បរិយាកាសការងារក្នុងក្ដីស្រម៉ៃ

Meeting in progress

ក្នុងពេលដែលខ្ញុំកំពុងសរសេរអត្ថបទនេះ ខ្ញុំកំពុងតែលេង Clubhouse ដែលជាកម្មវិធីមួយសម្រាប់ជជែកកម្សាន្តដោយប្រើតែសម្លេង។ វាដូចជាកម្មវិធីវិទ្យុមួយ ឬ live call ដែលប្រើតែសម្លេងតែប៉ុណ្ណោះ។ វាអត់ទាន់មានអ្នកលេងច្រើនទេ តែខ្ញុំអផ្សុកពេកក៏ចេះតែចូលស្ដាប់គេនិយាយគ្នាលេងទៅ។ ក្នុងនោះមានក្រុមមួយដែលសុទ្ធតែជាយុវជនអាយុសាមស្ដើម ឬក្រោមសាម។ គេនិយាយរឿងច្រើនមែនទែន បែបសាមញ្ញៗ សួរសុខទុក្ខគ្នាទៅវិញទៅមក។ គ្រាន់តែស្ដាប់គេជជែកគ្នា សួរទៅសួរមកពីរឿងជីវិតប្រចាំថ្ងៃ ការងារ រៀបចំកាលវិភាគពេលនៅផ្ទះយ៉ាងម៉េច នៅជាមួយដៃគូយ៉ាងម៉េច ខ្ញុំមានអារម្មណ៍ចង់មានក្រុមការងាររួសរាយដូចពួកគេ។

ចុចដោនឡូតទីនេះ៖ https://www.joinclubhouse.com/

ហេតុអីបានជាខ្ញុំមានអារម្មណ៍បែបនេះ? នៅសាលារៀនខ្ញុំមានមិត្តតិចណាស់ នៅកន្លែងធ្វើការខ្ញុំមានតែក្រុមការងារ។ បញ្ហាគឺអ្នកដែលខ្ញុំជួបមុខរាល់ថ្ងៃមិនមែនមិត្តជិតស្និទ្ធិ។ ចិត្តខ្ញុំចង់មានភាពរីករាយពិតមែន តែមានអារម្មណ៍ថាបញ្ហាមិនមែនមកពីអ្នកដទៃទេ បញ្ហាគឺមកពីខ្លួនឯង។ ខ្ញុំខ្លួនឯងជាមនុស្ស nerd ជា Introvert (មនុស្សមិនសូវចេះនិយាយច្រើន)។ និយាយកំប្លែងក៏ភ្លៀវ និយាយសាច់ការក៏មិនកើត ដូច្នេះអ្វីដែលខ្ញុំចូលចិត្តធ្វើបំផុតគឺស្ដាប់អ្នកពូកែវោហារស័ព្ទគេនិយាយគ្នា។ និយាយដើមកន្លែងធ្វើការបន្តិចចុះ។ នៅកន្លែងធ្វើការខ្ញុំមានគ្នាទាំងអស់ ៩នាក់។ ក្នុងនោះមានបរទេស ៤នាក់ (ស្រី ២នាក់ ប្រុស២នាក់) ខ្មែរ៥នាក់ (ប្រុស ៣ រួមទាំងខ្ញុំ និងស្រី ២នាក់)។ ក្រៅពីនេះ យើងមានបុគ្គលិកបរទេស ២នាក់ទៀតដែលយើងធ្វើការជាមួយគាត់តាមអនឡាញដោយសារគាត់នៅបរទេស ហើយនិយាយជាមួយគ្នាតែនៅក្នុង weekly meeting រាល់ថ្ងៃអង្គារតែប៉ុណ្ណោះ។ បន្តិចទៀតនឹងមានបុគ្គលិកបរទេសម្នាក់ទៀតមកចូលរួមជាមួយ ឥឡូវកំពុងជ្រើសរើស។

បិទមុខនេះដោយសារខ្លាចប៉ះពាល់ privacy របស់ក្រុមការងារទេ ហិហិ

កន្លែងធ្វើការខ្ញុំបើនិយាយពីការរចនា space ឬកន្លែងធ្វើការគឺមានភាពទូលាយ មានបន្ទប់ឯកជនពីរ បន្ទប់ប្រជុំមួយ បន្ទប់ធ្វើការរួមធំមួយ និងសួនច្បារតូចមួយ។ មានគំនូរលើជញ្ជាំង និងភាពទំនើបល្អណាស់។ តែបើនិយាយពីរបៀបធ្វើការ និងទំនាក់ទំនងក្រុមការងាររៀងមានគម្លាតច្រើន។ បរទេសសុទ្ធតែកាន់គម្រោងរៀងៗខ្លួន ហើយរវល់ណាស់។ ខ្មែរជាប្រុស ៣នាក់ សុទ្ធតែកាន់គម្រោងស្រាវជ្រាវរៀងខ្លួនដូចគ្នា រីឯក្រុមការងារជានារី ២នាក់ទៀត មានតួនាទីជាជំនួយការ ដូច្នេះគាត់ត្រូវធ្វើគ្រប់សព្វដូចគ្នា។ ដោយសាររវល់រៀងៗខ្លួន ការងារមាន deadline ច្បាស់លាស់ និងមានពេលវេលាតិចក្នុងការធ្វើ ឬអាចមកពីអ្នកកាន់គម្រោងហ្នឹង expect greater quality ពេក ដូច្នេះចេះតែប្រើកម្លាំងធនធានហ្នឹងច្រើនជាងពេលវេលា។ ដល់អ៊ីចឹងទៅអផ្សុកណាស់ គ្រប់គ្នាមិនសូវបាននិយាយគ្នារួសរាយរាក់ទាក់អីទេ។ ម្យ៉ាងការនិយាយ របៀបនិយាយ topic របស់បរទេសនិងខ្មែរដូចមិនសូវស៊ីគ្នាផង (បើតាមខ្ញុំគិត)។ ហើយបើនិយាយពីខ្មែរៗគ្នាឯងវិញ គម្លាតអាយុជាបញ្ហាដែលពិបាកធ្វើឲ្យយើងរៀងខ្លួននិយាយចូលគ្នាណាស់។

ប្រៀបធៀបអារម្មណ៍ធ្វើការរាល់ថ្ងៃជាមួយនឹងអ្វីដែលខ្ញុំស្ដាប់ពីក្រុមការងារគេក្នុង app ឈ្មោះ clubhouse ធ្វើឲ្យខ្ញុំមានអារម្មណ៍ចង់បានបរិកាស និងក្រុមការងារបែបនេះណាស់។ តែនិយាយទៅបើខ្ញុំជា nerd ឬ introvert បែបនេះ ទោះស្ថិតក្នុងចំនោមក្រុមការងាររួសរាយបែបនេះ ក៏ប្រហែលមិនសូវខុសគ្នាដែរ គឺមិនសូវមានគេចង់និយាយរកទេមើលទៅ។

ទោះយ៉ាងណាក៏ដោយ ខ្ញុំមិនអាចដាក់ពិន្ទុក្រុមការងារខ្ញុំទាបពេករឿងទំនាក់ទំនងនោះទេ ព្រោះថាយើងគ្រប់គ្នាមានការយោគយល់ច្រើនក្នុងការទំនាក់ទំនងរឿងការងារ។ ការធ្វើការបែប professional និងមិនមានការបង្អាប់បន្ទោសគ្នាពេលធ្វើការនោះឡើយ។ វាខុសពីអ្វីដែលខ្ញុំឮពីអ្នកផ្សេងនិយាយពីផលវិបាករឿងទំនាក់ទំនងនៅកន្លែងធ្វើការរបស់គេ។ ខ្លះមានទាំងការប្រឈមនឹងទំនាស់រាល់ថ្ងៃ ហើយខ្ញុំផ្ទាល់ក៏ប៉ះម្ដងម្កាលដែរជាមួយមនុស្សនៅកន្លែងធ្វើការផ្សេងដែលមានចរិតមិនល្អ។ កត្តាទាំងនេះធ្វើឲ្យខ្ញុំមានមោទនភាពចំពោះកន្លែងធ្វើការ និងក្រុមការងារខ្ញុំណាស់។

មានសុភាសិតមួយនិយាយថា “យើងមិនអាចជ្រើសរើសកន្លែងកើតបាននោះទេ” តែសម្រាប់ខ្ញុំគិតថា កន្លែងធ្វើការយើងអាចមានសិទ្ធិជ្រើសរើស ហើយថែមទាំងមានឪកាសបង្កើតបរិយាកាសល្អឬមិនល្អដោយខ្លួនឯងថែមទៀតផង វាគ្រាន់តែទាមទារនូវការបរិច្ចាគពេលវេលា និងកម្លាំងកាយចិត្តក្នុងការបង្កើត និងចងក្រងរឿងល្អៗជាមួយក្រុមការងារប៉ុណ្ណោះ។

តាមពិតទៅគោលបំណងដំបូងខ្ញុំចង់សរសេរសរសើរពីក្រុមការងារផ្សេងដែលគេល្អ និងរីករាយនៅក្នុង app clubhouse ប៉ុណ្ណោះ។ តែដូចទម្លាប់រាល់ដង អោយតែចាប់ដៃសរសេរឡើង គឺដឹងតែមានគំនិតផ្សេងហូរចូលមកតាមដៃរហូត រហូតបែកអូរហូរស្ទឹងកើតគំនិតសរសេរក្រុមការងារខ្លួនឯង និងអ្វីដែលខ្លួនឯងមានសព្វថ្ងៃវិញ។ ណ្ហើយ ហេតុតែកូវីដ ចូលឆ្នាំខ្មែរក៏អត់សប្បាយ ចូលធ្វើការក៏អត់បាន សូម្បីតែដើរផ្សារក៏មិនស្រួលដែរ។ ដោយសារអផ្សុកបែបហ្នឹងហើយបានកើតចិត្ត ទំនេរដៃមកសរសេរអត្ថបទនេះ។ ហ្នឹង! សង្ឃឹមថាគ្រប់គ្នា សុខកាយសប្បាយចិត្តក្នុងកំឡុងពេលកូវីដនេះទៅចុះ។ មានអីចែករំលែក ឬត្រាវពីរឿងនៅកន្លែងធ្វើការអាចសរសេរក្នុង comment ខាងក្រោមបានណា។ ជួបគ្នាម្ដងទៀតនៅអត្ថបទក្រោយ។

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: