រស់ជាប្រុសកំដរ

Screen Shot 2017-03-20 at 10.15.49 PM

ខ្ញុំសម្លឹងមើលបុរសជាទីស្រលាញ់របស់ខ្ញុំដើរចេញពីក្នុងបន្ទប់ទឹកដោយស្លៀកកន្សែងពោះគោពណ៌សបញ្ចេញសាច់ដុំល្វែងលើហាក់បង្អួតភ្នែកខ្ញុំយ៉ាងគឃ្លើន។ មួយអាទិត្រនេះ គាត់ហាក់ព្យាយាមគេចភ្នែកពីខ្ញុំប្លែក។  គាត់បើកទូរខោអាវយកសម្លៀកបំពាក់ធ្វើការចេញមកស្លៀកពាក់។ ខ្ញុំក្រោកពីលើគ្រែដោយមានតែខោខ្លីកំប៉ិតជាប់ខ្លួន ដើរទៅដាក់ឡេវអាវឲ្យគាត់។ គាត់មិនទាន់ដឹងទេថា ខ្ញុំបានឃើញធៀបការក្នុងកាបូបរបស់គាត់រួចទៅហើយ។ សំឡុសអាវឲ្យគាត់រួចហើយ ខ្ញុំជំទើតទៅថើបបបូរមាត់គាត់ថ្នមៗ។

  • យប់នេះអូនកុំចាំបងអី! នៅផ្ទះបងមានធុរៈបន្តិច។
  • បាទ! ចុះស្អែក?
  • មិនទាន់ដឹងទេ! ចាំបងខលប្រាប់ណា! បងទៅហើយ!

ក្រិប! គាត់យកកាបូបធ្វើការហើយដើរចេញទៅ។ រយៈពេលបួនឆ្នាំដែលខ្ញុំរស់នៅជាមួយបង! រយៈពេលបួនឆ្នាំដែលខ្ញុំគិតថា តទៅខ្ញុំនឹងបងគឺជាបច្ចុប្បន្ន និងជាអនាគត។ តែរយៈពេលបួនឆ្នាំដែលខ្ញុំគិតខុស ជឿពាក្យសម្ដីដែលបងប្រាប់ថា ខ្ញុំម្នាក់គត់គឺជាមនុស្សប្រុសដែលបងស្រលាញ់។ ខ្ញុំគិតថាបងអាចលះបង់ភាពជាឪពុក លះបង់ព្រោះបងពេញចិត្តនឹងជីវិតបែបនេះជាជាងអ្វីដែលមនុស្សជាច្រើននៅលើលោកគេធ្វើ។ បួនឆ្នាំដែលខ្ញុំមិនដឹងថា បងគ្រាន់តែយកខ្ញុំកំដរអារម្មណ៍ កំដរជីវិតលើគ្រែ កំដរភាពឯការ ព្រោះបងកំពុងពេញចិត្តនឹងជីវិតប្រុសស្រលាញ់ប្រុសជាងអ្វីៗទាំងអស់។ តែខ្ញុំមិនដែលនឹកស្មានសោះថា បងកំពុងប្រើប្រាស់ខ្ញុំជាឧបករណ៍ ក្នុងពេលដែលបងកំពុងសន្សំប្រាក់ដើម្បីសាងគ្រួសារ។ បងយកខ្ញុំគ្រាន់តែបំពេញតំរេកតណ្ហាប្រុសស្រលាញ់ប្រុស សាច់ដុំមាំមួន ភាពរឹងមាំ រហូតដល់គិតថាបងល្មមអាចឆ្អែតឆ្អន់ ហើយអាចកាត់បន្ថយជីវិតបែបនេះ និងគ្មានថ្ងៃទៅសាងគ្រួសារនឹងមនុស្សស្រីវិញ។ បួនឆ្នាំដែលខ្ញុំល្ងង់ បួនឆ្នាំដែលខ្ញុំខំធ្វើការសន្សំប្រាក់ ហើយក៏ចាយវាយជាមួយមនុស្សដែលខ្ញុំស្រលាញ់ ទាំងមិនដឹងថាប្រុសដែលខ្ញុំស្រលាញ់នោះកំពុងសំងំធ្វើការសន្សំប្រាក់ការប្រពន្ធ កសាងគ្រួសារ និងទិញវីឡារស់នៅដោយក្ដីសុខ។

មែន! ខ្ញុំដឹងថាគេមិនខុស…ខ្ញុំដឹងថានេះជាជំរើសរបស់គេ តែខ្ញុំនៅតែមិនអស់ចិត្ត។ ខ្ញុំនៅតែមិនសុខចិត្តថាហេតុអ្វីក៏ខ្ញុំគ្រាន់តែជាមនុស្សល្ងង់ម្នាក់ ជាមនុស្សដែលគេកុហករហូតមក។ ខ្ញុំក៏ដឹងច្បាស់ណាស់ថា ចង់ឃាត់មនុស្សម្នាក់ដែលចង់ដើរចេញពីជីវិតយើង មានតែយើងប៉ុណ្ណោះជាអ្នកឈឺចាប់ ព្រោះគេនឹងធ្វើគ្រប់យ៉ាងរហូតដល់យើងឆ្អែតឆ្អន់ ទ្រាំទ្រលែងបានហើយក៏ព្រមឲ្យគេទៅ។

ខ្ញុំគឺបែបនេះឯង! ទីបំផុតខ្ញុំនៅតែព្រមឲ្យគេទៅ។ ចុះខ្ញុំ? តើឲ្យខ្ញុំធ្វើយ៉ាងណា? ទម្រាំគេដោះដៃចេញទៅ ខ្ញុំឈានដល់អាយុ ២៧ឆ្នាំ។ ខ្ញុំឈានដល់អាយុដែលខ្ញុំអស់សង្ឃឹម ថានឹងពិបាកបំភ្លេចម្នាក់នោះ ហើយក៏ពិបាកនឹងមានគេមកទទួលយកមនុស្សចាស់ដូចខ្ញុំ។ ខ្ញុំចង់សងសឹក តែខ្ញុំមិនចង់រស់ក្នុងសភាពឈឺចាប់ និងក្ដៅក្រហាយបែបនេះនោះទេ។ ខ្ញុំត្រូវរស់ដូចពីមុនម្ដងទៀត។ នៅម្នាក់ឯង គ្មានមិត្តភក្ដិសេពគប់សប្បាយ ឬចែករំលែកពេលមិនសប្បាយចិត្ត។ ខេត្តសៀមរាបអ៊ូរអរ ហើយមានកន្លែងខ្លះក៏ស្ងប់ស្ងាត់ គួរឲ្យចង់រស់នៅ គឺគួរឲ្យចង់រស់នៅដូចពេលខ្ញុំនៅម្នាក់ឯង ដើររើសស្លឹកឈើចាស់ៗមកគៀបក្នុងសៀវភៅ និយាយម្នាក់ឯងជាមួយសៀវភៅកំណត់ហេតុ រួចក៏ចេញទៅធ្វើការពីព្រលឹមជាមួយភ្ញៀវទេសចរដូចពីមុន។ ជាចុងក្រោយ រឿងដែលកើតចំពោះខ្ញុំបួនឆ្នាំកន្លងមកនេះ នឹងរលាយចេញពីជីវិតខ្ញុំបន្តិចម្ដងៗ អាចនឹងឆាប់ៗនេះ ពីរខែ កន្លះឆ្នាំ ឬមួយឆ្នាំទៅមុខ។ ខ្ញុំសង្ឃឹមថាថ្ងៃណាមួយរឿងទាំងនេះ នឹងក្លាយទៅជាសំណកប៉ាកកាលើសៀវភៅកំណត់ហេតុ ឬជាសុបិនអាក្រក់ដែលមកលងខ្ញុំម្ដងម្កាល។ សង្ឃឹមថាថ្ងៃណាមួយ មនុស្សម្នាក់នោះនឹងរស់នៅដោយសុភមង្គលជាមួយក្រុមគ្រួសារគេ ឬឈឺចាប់ដូចអ្វីដែលគេធ្វើចំពោះខ្ញុំដែរ។

ស្នេហាជារឿងរបស់មនុស្សពីរនាក់សាងឡើងមកជាមួយគ្នាដោយក្ដីពេញចិត្តរៀងៗខ្លួន ប៉ុន្តែវាមិនមែនជារឿងល្ខោនដែលសម្ដែងឡើងហើយក៏បញ្ចប់ទៅវិញ ដោយតួអង្គក្នុងសាច់រឿងអាចត្រឡប់ទៅផ្ទះរៀងខ្លួន ហើយអាចគេងលក់ដោយស្កប់ស្កល់នោះឡើយ។ ខ្ញុំក៏ដូចគ្នា អ្វីដែលខ្ញុំសាងឡើងជាមួយអ្នក មិនមែនជាការសម្ដែងឡើយ តាំងពីដើមរហូតដល់ទីបញ្ចប់…

និពន្ធដោយ ឌីយ៉ា

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

One thought on “រស់ជាប្រុសកំដរ

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: