ធុងសម្រាម

cigar

គ្រាន់តែសរសេរ ហេតុអ្វីក៏ពិបាកម៉្លេះ? ហេតុអ្វីការចងចាំដែលខ្ញុំមាន សុទ្ធតែជាគំនរសម្រាមនៃអតីតកាលដ៏ជូរចត់? ខ្ញុំគ្រាន់តែចង់រស់នៅដោយសប្បាយ ហេតុអ្វី ហេតុអ្វី នៅតែជាសំនួរជាច្រើនដែលខ្ញុំមិនយល់ ហើយក៏មិនអាចផ្ដល់ជាចម្លើយសម្រាប់ខ្លួនឯងបាន។ អាចថាមកពីខ្ញុំគ្រាន់តែជាធុងសម្រាម! ខ្ញុំគ្រាន់តែជាមនុស្សម្នាក់ដែលចាំតែទទួលការលំបាក បញ្ហា ការស្ដីបន្ទោស និងភាពជូរចត់របស់អ្នក។

ជារៀងរាល់ថ្ងៃ ខ្ញុំឃើញការលំបាករបស់អ្នកហាក់ដូចជាធំធេងណាស់។ ឬមួយមកពីខ្ញុំមិនដែលបង្ហាញពីផលលំបាករបស់ខ្ញុំប្រាប់អ្នកដទៃ បានជាគេមិនដែលយល់ថាខ្ញុំខ្វល់ព្រួយសោះ? មែនហើយ!​ ភាគច្រើន មនុស្សនៅលើលោកនេះ គ្រាន់តែចង់ស្វែងរកធុងសម្រាមដែលគេអាចបោះចោលរាល់ទុកកង្វល់ និងបញ្ហា ឬកំហឹងរបស់គេតែប៉ុណ្ណោះ។ ឬមកពីធុងសម្រាមវាមិនចេះនិយាយ? ធុងសម្រាមគេបង្កើតមកដើម្បីដាក់សម្រាម ចុះឯងនេះកើតមកដើម្បីទទួលសម្រាមរបស់អ្នកដទៃ ទាំងខ្លួនឯងក៏មានសម្រាមស្ទើរកប់រន្ធដង្ហើមបែបនេះមែនទេ?

ស្ដាប់ខ្ញុំផងបានទេ? ពេលខ្លះខ្ញុំចង់ឲ្យអ្នកដទៃក្លាយជាធុងសម្រាមរបស់ខ្ញុំដែរ! តែការពិតជាក់ស្ដែង គ្រប់គ្នាតែងតែបដិសេធមិនទទួលការឈឺចាប់របស់ខ្ញុំ។

“មានបញ្ហាចេះដោះស្រាយខ្លួនឯងខ្លះទៅ ឯងធំហើយ!”

មែនខ្ញុំធំហើយ! ចុះអ្នកដទៃមិនទាន់ធំមែនទេ បានជាចេះតែមកទំលាក់គ្រប់រឿង គ្រប់ហេតុមកក្នុងជីវិតខ្ញុំ? ជួនកាលគេមិនចង់ឲ្យខ្ញុំនិយាយអ្វីទាំងអស់។ អ្វីដែលគេចង់បានពិតប្រាកដ គឺជួបជាមួយដុំថ្មមួយដុំ វាយទាត់ធាក់ នោមដាក់ បញ្ចេញកំហឹង ជេរស្ដីហើយ ក៏ដើរចេញទៅ។ គេមិនចង់បានការតបត ឬដោះស្រាយអ្វីទាំងអស់។ ពេលខ្លះ គេហាក់ដូចជាចង់បានយោបល់ពីយើង បន្ទាប់ពីគេរៀបរាប់អស់សេចក្ដីហើយ តែចំពោះគេ យើងគ្រាន់តែជាមនុស្សគ្មានសម្លេង។ គេសម្លឹងមើលមកយើង ទាំងយើងតាមពិតគ្រាន់តែជាបំពង់ខ្យល់គ្មានសម្លេងតែប៉ុណ្ណោះ។ ឬមកពីត្រចៀករបស់គេបិទអស់ទៅហើយ? ឬគេកំពុងគេងបើកភ្នែក?

ពេលខ្លះ យើងគួរតែតាំងខ្លួនថា យើងគឺជាយើង។ ហើយសម្រាប់ពួកមានពុតត្បុត ចង់តែមកបៀតបៀនផ្លូវអារម្មណ៍របស់អ្នកដទៃ ពេលខ្លះភ្លេចពួកអស់ហ្នឹងខ្លះក៏បាន។ ពេលខ្លះ យើងគួរតែទទួលស្គាល់ថា យើងជាអ្វីឲ្យប្រាកដ។ តើយើងជាធុងសម្រាម ឬជាបារីបំបាត់ក្ដីកង្វល់របស់គេ? ពេលខ្លះ ពួកគេគួរតែធ្វើជាមិត្តដ៏ល្អ ដែលព្រមធ្វើជាធុងសម្រាមឲ្យគ្នាទៅវិញទៅមកក៏ល្អ។ ឬបើល្អជាងនេះ​ គ្រប់គ្នាគួរតែតាំងខ្លួនជាសៀវភៅ ដែលយើងអាចចែករំលែកបទពិសោធន៍ សិក្សាពីគ្នា ស្វែងរកដំណោះស្រាយ ហើយចងចាំអ្វីដែលគ្នានិយាយ (មិនមែនឲ្យគេនិយាយចោល ហើយខ្លួនឯងមិនស្ដាប់) និងអាចឲ្យគេយកដំណោះស្រាយល្អៗទៅប្រើប្រាស់បាន។ តើអ្នកជាអ្វី? ជាធុងសម្រាមដែលគេមករកតែពេលគេមានបញ្ហា ហើយមិនខ្វល់ពីតម្លៃរបស់យើង? ជាធុងសម្រាមឲ្យគ្នាទៅវិញទៅមក ដែលពេលយើងនិយាយ យើងក៏ហាក់ដូចជានិយាយចោល ពេលគេឲ្យយោបល់យើងក៏មិនស្ដាប់?

ទីបំផុត ខ្ញុំគ្រាន់តែជាធុងសម្រាមប៉ុណ្ណោះ នៅពេលនេះ! តើយើងជាអ្នកសម្រេចថាយើងជាធុងសម្រាម ឬគេជាអ្នកសម្រេចថាយើងជាធុងសម្រាម?

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: