៉ាក់គាត់ចាស់ៗជាងប៉ាម៉ាក់ខ្ញុំទៀត ហើយក៏ឈឺធ្ងន់ជាងប៉ាម៉ាក់ខ្ញុំទៅទៀត។ បងប្អូនគាត់ក៏មានរឿងស្មុគស្មាញច្រើន ដែលខ្ញុំបានត្រឹមតែស្ដាប់ និងយល់ព្រមចំពោះការសម្រេចចិត្តរបស់គាត់ក្នុងការរំលែកទុក្ខបងប្អូនរបស់គាត់តាមបែបផ្សេងៗ។

អ្នកមានគុណ៖ អ៊ុំប្រុស អ៊ុំស្រី យាយ ពូ សុទ្ធតែជាអ្នកមានគុណដែលធ្វើឲ្យខ្ញុំមានថ្ងៃនេះ។ យ៉ាងណាក៏ដោយ ខ្ញុំពុំទាន់បានធ្វើអ្វីសម្រាប់ពួកគាត់សម្បីបន្តិច។

អត្ថបទនេះ សរសេរប្រញាប់ឲ្យចប់ ព្រោះខ្ញុំត្រូវទៅក្រៅហើយ។ និយាយដោយខ្លី ទំនួលខុសត្រូវនេះ មិនមានអ្នកណាទាមទារមកឲ្យយើងលំបាកនោះទេ។ វាជាការពេញចិត្តក្នុងការធ្វើដោយសេចក្ដីស្រលាញ់។ សកម្មភាពក៏ធ្វើ យោបល់ក៏បញ្ចេញ ទោះដោយអត់ធ្មត់ ឬដោយកំហឹងនៅពេលគ្រប់យ៉ាងហាក់ដូចច្របូកច្របល់មិនដូចចិត្ត តែក៏ធ្វើដោយសារក្ដីបារម្ភខ្លាំងពេក។ ខ្ញុំគិតថា កូនៗ បងប្អូនបង្កើត និងដៃគូជាច្រើនក៏អាចកំពុងមានរឿងនេះដូចគ្នា ហើយភាសានៃក្ដីស្រលាញ់អាចចេញមកជារូបភាព សម្លេង និងលក្ខណៈខុសៗគ្នា។ ប៉ុន្តែនៅទីបំផុត ក្ដីស្រលាញ់នៅតែជាក្ដីស្រលាញ់។

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: