បាត់លិខិតឆ្លងដែន

65f533c749ec4f1aa92db5a462548e6f

កាលពីម្សិលម៉ិញ ក្រោយពេលបាយថ្ងៃត្រង់ហើយ មិត្តភក្ដិខ្ញុំក៏បានជូនខ្ញុំមកផ្ទះវិញ។ ឈប់នៅមុខធនាគារកាណាឌីយ៉ា អតីតរោងកុនអង្គរ ខ្ញុំក៏ចុះពីលើម៉ូតូ លាមិត្តភក្ដិ ហើយបន្តទៅផ្ទះរបស់ខ្លួនឯងដែលនៅក្បែរនោះ។ ដោយភ្លើងក្រហម ខ្ញុំក៏នៅចាំរហូតភ្លើងខៀវសិន។ ប្រហែល ២០វិនាទីដែលខ្ញុំរង់ចាំនោះ ម៉ូតូឡានដែលកំពុងរំកិលខ្លួននៅលើដងវិថីហ្សាលដឺហ្គោល ហាក់មិនបានបង្ហាញថាពួកគេកំពុងរស់នៅក្នុងស្រុកទេសដែលមានច្បាប់ទម្លាប់នោះទេ។ ភ្លើងក្រហមហើយ នៅបន្តជិះទៅមុខយ៉ាងឥតសណ្ដាប់ធ្នាប់។ ខ្ញុំសង្ឃឹមថាពួកគេទាំងចាស់ទាំងក្មេង ដែលអាចជាមន្ត្រីរាជការនៅស្ថាប័នណាមួយ ឬអាចជានិស្សិតសាកលវិទ្យាល័យណាមួយ ឬហោចណាស់ជាអ្នកដែលមានចំណេះដឹងអាចយល់ថាភ្លើងក្រហមជាអ្វីនោះ មិនមែនជាបុគ្គលដែលខ្ញុំជួបនៅលើហ្វេសប៊ុកផ្សាយក្ដែងៗថាស្រុកខ្មែរគ្មានច្បាប់ទម្លាប់នោះទៅចុះ។ ខ្ញុំមិនគិតថា ទាល់តែអ្នកដទៃគោរពច្បាប់ចរាចរណ៍ ទើបខ្លួនឯងគោរពតាមនោះទេ។ មិនថាមនុស្សភាគច្រើននៅលើលោក មិនគោរពច្បាប់ចរាចរណ៍ក៏ដោយ ខ្ញុំនឹងធ្វើអ្វីដែលខ្ញុំគិតថាជាប្រយោជន៍ដល់ខ្លួនឯង និងអ្នកដទៃ។ ជួនឃើញយាយៗ ឬក្មេងតូចៗមិនហ៊ានឆ្លងផ្លូវទេ ព្រោះជនមិនគោរពច្បាប់ និងអាត្មានិយមមួយចំនួនប្រញាប់ដោយប្រពន្ធឆ្លងទន្លេ ឬភ្លើងឆេះផ្ទះក៏មិនដឹង បានជាតែ ២០វិនាទីសោះចាំមិនបាន។ មិនយូរទេ ភ្លើងខៀវក៏លោតឡើង ខ្ញុំក៏ឆ្លងពីធនាគារកាណាឌីយ៉ាទៅម្ខាងផ្លូវ ខណៈពេលដែលម៉ូតូឡានមួយចំនួនបើកទៅមុខលើគំនូសសដែលអាទិភាពត្រូវបានមកលើខ្ញុំជាអ្នកដំណើរ។ មនុស្សច្រើនណាស់ស្រែកថា ស្រុកទេសនេះធ្វើអ្វីៗរំលងសិទ្ធិមនុស្ស ឯខ្លួនឯងដែលរំលងសិទ្ធិដ៏តូចៗរបស់អ្នកដទៃដូចជាពេលនេះ ពួកគេមិនបានគិតនោះទេ។ ទម្លាប់បែបនេះ បើមានកូនឬបាវបម្រើមកជាមួយ គេនឹងធ្វើត្រាប់តាមឪពុក ឬចៅហ្វាយរបស់ខ្លួនឯងមិនខាន។ ខ្ញុំខំដើរគេចផង ប្រយ័ត្នផង (មិនចង់រអ៊ូរទេ តែវាជារឿងដែលគួរតែនិយាយ មិនអ៉ីចឹងឬ?) ស្រាប់តែម៉ូតូមួយនោះបើកយ៉ាងលឿនហួសភ្លើងស្ដុបក្រហម ហើយស្រាប់តែបន្ថយល្បឿន។ ម្ចាស់ម៉ូតូអោនមើលអ្វីម្យ៉ាងនៅលើផ្លូវ ហាក់ចង់ឈប់រើសបន្តិច ហាក់ចង់ទៅមុខបន្តិច រួចក៏ទៅមុខហួសបាត់ទៅ។ ខ្ញុំឆ្ងល់ដែរថាជាអ្វី ក៏ដើរបកមកក្រោយ ឆ្ពោះទៅជិតរបាំងពុះផ្លូវជាពីរនោះ ហើយក៏ឃើញសៀវភៅពណ៌ឈាមជ្រូកតូចមួយ។ មើលទៅជាលិខិតឆ្លងដែនទេតើ។ ខ្ញុំមិនបង្អង់យូរ ព្រោះភ្លើងស្ដុបជិតលោតភ្លើងខៀវវិញហើយ ក៏ប្រញាប់ដើរទៅម្ខាងផ្លូវ ព្រោះខ្លាចគេបុកស្លាប់ទាំងមិនទាន់ស្គាល់ជាតិព្រះមេ ហិហិ។

តាមធម្មតាខ្ញុំឃើញគេថតលិខិតឆ្លងដែន ដែលមានរូប និងលក្ខណៈសម្គាល់របស់ម្ចាស់សៀវភៅនៅលើហ្វេសប៊ុក។ ខ្ញុំគិតថាការធ្វើបែបនេះមិនត្រឹមត្រូវនោះទេ។ ព្រោះវាអាចជាមុខសញ្ញាសម្រាប់ជនខិលខូច អាចយកអត្តសញ្ញាណនោះទៅប្រើប្រាស់ក្នុងផ្លូវមិនល្អបាន។ មកដល់ផ្ទះខ្ញុំក៏បើកហ្វេសប៊ុក រួចវាយឈ្មោះដែលមានក្នុងលិខិតឆ្លងដែននោះ។ ម្ចាស់ឆ្លងដែនអាយុជិតហាប្លាយទៅហើយ រកឈ្មោះគាត់ក្នុងហ្វេសប៊ុកមិនឃើញ ខ្ញុំក៏វាយឈ្មោះអ្នកធានារបស់គាត់ដែលមានក្នុងលិខិតឆ្លងដែននោះដូចគ្នា ក៏ស្រាប់តែឃើញឈ្មោះនោះ។ បើកមើលហ្វេសប៊ុករបស់អ្នកធានានោះ ក៏ស្រាប់តែឃើញរូបរបស់ម្ចាស់លិខិតឆ្លងដែនឈរជិត ម្ចាស់ profile Facebook។ ប្រហែលពួកគាត់ជាប្ដីប្រពន្ធហើយ។ មិនបង្អង់យូរខ្ញុំក៏ផ្ញើ សារមួយទៅអុំស្រីម្ចាស់ហ្វេសប៊ុកនោះថា ខ្ញុំបានរើសបានលិខិតឆ្លងដែនឈ្មោះ (ក) ហើយសរសេរលេខទូរសព្ទខ្ញុំឲ្យគាត់ទាក់ទងទៀត។ ចាំមួយសន្ទុះមិនឃើញចម្លើយតប ខ្ញុំក៏ចុចចុះក្រោមអានអ្វីដែលប្រពន្ធគាត់សរសេរ ក៏ឃើញមាន post មួយដែលមាន tag មនុស្សបួននាក់ក្នុង post នោះ។ ខ្ញុំមើលទៅក៏ឃើញក្នុងចំណោមបួននាក់នោះ មានម្នាក់មានត្រកូលដូចពូម្ចាស់លិខិតឆ្លងដែន។ ខ្ញុំក៏សន្មត់ថា នេះប្រាកដជាកូនស្រីរបស់គាត់។ ខ្ញុំក៏ផ្ញើសារដដែលទៅកូនស្រីគាត់ (តាមស្មានគឺជាកូនស្រី)។ ប្រហែលមួយម៉ោងក្រោយមក ស្រាប់តែមានលេខប្លែកមួយទូរសព្ទមករកខ្ញុំ ហើយប្រាប់ថាគេជាកូនស្រីរបស់ម្ចាស់លិខិតឆ្លងដែន។ ខ្ញុំបានប្រាប់ឲ្យគាត់មកយកវាពីខ្ញុំនៅមុខធនាគារកាណាឌីយ៉ា។

ប្រហែល ២០នាទីក្រោយមក ខ្ញុំក៏បានជួបម្ចាស់លិខិតឆ្លងដែន ហើយប្រគល់វាទៅឲ្យម្ចាស់ដើមគេវិញ។ គាត់បានសួរខ្ញុំថា យកប៉ុន្មាន។ ខ្ញុំគិតថាសំនួរនេះ ហាក់មិនសមរម្យទាល់តែសោះ។ តែដោយខ្ញុំមិនមែនជាមនុស្សប្រកាន់ច្រើន ម្យ៉ាងអាចមកពីលើលោកនេះមានមនុស្សខ្លះ ឆ្លៀតឳកាសជំរិតទារប្រាក់ពីម្ចាស់របស់ ទើបបានគាត់វាយតម្លៃថា ខ្ញុំត្រូវការការតបស្នងទៅលើទង្វើបន្តិចបន្តួចនេះ។ ខ្ញុំប្រាប់គាត់ថាខ្ញុំអត់ត្រូវការអីទេ។ គាត់អរគុណខ្ញុំហើយ ក៏ចាកចេញទៅ។ អ្វីដែលខ្ញុំចង់បានគឺពាក្យ “អរគុណ” ប៉ុណ្ណឹងឯង ព្រោះវាមិនបានធ្វើឲ្យខ្ញុំខាតសាំង ខាតកម្លាំងអីច្រើននោះទេ។ គាត់មកយកជិតផ្ទះខ្ញុំស្រាប់។

ទង្វើតិចតួចនេះធ្វើឲ្យខ្ញុំសប្បាយចិត្ត។ ហិហិ!​ និយាយរួមទៅ អ្វីដែលខ្ញុំចង់ប្រាប់អ្នកអានគឺថា នែ​ គឺថា ការគោរពច្បាប់ចរាចរណ៍គឺកើតចេញពីបុគ្គលម្នាក់ៗ ការជួយគេជាទង្វើដែលធ្វើឲ្យយើងបានសប្បាយចិត្ត និងរកវិធីប្រគល់របស់ទៅម្ចាស់វត្ថុដោយស្រាវជ្រាវតាមដែលអាចធ្វើទៅបាន ដោយមិនបាច់ប្រកាសអត្តសញ្ញាណរបស់ម្ចាស់វត្ថុបើអាចធ្វើបាន។ ខ្ញុំគិតថាវាអាចពិបាក តែបើយើងអាចធ្វើបាន បញ្ជាក់ថាយើងអាចជាអ្នកសើុបអង្កេតដ៏ជំនាញម្នាក់ដែរ ហាហាហា។ អស់អីនិយាយហើយ ចាំមានរឿងអីល្អៗចាំប្រាប់អ្នកអានទៀតណា។ Have a good evening 🙂

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: