គ្រាន់តែជាមិត្ត

dylan-freedom-371591.jpg

តាយ៖ លាក់បាំងការពិត និងកុហក តើមួយណាល្អជាង ប្រសិនបើជាឯង?

តាយសម្លឹងមើលមុខ យីង ដែលជាមិត្តនារីរបស់ខ្លួន។ គេសួរបែបនេះ ទាំងក្នុងចិត្តគេមានលាក់គំនួចអ្វីម្យ៉ាង។

យីង៖ ពីនេះមានអីខុសគ្នា? ដូចតែគ្នាហ្នឹង!

តាយ៖ ខុសគ្នា! មួយគឺមិនកុហក តែមិនព្រមនិយាយប្រាប់ពីការពិត…

យីង៖ ហើយមួយទៀត ព្រមនិយាយ តែមិនមែនជាការពិត

តាយ៖ អឺ!

យីង៖ បើអ៊ីចឹងដដែល ចាំបាច់រើសធ្វើអី បើមនុស្សស្រលាញ់គ្នាហើយធ្វើអ៊ីចឹង កុំស្រលាញ់គ្នាអី! យើងមិនចូលចិត្តមនុស្សធុនហ្នឹងទេ។

តាយ៖ ចុះបើម្នាក់ហ្នឹងជាញ៉ុម?

យីង៖ ចុះរឿងហ្នឹងវាប៉ះពាល់គ្នាអត់?

តាយ៖ ថា អត់ទាក់ទងចុះ តែវាជារឿងផ្ទាល់ខ្លួនរបស់ញ៉ុម!

យីង៖ អឺម…ចឹងមានអីត្រូវខ្វល់ទៅ យើងគ្រាន់តែជាមិត្ត ហើយទោះបីមនុស្សស្រលាញ់គ្នាក៏នៅមានរឿងផ្ទាល់ខ្លួនខ្លះដែលមិនអាចប្រាប់បានដែរ។ សរុបរួម គឺអត់បញ្ហាទេ!

តាយ៖ អឺ…

យីង៖ មានរឿងអីមែន?

តាយ៖ មាន! តែញ៉ុមប្រាប់អត់បានទេ!

យីង៖ កុំប្រាប់អីអ៊ីចឹង!

តាយ៖ មនុស្សយើងគ្រប់គ្នាសុទ្ធតែមានចំនុចល្អ និងចំនុចអាក្រក់។ គ្មានអ្នកណាល្អគ្រប់ដប់នោះទេ។ ហើយរឿងអាក្រក់គ្មានពីណាចង់ឲ្យអ្នកដទៃដឹងឮនោះទេ។

យីង៖ អឺ! ដឹងតើ! ពេលខ្លះរឿងខ្លះ អ្នកដទៃក៏ដឹងពីយើងដែរ។ តិច ឬច្រើន រឿងដែលគេដឹងពីយើងនោះ មានតែយើងប៉ុណ្ណោះដែលស្គាល់ខ្លួនឯងច្បាស់។ រស់នៅមិនចាំបាច់ខ្លាចអ្នកដទៃពេកទេ។ ធ្វើជាខ្លួនឯងឲ្យបានច្រើន។

តាយ៖ ស្រលាញ់ខ្លួនឯងឲ្យបានច្រើន!

យីង៖ ហើយមានរឿងអីដែលយើងចង់ធ្វើ មានរឿងអីដែលមិនចង់ឲ្យគេដឹង ក៏ធ្វើទៅ ក៏លាក់ទៅ! វាជាសិទ្ធិរបស់យើងតើ។

តាយ៖ មែនហើយ! សប្បាយចិត្តដែលឯងគិតអ៊ីចឹង!

យីង៖ កុំខ្វល់ច្រើនពេក។ ជីវិតមនុស្សម្នាក់ៗ ឆ្លងកាត់រឿងច្រើនណាស់ ជួបមនុស្សច្រើនណាស់។ មនុស្សខ្លះអាចនៅជាមួយយើងមួយជីវិត។ មនុស្សខ្លះក៏ជួបយើង ស្រលាញ់យើង ហើយក៏ចេញពីយើងទៅក៏មាន។ ចាត់ទុកថាវាជារឿងធម្មតាទៅចុះ។ ដួលហើយក្រោកឡើងបន្តទៅមុខទៀត។ សូញសាញច្រើននាំតែខាតពេល។

តាយញញឹមស្ងួត ហើយងាកមើលមុខ យីង ជាមិត្តនារីរបស់គេ។ នៅលើដំបូលផ្ទះ អ្នកទាំងពីរញញឹមដាក់គ្នា រួចងើយមើលផ្កាយព្រឹកដែលកំពុងរះនៅលើមេឃ។


វាចារអ្នកនិពន្ធ៖

សម្រង់ឈុតខ្លីនេះ កើតចេញពីសន្ទនារបស់អ្នកនិពន្ធជាមួយមិត្តម្នាក់។ វាជាគំនួចដួងចិត្ត វាជាគំនាបជីវិត ដែលអ្នកនិពន្ធ ក៏ដូចជាមនុស្សម្នាក់ៗមានរឿងមិនល្អជាច្រើន ឬរឿងល្អក្ដី ដែលមិនអាចបើកចំហឲ្យគេឯងដឹងបាន។ ពេលខ្លះវា តឹងចិត្តណាស់។ ពេលខ្លះ មិនអាចជាចម្លើយសម្រាប់អ្នកចាក់សំនួរដោតមកក្នុងដួងចិត្ត។ ហើយគ្រប់ពេល អ្នកនិពន្ធ ត្រូវជ្រើសរើសរវាងការកុហក និងការលាក់បាំងមិននិយាយអ្វីទាំងអស់។

យ៉ាងណាម៉ិញ ជីវិតជាជម្រើស។ គ្រប់យ៉ាងវាជាសិទ្ធិរបស់បុគ្គល ដើម្បីគេម្នាក់ៗអាចដើរក្នុងផ្លូវមួយដែលគេពេញចិត្ត ឬគិតថា វាល្អបំផុតហើយ បើធ្វើយ៉ាងនេះ។

ថ្ងៃនេះ ថ្ងៃស្អែក ឬថ្ងៃម្សិល គឺពេលវេលាដ៏មានតម្លៃ ទោះតម្លៃនោះមិនអាចលាតត្រដាងឲ្យពិភពលោកបានឃើញក៏ដោយ។

ពីខ្ញុំ

ឌីយ៉ា

 

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

One thought on “គ្រាន់តែជាមិត្ត

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: