ទីរបស់ផ្កាយ

ថ្ងៃ សៅរ៍ ទី ២៦ ខែ មេសា ឆ្នាំ ២០១៤

ថ្ងៃនេះ​ខ្ញុំ​នាំ​ប្អូន​ស្រី​ច្រម៉ក់​របស់​ខ្ញុំទៅលេង​ផ្ទះអ៊ុំ​!​ គោល​បំណង​របស់​យើងគឺទៅលេង​យាយ និង​យក​ស្វាយ​ដែល​ប៉ា​ផ្ញើរមក​តាម​ឡាន​កាពីតូល​មក​ឲ្យតាំងពីព្រឹកនោះផង។ ពេលទៅ​ទទួល​ស្វាយនោះ ខ្ញុំ​រាង​តឹង​ចិត្ត​បន្តិច ព្រោះ​ស្វាយឡើង​ពេញ​មួយការ៉ុង។ ព្រះអើយ ប៉ា! ម៉េចក៏​ប៉ា​ផ្ញើរមក​ច្រើនអីក៏ច្រើន​យ៉ាងនេះ? ខ្ញុំ​ខំអូស​ការ៉ុង​ស្វាយ​ដាក់​ម៉ូតូអាគុប​របស់​ខ្ញុំ រួច​ឲ្យ​ប្អូនស្រី​ច្រម៉ក់ឡើង​អង្គុយពីខាងមុខ។ ដៃម្ខាង​កាន់​ដៃម៉ូតូ ដៃម្ខាង​ទប់​ការ៉ុង​ស្វាយ​កុំឲ្យ​ធ្លាក់។ អរគុណ​បង​អ្នក​មើល​អីវ៉ាន់​នៅកាពីតូល​ដែល​គាត់មាន​ចិត្ត​ជួយលើក​ដាក់​ម៉ូតូពីរនាក់ខ្ញុំ កុំអីខ្ញុំ​វេទនា​មិនខានទេ។ ដំណើរពី​អូរឬស្សីទៅអូរឡាំពិក​ថ្មី​បើ​មិន​ត្រូវការ​ទូក ក៏​មាន​ការ​ពិបាក​ដែរ ព្រោះ​វា​រាង​ស្ទះ​បន្តិច។ ខ្ញុំ​ខំ​ត្រដរ​ទាំង​លំបាក ទៅផ្ទះអ៊ុំ​នៅខាង​កើត​ផ្សារ។ ទៅដល់​ក៏​ឃើញ​យាយនៅខាងក្នុង។ យាយ​ស្ទុះ​ស្ទារ​មក​បើក​ទ្វារ ដើម្បី​មើល​ចៅ​ប្រុស​កម្លោះ និង​ចៅ​ស្រី​តូច​ច្រឡឹង​របស់គាត់។ ខ្ញុំ​ដឹង​ច្បាស់​ថា​គាត់​នឹក​ចៅគាត់ តែ​ធ្វើ​ម៉េច​បាន​ទៅលេង​គាត់​តែ​សៅរ៍អាទិត្រ​ហ្នឹងឯង។ ខ្ញុំ​លើក​ស្វាយ​ដាក់​ខាង​មុខរួចហើយ ក៏ចូលទៅ​ជម្រាប​សួរអ៊ុំ​ប្រុស​នៅ​ខាង​ក្នុង។ រួចទៅអង្គុយ​នៅផ្ទះ​បាយ​ខាង​ក្រោយ​ផ្ទះ ផឹក​ទឹក​បន្តិច អង្គុយ​សម្រាក​បន្តិច។ យាយ​គាត់​សួរ​នាំ​តិចតួចពីរឿងស្វាយ ខ្ញុំក៏ប្រាប់គាត់ថា​ប៉ា​បេះ​ពីចម្ការ​ស្វាយនៅ​ស្រុក​កណ្ដៀង ភូមិកំណើត​ខាង​ប៉ាខ្ញុំ។ អ៊ុំ​ប្រុស​ និងយាយ​ប្រហែល​ភ្លេច​ហើយថា ប៉ា​នៅ​មាន​ដី​មួយ​ដុំ​តូចទៀត​នៅ​ស្រុក​កណ្ដៀង ភូមិ​ស្យា ក្បែរ​ប្រឡាយទឹក​ថ្មី។ នៅទីនោះ​ស្ងប់​ស្ងាត់ល្អ មាន​ដើម​ស្វាយ ដើម​មៀន ស្រការនាគ ម៉ាក់ប្រេងម៉ាក់ប្រាង ផ្លែ​ឈើ​ព្រៃ​ខ្លះ​ជុំ​វិញភូមិ​ករ និង​មាន​ដើម​ផ្កា​លំអរ​បន្តិច​បន្តួច​ឥត​ដាច់​ពី​មាត់​ច្រក​ចូល​រហូត​ដល់​មុខ​ផ្ទះជាប់​បឹង​ឈូក។ នេះ​រាង​វាល​បន្តិចផង ព្រោះ​កាល​តា​ខាង​ប៉ា​ខ្ញុំ​នៅ​រស់ គាត់​ដាំ​នេះ​បណ្ដុះ​នោះ​សឹង​គ្មាន​កន្លែង​ទំនេរ ជាពិសេស​ដើម​ស្លា ដើម​ម្លូ​របស់​យាយ តែឥឡូវ​អស់មាន​ដើម​ស្លាម្លូទៀតហើយ។ 

និយាយ​ដល់​សាច់​រឿង​ដែល​ខ្ញុំ​កត់​សម្គាល់​ម្ដង! ពេល​ទៅ​ដល់​ផ្ទះអ៊ុំ ខ្ញុំ​ចាប់​អារម្មណ៍​ថា​សក់​ស្រីណែត​សិត​បានយ៉ាង​ស្អាត។ ច្បាស់ណាស់ គឺ​យាយ​ខ្ញុំជា​អ្នក​សិតឲ្យ គាត់​យក​ស្និត​សិត​ចៃមក​សិត​មួយៗ ភ្នែក​ចំណាស់​របស់គាត់​ប្រឹង​មើល​យ៉ាង​យក​ចិត្តទុកដាក់។ ខ្ញុំ​ឆ្ងល់​ដែរ ថា​គាត់​នឹកឃើញ​យ៉ាងម៉េច​បានជា​យក​ស្និត​សិត​ចៃ​មក​សិត​ឲ្យ​ប្អូន​ស្រី​ខ្ញុំ។ ជួន​ជាពេល​នោះ​អ៊ុំ​ស្រី​សំណប់​របស់​ខ្ញុំ​បាន​ចុះមក ពីខាង​លើ​ផ្ទះ ដែល​មុន​នេះ​យើង​ឮសម្លេង​កូន​ស្រីគាត់​រអ៊ូររទាំ​នឹង​អ៊ុំ​ស្រី​ដែល​រវល់​រឿង​មុខកូនគាត់​កើត​មុនពេក។ គាត់​ចុះ​មក​ដួស​ទឹក​ពិសារ រួចបន្ទោស​យាយ ចាស់​ហើយ​នៅ​ប្រឹង​មើល​ចៃអីទៀត បើភ្នែក​គាត់​មើល​មិន​សូវ​ច្បាស់​យ៉ាងនេះ។ ខ្ញុំ​រាង​អស់​សំណើច​បន្តិចដែរ ដែល​ឮកូន​និង​ម្ដាយគាត់​និយាយ​គ្នា​បែបនេះ ស្ដាប់ទៅគួរឲ្យ​ខ្នាញ់​ដែរតើ។ យាយ​ខ្ញុំ​គាត់​ប្រឹង​បូត​ស្និត​សក់​សម្លឹង​មើលចៃ។ រួច​អ៊ុំ​ស្រី​និយាយ​ឡើងថា ប្អូន​ស្រី​ខ្ញុំ​មាន​ចៃ បាន​ជា​ឆ្លង​ដល់​កូន​ស្រី​តូចដែល​អាយុ​មិន​លើស​ប្អូន​ស្រី​ខ្ញុំ​ប៉ុន្មាន។ ខ្ញុំ​ដូច​មិន​យល់​ដែរ បើ​ប្អូ​ន​ស្រី​ខ្ញុំ​មាន​ចៃ ម៉េច​ក៏​មិន​ឆ្លង​ដល់​បង​បងដែលនៅ​ផ្ទះ​ខ្ញុំផង ខ្ញុំ​មិន​ទុក​ឲ្យ​គេ​ថា​ប្អូន​ខ្ញុំ​បង្ករ​ជា​បញ្ហា​តូចតាច​នេះ​ដល់គេនោះទេ ក៏​ប្រាប់ហេតុផលនេះទៅវិញ។ អ៊ុំ​ក៏អត់មាន​និយាយអីទៀតដែរ។

រួច​មក​យាយ​ហៅ​ខ្ញុំ​ញុំា​បាយ គ្រប់ពេលឲ្យ​តែ​បាន​ទៅ​ជួប​យាយ យាយ​តែង​តែ​បង្ហាញ​ការ​បារម្ភ ខ្លាច​ចៅគាត់​អត់​បាយ​ស្លាប់។ មើលទៅគាត់​បារម្ភពីពួក​ខ្ញុំ​យ៉ាងនេះ គាត់​កាន់​តែគួរឲ្យស្រលាញ់។ ខ្ញុំ​បាន​អោប​គាត់​ពេញ​ៗដៃកាល​គាត់​ទើប​តែ​មក​ពីអាមេរិក​ថ្មីៗ។ ខ្ញុំ​ចាប់​អារម្មណ៍ថា កាល​នៅ​ក្មេង​យាយ​មាន​មាឌធំណាស់ ហើយគាត់​នៅ​មាន​កម្លាំង​ស្ដី​ថា​ឲ្យ​ខ្ញុំ​រឿង​បោក​ខោអាវ និង​ដុស​ក្អែល​អីអស់ហ្នឹង។ ពេល​នេះ​រាង​គាត់​តូច​ច្រឡឹង ខ្ញុំ​យល់​ខ្លួនឯង​ថា​ខ្ពស់​ជាងមុន ហើយ​ក៏ធំហើយ។ ក៏​ចាប់​អារម្មណ៍ថា យាយ​កាន់​តែ​ចាស់ណាស់ហើយ ស្បែក​ដៃដ៏ជ្រីវជ្រួញ អាយុកាល​ចូល​និវត្តន៍​នៅ​ស្រុក​អាគាំង​ធ្វើ​ឲ្យគាត់​មាន​ឱកាស​បាន​មក​លេង​ស្រុក​​កំណើត​គាត់​ឯ​ប្រទេស​កម្ពុជា​បាន​យូរជាងមុន។ ខ្ញុំ​ក៏រីករាយដែរ ដែល​បាន​ជួប​យាយ​ច្រើនជាង​មុន។ សំណេរមួយនេះ​មាន​ភាព​រញ៉េរញ៉ៃ រៀប​រាប់​ត្រង់នេះ​បន្តិច ត្រង់នោះ​បន្តិច ច្របល់​សព្វ​អប់​ក្លិន​អតីតកាល និង​បច្ចុប្បន្ន​ដូច​សម្លរកកូរខ្មែរ ឬ​សម្លរ​ចាបឆាយ​ចិន។ ខ្ញុំ​គ្រាន់​តែ​សរសេរ​តាម​នឹកឃើញ ព្រោះ​អីថ្វីដៃសរសេរអន់ មិន​ដឹង​ថា​កែអីខ្លះ គិតអីខ្លះ ដូច្នេះ​មាន​តែ​សរសេរ​តាម​នឹកឃើញទើប​អាច​មាន​អក្សរ​ខ្លះ​ដិត​ដាម​ជាប់​ក្នុង​កំណត់​ហេតុមួយនេះ។ ថ្ងៃខែចេះតែកន្លង អ្វី​ៗ​កើតឡើង​ រួច​ក៏​បាត់​បង់​ទៅវិញតាម​កាល ថ្ងៃនេះ​ព្រះអាទិត្រ​នៅតែលិច​នៅទិស​ខាង​លិច​ដដែល តែ​មិន​ថា​វា​ជា​ថ្ងៃលិចឬ​ថ្ងៃរះ យើង​តែង​តែ​ជួប​ប្រទះ​នូវ​អ្វី​ដែល​ថ្មីជានិច្ច ព្រោះ​…

…ផ្កាយ​នៅលើ​មេឃ ដែល​យើង​ខ្ញុំ​សម្លឹង​នោះ មិន​ដែល​រះ​នៅ​កន្លែង​ដដែល​នោះឡើយ។ ជីវិត​មនុស្ស​ក៏ដូចគ្នា មិន​ថា​យើង​បាន​ជួប​រឿង​អ្វីក៏ដោយ យើង​នឹង​មិន​ឈរ​នៅ​កន្លែងដដែល​នោះឡើយ។ 

ឌីយ៉ា

ជា​ចុង​ក្រោយសម្លរ​កកូរឬ​ចាបឆាយ​មួយនេះ គ្រាន់​តែ​ចង់​រំឮក​បន្តិចពីប៉ាម៉ាក់ អ៊ុំ​ប្រុសអ៊ុំ​ស្រី លោក​យាយ ដែល​អ្នក​ទាំងនេះ​សុទ្ធ​តែ​ជា​មនុស្ស​ដែល​មាន​គុណ​យ៉ាង​ធំ​មក​លើ​ជីវិត​ខ្ញុំ​ក៏ដូចជា​បង​ប្អូនខ្ញុំ។ មិនថា​មាន​រឿង​អ្វីកើតឡើង មិន​ថា​មាន​រឿង​មិនល្អធំឬតូច តែ​គុណូបការៈក៏ដូចជា​ទឹក​ចិត្ត​ដ៏ល្អរបស់ពួកគាត់​នឹង​រះ​នៅ​ក្នុង​ដួង​ចិត្ត​របស់​ខ្ញុំ​ដដែល ទោះបី​ជា​ពន្លឺ​របស់​ពួកគាត់​មិន​បាន​រះ​នៅ​ទីតាំង​ដដែល​នៅ​ក្នុងជីវិត​របស់​ខ្ញុំ​ក៏ដោយ។ 

ដោយខ្ញុំបាទ ឌីយ៉ា

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: