ឧត្តមគតិ

ស្វែងយល់ពី

ឧត្តមគតិ

តាមរយៈការផ្ដល់និយមន័យ និងការពន្យល់ផ្ទាល់របស់អ្នកនិពន្ធពីបទពិសោធន៍ដែលមានកន្លងមក!

ចង់ស្គាល់អ្នកនិពន្ធបន្ថែមទៀត? Start here

ចុចស្ដាប់ត្រង់នេះ៖ https://anchor.fm/dianotes/embed/episodes/ep-e17sgko

ថ្ងៃនេះខ្ញុំបានបន្តអានសៀវភៅ “គិតឲ្យដូចព្រះសង្ឃ” ហើយក៏បានជួបចំនុចមួយដែលបាននិយាយថា នៅពេលដែលយើងអាចយល់ច្បាស់ពី “ភាពភ័យខ្លាច” នោះយើងនឹងអាចបន្តដំណើរទៅមុខនៅក្នុងជីវិតរបស់យើង ស្របតាម​ ឧត្តមគតិ ធ្វើអ្វីដែលយើងស្រលាញ់បំផុត និងគោលបំណងនៃជីវិតយើង។ មកដល់ពេលនេះ អាយុ ៣១ ឆ្នាំហើយ ខ្ញុំមិនដែលបានអង្គុយស្មឹងស្មាធគិតគូរឲ្យបានច្បាស់លាស់ សរសេរកំណត់ឲ្យច្បាស់ថារបស់សំខាន់ទាំងបីនេះជាអ្វី និងមានអ្វីខ្លះឲ្យមែនទែននោះទេ។ តើពិតទេដែលខ្ញុំមិនអាចមានក្ដីស្រម៉ៃច្បាស់លាស់ ឬគិតគូរពីអនាគតរបស់ខ្ញុំ ដោយសាររបស់បីនេះនៅព្រាលស្រពិចស្រពិលនៅឡើយ?

មែន ឬមិនមែនក៏ដោយ ខ្ញុំគិតថាបើគ្រាន់តែគិតឲ្យច្បាស់ ធ្វើឲ្យរបស់ទាំងបីនេះចេញជារូបរាងមិនទៅខុសអីទេ។ ពេលនេះ វេលានេះ ខ្ញុំព្រមដាក់ចិត្តដាក់កាយអង្គុយសរសេរ ឈរគិតត្រឹមតែរឿងមួយសិនគឺ​ “ឧត្តមគតិ”។ ខ្ញុំមិនចង់បង្ខំឲ្យខ្លួនឯងធ្វើអីប្រញាប់ៗពេក ព្រោះវាមិនមែនជាការប្រឡងជាមួយអ្នកណានោះទេ។ ឬនេះជាការប្រកួតប្រជែងជាមួយនឹងពេលវេលា? ខ្ញុំចាស់រហូតដល់ខ្លាចស្លាប់ហើយមែនទេ? អត់ទេ! ហិហិ! តោះ អត្ថបទនេះគឺសរសេរបណ្ដើរគិតបណ្ដើរ មិនមែនជាព្រៀងទុកអីរួចហើយ ទើបយកមកសរសេរនោះទេ។ ការដែលអ្នកអាននេះ គឺប្រៀបដូចជាអ្នកកំពុងធ្វើដំណើរស្របពេលនឹងការគិតរបស់ខ្ញុំដូចគ្នា។

ខ្ញុំគិតថា អ្វីដែលខ្ញុំគួរធ្វើមុនគេ គឺត្រូវស្វែងយល់សិនថា តើពាក្យថា “ឧត្តមគតិ” នេះ មានន័យដូចម្ដេច។ តាមវចនានុក្រុមភាសាអង់គ្លេស​ គុណតម្លៃ ឬ Value ត្រូវបានគេឲ្យនិយមន័យជាពីរគឺ៖

១. អ្វីៗដែលរាប់ថាជា ភាពសក្ដិសម មានសារៈសំខាន់ សមតម្លៃ ឬជាប្រយោជន៍សម្រាប់អ្វីម្យ៉ាង ឬមនុស្ស។
១. The regard that something is held to deserve; the importance, worth, or usefulness of something.

២. គោលការណ៍រួមរបស់ឥរិយាបទ ឬអ្វីទាំងឡាយណាដែលចាត់ចូលជារឿងសំខាន់ក្នុងជីវិតរបស់នរណាម្នាក់។
២. Principles or standards of behaviour; one’s judgement of what is important in life.

ខ្ញុំបានស្រាវជ្រាវក្នុងវចនានុក្រមខ្មែរដែរ តែពាក្យភ្ជាប់គ្នាជា គុណតម្លៃ តែម្ដងមិនមាននោះទេ។ តែបើភ្ជាប់ពាក្យពីរនេះ គុណ និង តម្លៃ គឺមានន័យថា តម្លៃដែលបង្កើតឲ្យមាននូវដំណើរធ្វើឲ្យចម្រើនកើនឡើង។ ដូច្នេះខ្ញុំអាចទាញសេចក្ដីមកដោយងាយគឺ អ្វីៗទាំងឡាយណា ដែលធ្វើឲ្យមនុស្សម្នាក់ មានតម្លៃ ហើយតម្លៃនោះឯងធ្វើឲ្យគាត់អភិវឌ្ឍន៍ រីកចំរើនក្នុងជីវិត។ សរុបមក គុណតម្លៃ គឺឆ្លើយតបទៅនឹងសំនួរ៖ “Who are you?” “តើខ្ញុំគឺជាអ្នកណា?” ។ ថ្វីបើពាក្យថា គុណតម្លៃជាពាក្យពីរភ្ជាប់គ្នាពិតមែន តែអត្ថន័យដែលស្រដៀងបំផុតក្នុងវចនានុក្រោមខ្មែរគឺ ឧត្តមគតិ។

ឧត្តមគតិ គឺមានន័យថា ការគិតទៅលើអ្វីដែលជាប្រយោជន៍ គិតគូរទៅរកភាពរុងរឿងរីកចំរើន។ ដើម្បីឲ្យងាយយល់ ខ្ញុំនឹងទាញយកនូវ គុណតម្លៃ ដែលអង្គភាព ឬស្ថាប័ននានាតែងតែមានជានិច្ចមកបង្ហាញនៅទីនេះ មុននឹងខ្ញុំអាចគិតដល់ពីគុណតម្លៃរបស់ខ្លួនឯង។

គុណតម្លៃ (ស្នូល) របស់ក្រុមហ៊ុនទូរសព្ទស្មាត៖

១. ពួកយើងបើកចំហ និងស្មោះត្រង់
២. ពួកយើងទទួលបានជោគជ័យយ៉ាងធំជាក្រុម
៣. ពួកយើងគឺអង់អាចក្លាហាន
៤. ពួកយើងគឺខិតខំមុតមាំ
៥. ពួកយើងធ្វើការដោយយកចិត្តទុកដាក់យ៉ាងម៉ត់ចត់បំផុត ដើម្បីបង្កើតនូវអ្វីដែលងាយស្រួលប្រើ

ខាងក្រោមនេះជាគុណតម្លៃរបស់ម៉ៃក្រូហិរញ្ញវត្ថុមួយ៖
១.  ភាពស្មោះត្រង់: យើងនឹងផ្តល់ជូនអតិថិជននូវផលិតផល និងសេវាកម្មប្រកបដោយ​សុចរិតភាព ភាពស្មោះត្រង់ និងគុណធម៌ ។
២.  ទំនួលខុសត្រូវ: យើងនឹងផ្តល់ជូនអតិថិជននូវផលិតផល និងសេវាកម្ម​​​ប្រកបដោយ​វិជ្ជាជីវៈ ទំនួលខុសត្រូវខ្ពស់ និងឆ្លើយតបទាន់ពេលវេលារាល់តម្រូវការរបស់អតិថិជន ។
៣.  ផ្តល់តម្លៃ: យើងចាត់ទុកអតិថិជន បុគ្គលិក និងអ្នកពាក់ព័ន្ធទាំងអស់ជាទ្រព្យ​សម្បត្តិ​​​​ ព្រមទាំង ផ្តល់តម្លៃ និងការគោរពចំពោះពួកគេ​ដោយគ្មានការ​រើស​អើង ។
៤.  ផ្តល់អាទិភាព: យើងនឹងផ្តល់សេវាកម្មដ៏ល្អឥតខ្ចោះលើសពីអ្វីដែលអតិថិជនចង់បាន។ អតិថិជនគឺជាអាទិភាពចំបងរបស់ អិលប៊ីភី។

ថ្វីបើគុណតម្លៃ ឬឧត្តមគតិរបស់ក្រុមហ៊ុន ឬស្ថាប័នខាងលើមិនមែនជាលក្ខណៈបុគ្គលក៏ដោយ ខ្ញុំគិតថាវាជាឧទាហរណ៍ដ៏ល្អមួយដែលយើងអាចយកមកពិចារណា ហើយគិតពីអ្វីដែលខ្ញុំ ឬអ្នកផ្ដល់តំលៃឲ្យបំផុត និងជាអ្វីដែលបញ្ជាក់ពអត្តសញ្ញាណរបស់យើងរៀងៗខ្លួនផងដែរ។ គុណតម្លៃ ធ្វើឲ្យក្រុមការងារគាត់អាចដំណើរការទៅមុខបាន មានភាពរឹងមាំ និងធ្វើឲ្យអ្នកដទៃគោរពគាត់ផងដែរ។ គុណតម្លៃមិនមានច្រើន តែអាចលើសពីពីរផងដែរ។ ខ្ញុំគិតថា ឧទាហរណ៍ទាំងពីរខាងលើនេះអាចធ្វើឲ្យខ្ញុំអាចចាប់ផ្ដើមគិតពីគុណតម្លៃរបស់ខ្លួនឯងបានហើយ។ គុណតម្លៃរបស់ខ្ញុំ អាចជាអ្វីដែលខ្ញុំប្រកាន់ខ្ជាប់ជាយូរមកហើយ។ គុណតម្លៃរបស់មនុស្ស អាចនឹងមានផលខ្លះៗមកពីសង្គម គ្រួសារ សកលលោក វប្បធម៌ ប្រពៃណី និងបទពិសោធន៍របស់មនុស្សម្នាក់ៗ។ វាជាអ្វីដែលធ្វើឲ្យអ្នកដទៃគោរព ស្រលាញ់ និងរាប់អានខ្ញុំផងដែរ។ សាកគិតត្រួសៗសិន ទៅលើអ្វីដែលខ្ញុំធ្វើកន្លងមក៖

ស្មោះត្រង់ – HONESTY

តាំងពីខ្ញុំដឹងក្ដីមក ចូលធ្វើការ មានប្រាក់ខែ ចេះធ្វើការជាមួយអ្នកដទៃ អ្វីដែលខ្ញុំប្រកាន់ខ្ជាប់បំផុតនោះគឺ “ភាពស្មោះត្រង់”។ ខ្ញុំមិនអាចក្បត់ឧត្តមគិតខ្លួនឯង ដោយប្រព្រឹត្តិនូវអំពើកេងបន្លំ លួច កុហកអ្នកដទៃ ដើម្បីទទួលបានប្រយោជន៍របស់ខ្លួនឯងជាដាច់ខាត ជាពិសេសទាក់ទងនឹងរឿង “លុយ” តែម្ដង។

ម៉ាត់ណាម៉ាត់ហ្នឹង – INTEGRITY

ពាក្យនេះខ្ញុំឮដំបូងកាលខ្ញុំរៀនភាសាអង់គ្លេស ផ្នែករដ្ឋបាល និងការិយាល័យនៅមជ្ឈមណ្ឌលជីវិតថ្មី។ ខ្ញុំស្រលាញ់ពាក្យនេះខ្លាំងណាស់ ហើយព្យាយាមអនុវត្តឲ្យបានយ៉ាងខ្ជាប់ខ្ជួន។ ប្រសិនណាបើខ្ញុំ និយាយច្បាស់ថាខ្ញុំធ្វើអ្វីសម្រាប់អ្នកណា នៅពេលណាមួយ កន្លែងណាមួយ ខ្ញុំត្រូវតែធ្វើឲ្យបាន។ ប្រសិនបើខ្ញុំមិនអាចធ្វើបានដូចអ្វីដែលខ្ញុំនិយាយ ខ្ញុំនឹងបន្ទោសខ្លួនឯង និងមានភាពស្ដោកស្ដាយជាខ្លាំង។

អត់ធ្មត់ – PATIENT

ពាក្យថា “អត់ធ្មត់” មួយម៉ាត់នេះ វាធ្វើឲ្យជីវិតរបស់ខ្ញុំពោរពេញដោយភាពឈឺចាប់ តែវាបណ្ដាលឲ្យខ្ញុំអាចបន្តដំណើរពីមួយថ្ងៃទៅមួយថ្ងៃ ពីដំណែងតូចមួយរហូតដល់ដំណែងសមរម្យមួយសព្វថ្ងៃ។ វាធ្វើឲ្យអ្នកដទៃមានភាពជឿជាក់មកលើខ្ញុំ និងផ្ដល់តម្លៃដល់ខ្ញុំផងដែរ។

ភាពងាយចុះសម្រុង – ADAPTABILITY

ថ្វីបើខ្ញុំជាមនុស្សស្ងប់ស្ងាត់ (Introvert) មិនសូវចេះនិយាយស្ដី និងមិនចូលចិត្តចូលក្នុងសង្គមចំណោមមនុស្សច្រើន តែខ្ញុំជាមនុស្សដែលអាចសម្របបានតាមស្ថានភាព ដោយមិនប្រកាន់ថា ខ្ញុំត្រូវតែរក្សាភាពស្ងប់ស្ងៀមរបស់ខ្ញុំនោះឡើយ។ ខ្ញុំមិនសូវមានមិត្តភក្ដិច្រើននោះទេ ប៉ុន្តែខ្ញុំអាចូលចំណោមបណ្ដាញរបស់ចង្កោមមិត្តដ៏តូចរបស់ខ្ញុំបានដោយងាយ ទោះមិនសូវចូលចិត្តធ្វើបែបនេះក្ដី។ ការធ្វើបែបនេះ ជាកាយវិការផ្ដល់តម្លៃបន្តិចបន្តួចសម្រាប់អ្នកដទៃ។ ខ្ញុំខ្លាចចិត្តរបស់មិត្តភក្ដិ ប្រសិនណាបើគេបបួលទៅណា ឬទៅជួបមនុស្សថ្មីហើយ ខ្ញុំមិនសូវចង់ឲ្យគេអាក់អន់ស្រពន់ចិត្ត ឬខូចគម្រោងជួបជុំដោយសារអត្តចរិតធម្មជាតិរបស់ខ្ញុំនោះឡើយ។

ខ្ញុំមិនសូវរើសរបស់ញុាំ ឆីអីក៏បាន ទៅណាក៏បាន ធ្វើអីក៏បាន។ អ្វីដែលខ្ញុំចង់បាន គឺគ្រាន់តែមានមនុស្សមួយក្រុមជជែកគ្នាឲ្យខ្ញុំស្ដាប់តែប៉ុណ្ណោះ។ វាសប្បាយ!

ចូលចិត្តជួយអ្នកដទៃ – LEADINGLY SUPPORTIVE

ខ្ញុំចូលចិត្តជួយអ្នកដទៃ។ ចូលចិត្តផ្ដួចផ្ដើមអ្វីដែលល្អៗដូចជាការបង្រៀន បណ្ដុះបណ្ដាលអ្នកដទៃ។ ប៉ុន្តែឧត្តមគតិមួយនេះ ធ្វើឲ្យខ្ញុំហត់នឿយ។ បទពិសោធន៍បានបង្រៀនខ្ញុំថា ប្រសិនបើគេ “មិនទាមទារ” ខ្ញុំមិនគួរ “ផ្ដល់អោយ” នោះឡើយ។ ខ្ញុំគិតថា មិនមែនគេមិនដឹងថា វាជារឿងល្អក្នុងការជួយដទៃ ឬអ្វីដែលខ្ញុំជួយគេនោះជារឿងមានប្រយោជន៍នោះទេ គ្រាន់តែវាមិនចាំបាច់សម្រាប់គេតែប៉ុណ្ណោះ។ យ៉ាងណាម៉ិញ ការគិតបែបនេះវាមិនបានបញ្ឈប់ខ្ញុំក្នុងការបន្តជួយអ្នកដទៃនោះទេ។

ទទួលចំណេះដឹងថ្មីៗ – CURIOSITY CAT

ខ្ញុំជាមនុស្សឆ្ងល់ច្រើន ចូលចិត្តរៀនច្រើនមុខ ចាប់ច្រើនជំនាញ ប្រសិនបើឆ្ងល់ពីអ្វីមួយហើយ គឺឈ្មុសឈ្មុលស្វែងយល់ពីវាដាច់បាយដាច់ទឹកដាច់យប់ក៏មាន។ ពីមុនឆ្នាំ ២០១៩ ខ្ញុំតែងតែបន្ទោសខ្លួនឯង និងយល់ថា ឧត្តមគតិមួយនេះ ជាភាពអវិជ្ជមាន។ ខ្ញុំគិតថា ប្រសិនបើខ្ញុំនៅតែមិនចាប់អ្វីឲ្យប្រាកដបែបនេះ ខ្ញុំប្រាកដជាគ្មានអនាគតនោះទេ។ ខ្ញុំរៀនអ្វីមួយមិនដែលចប់ ឆាប់ធុញនឹងការធ្វើរឿងដដែលៗ មិនជំនាញរឿងអ្វីមួយឲ្យចំ។ តែនៅចុងឆ្នាំ ២០១៩ ប្រធានរបស់ខ្ញុំ បានធ្វើឲ្យខ្ញុំយល់ថា លើលោកនេះ ពិតជាមានមនុស្សប្រភេទដូចខ្ញុំ។ I’m not alone! ការយល់ពីរឿងជាច្រើន ចេះធ្វើគ្រប់មុខ ពិតជាមានប្រយោជន៍សម្រាប់កន្លែងធ្វើការ ឲ្យតែប្រធាន ឬកន្លែងធ្វើការនោះ ចេះប្រើប្រាស់បុគ្គលិកដូចខ្ញុំឲ្យត្រូវតែប៉ុណ្ណោះ។ តាំងពីថ្ងៃនោះមក អារម្មណ៍មោទនភាពលើភាពជាខ្លួនឯង “ប្រភេទនេះ” ធ្វើឲ្យខ្ញុំអាចបន្តដើរទៅមុខដោយជំនឿចិត្ត និងទទួលបានលទ្ធផលជាទីគាប់ចិត្តជាទីបំផុត។

ប្រហែលជាមានអ្នកអានរបស់ខ្ញុំមួយចំនួនជាមិត្តរបស់ខ្ញុំហើយ។ តើគិតថា អ្វីដែលខ្ញុំនិយាយនេះត្រូវទេ? មានពន្លើសខ្លះអត់? មានអីផ្សេងទៀតដែលអ្នកសង្កេតឃើញពីខ្ញុំដែរឬទេ? ចុះធ្លាប់គិតពី “ឧត្តមគតិ” របស់អ្នកឬអត់? បើមានតើអ្នកគិតថា មានឧត្តមគតិអ្វីខ្លះដែលអ្នកឲ្យតម្លៃ និងឧត្តមគតិអ្វីខ្លះដែលអ្នកគិតថាចង់បន្ថែមទៅក្នុងជីវិតរបស់អ្នកដែរឬទេ?

ដូចខ្ញុំសរសេរពីខាងដើមអ៊ីចឹងថា “នៅពេលដែលយើងអាចយល់ច្បាស់ពី “ភាពភ័យខ្លាច” នោះយើងនឹងអាចបន្តដំណើរទៅមុខនៅក្នុងជីវិតរបស់យើង ស្របតាម​ គុណតម្លៃ ធ្វើអ្វីដែលយើងស្រលាញ់បំផុត និងគោលបំណងនៃជីវិតយើង។” នៅអត្ថបទក្រោយ ខ្ញុំនឹងរកនឹកបន្ថែម ឬសរសេរឲ្យច្បាស់ថា អ្វីខ្លះដែលខ្ញុំស្រលាញ់បំផុត ហើយហេតុអ្វីបានជាអ្វីដែលខ្ញុំស្រលាញ់ ជាអ្វីដែលខ្ញុំមិនអាចធ្វើបាន មានអារម្មណ៍ថា ខ្លួនឯងកំសាក ហើយមានមូលហេតុអ្វីខ្លះបានជាខ្ញុំមិនបានធ្វើរឿងមួយចំនួនដែលខ្ញុំស្រលាញ់បំផុតទៅវិញ។

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: