កាតព្វកិច្ចអ្នករាជការ

ប្រការ១១៖

          អ្នករាជការ ត្រូវមានកាតព្វកិច្ចប្រកាន់យកភាពថ្លៃថ្នូរ និងមានកិតិ្តយស។

អ្នករាជការទាំងអស់ ត្រូវបង្ហាញអោយឃើញថា ខ្លួនមានសមត្ថភាពក្នុងវិជ្ជាជីវៈជាដរាប ក្នុងការ ប្រតិបត្តិមុខងាររបស់ខ្លួន។​ អ្នករាជការទាំងអស់ ត្រូវទទួលខុសត្រូវអំពីកំហុសឆ្គងក្នុងវិជ្ជាជីវៈ រួមទាំង បទល្មើសដែលខ្លួនបានប្រព្រឹត្តក្នុងមុខងាររបស់ខ្លួន។

ប្រការ១២៖

អ្នករាជការ ត្រូវមកធ្វើការអោយបានទៀងទាត់ និងទាន់ពេលវេលាចំនួន ៥ថ្ងៃ ក្នុងមួយសប្តាហ៍ គឺពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ។

ក្នុងមួយថ្ងៃ អ្នករាជការត្រូវបំពេញការងារចំនួន​ ៨ម៉ោង គឺ​៖

-​​ព្រឹកពីម៉ោង ០៧:០០​ ដល់ម៉ោង ១១:៣០នាទី

-រសៀលពីម៉ោង ១៤:០០​ ដល់ម៉ោង ១៧:៣០នាទី

ប្រការ១៣៖

អ្នករាជការទាំងឡាយ មិនអាចអវត្តមានដោយគ្មានការអនុញ្ញាតច្បាប់ជាមុនពីប្រធានអង្គភាព​របស់​ខ្លួនតាមឋានានុក្រមបានឡើយ។

អ្នករាជការដែលសុំច្បាប់ឈប់ ត្រូវធ្វើពាក្យសុំជាលាយលក្ខណ៍អក្សរដោយត្រូវបញ្ជាក់ពីកាល​បរិចេ្ឆទ និងមូលហេតុនៃការសុំច្បាប់នេះ។ អ្នករាជការ ត្រូវចុះហត្ថលេខាលើពាក្យសុំដោយភ្ជាប់​សៀវភៅការងារមកជាមួយផង។

ពាក្យសុំ ត្រូវដាក់ជូនមកប្រធានអង្គភាពតាមឋានានុក្រមអោយបានយ៉ាងតិច ៣ថ្ងៃ​​ មុនថ្ងៃ កំណត់សុំឈប់ លើកលែងតែក្នុងករណីចាំបាច់បន្ទាន់ដោយចៃដន្យ។

ប្រការ១៤​៖

ប្រធានអង្គភាពតាមឋានានុក្រម ត្រូវពិនិត្យពាក្យសុំ និងសមេ្រច បើអាចសមេ្រចបាន។ ក្នុងករណី​ រយៈពេលសុំហួសពីសមត្ថកិច្ចរបស់ខ្លួន ប្រធានអង្គភាពនោះត្រូវផ្តល់យោបល់​ រួចបញ្ជូន តាមឋានានុក្រមសុំការសម្រេច។​ យោបល់តាមឋានានុក្រមនីមួយៗ ត្រូវបញ្ជាក់អោយបានច្បាស់ថា គួរអនុញ្ញាត ឬមិនគួរ ដោយបង្ហាញហេតុផល។

ប្រការ១៥៖

ប្រធានផែ្នកអាចអនុញ្ញាតច្បាប់ជាលាយលក្ខណ៍អក្សរអោយឈប់បាន​ ១ព្រឹក ឬ១ល្ងាច។

ប្រធានការិយាល័យអាចអនុញ្ញាតច្បាប់ជាលាយលក្ខណ៍អក្សរអោយឈប់បាន ១ថ្ងៃ។

ប្រធាននាយកដ្ឋាន និងប្រធានអង្គភាពចំណុះអគ្គនាយកដ្ឋានអាចអនុញ្ញាតច្បាប់ជាលាយ-លក្ខណ៍អក្សរអោយឈប់បាន ៣ថ្ងៃ។

នាយកខុទ្ទកាល័យថ្នាក់ដឹកនាំ អគ្គនាយក អគ្គាធិការអាចអនុញ្ញាតច្បាប់ជាលាយលក្ខណ៍អក្សរ អោយឈប់បាន​ ៥ថ្ងៃ។

ពាក្យសុំឈប់លើសពី ៥ថ្ងៃ ត្រូវសមេ្រចដោយអគ្គលេខាធិការ។

ប្រការ១៦៖

ពាក្យសុំឈប់ណាដែលបានការយល់ព្រមជាគោលការណ៍រួចរាល់ហើយ ត្រូវបញ្ជូនទៅនាយក-ដ្ឋានធនធានមនុស្ស ដើម្បីរក្សាទុកក្នុងសំណុំឯកសារផ្ទាល់ខ្លួន និងចុះចំណាំក្នុសៀវភៅការងារ។

ប្រការ១៧៖

ការអនុញ្ញាតអោយឈប់លើសពី ៥ថ្ងៃត្រូវមានលិខិតអនុញ្ញាតដែលចេញដោយថ្នាក់ដឹកនាំ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។​ នៅពេលបានឈប់គ្រប់ចំនួនហើយ សាមីខ្លួនត្រូវយកលិខិតនេះមក ប្រគល់អោយអ្នកគ្រប់គ្រងវិញ ដើម្បីកត់ត្រា និងបញ្ជូនតាមលំដាប់ទៅនាយកដ្ឋានធនធានមនុស្ស។

ប្រការ១៨៖

ក្នុងករណីមានធុរៈធ្ងន់ដោយចៃដន្យដែលមិនអាចមកសុំច្បាប់បាន អ្នកសុំច្បាប់ជំនួស​ ត្រូវចុះ ឈ្មោះ និងចុះហត្ថលេខាទទួលខុសត្រូវចំពោះមុខច្បាប់។

ប្រការ១៩៖

ការឈប់ដោយជូនដំណឹងតាមមធ្យោបាយណាក៏ដោយ ត្រូវចាត់ទុកថាឈប់មានដំណឹង។

អ្នករាជការដែលឈប់ដោយមានដំណឹង ត្រូវរាយការណ៍ជាលាយលក្ខណ៍អក្សរជូនអ្នកគ្រប់គ្រង ដោយបញ្ជាក់ពីមូលហេតុនៃការឈប់នោះ។ បើមូលហេតុនោះត្រឹមត្រូវ ការឈប់នោះត្រូវចាត់ទុកថា ឈប់ដោយមានច្បាប់អនុញ្ញាត។ របាយការណ៍ស្តីពីការឈប់នេះ ត្រូវបញ្ជូនទៅនាយកដ្ឋានធនធាន-មនុស្ស។

ប្រការ២០៖

ការិយាល័យនីមួយៗ ត្រូវមានបញ្ជីកត់ត្រាឈ្មោះអ្នកឈប់ កាលបរិច្ឆេទ និងមូលហេតុដែល ឈប់។

បញ្ជីនេះ ត្រូវបូកសរុបប្រចាំសប្តាហ៍ ហើយត្រូវផ្សព្វផ្សាយក្នុងការិយាល័យ។ អ្នករាជការមាន សិទ្ធិតវ៉ានឹងបញ្ជីនេះ។

ប្រការ២១៖

អ្នករាជការមានកាតព្វកិច្ចរ៉ាប់រងសេវារបស់ខ្លួន ស្របតាមតួនាទីភារកិច្ច ដោយគោរពតាម បែបបទការងារ និងតាមឋានានុក្រម។

អ្នករាជការ ត្រូវតែគោរពបញ្ជាថ្នាក់ដឹកនាំ ដែលបានចាត់អោយទៅបំរើការងារទាំងក្នុង និងក្រៅ ប្រទេស។

អ្នករាជការ ត្រូវតែទទួលខុសត្រូវ និងរ៉ាប់រងទាំងស្រុងចំពោះការអនុវត្តន៍ និងការបំពេញការងារ របស់ខ្លួនដែលថ្នាក់ដឹកនាំប្រគល់អោយ។

អ្នករាជការ ត្រូវតែប្រកាន់យកនូវអាកប្បកិរិយាសមរម្យចំពោះថ្នាក់ដឹកនាំ ក៏ដូចជាសុជីវធម៌ក្នុង ការរស់នៅ និងទំនាក់ទំនងល្អក្នុងការងារ។

ប្រការ២២៖

អ្នករាជការដែលជាសិក្ខាកាមនៃវគ្គបណ្តុះបណ្តាលជំនាញណាមួយ ​ត្រូវបំពេញកិច្ចសន្យាជា លាយលក្ខណ៍អក្សរ ទទួលយកការបណ្តុះបណ្តាល ដោយធានាគោរពអោយបាននូវវិន័យរបស់វគ្គ បទបញ្ជាផ្ទៃក្នុង និងច្បាប់ស្តីពីលក្ខន្តិកៈមន្រ្តីរាជការនៃក្រុមនីតិប្បញ្ញត្តិ។​ ក្នុងករណីគោរពមិនបាន អ្នករាជការនោះគ្មានសិទិ្ធទាមទារទៅរៀនវគ្គដទៃទៀតបានឡើយ។

ប្រការ២៣៖

អង្គភាពនីមួយៗ ត្រូវប្រជុំអោយបានទៀងទាត់ជារៀងរាល់ខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ និងធើ្វរបាយការណ៍ស្តីពីសកម្មភាពការងាររបស់ខ្លួន ជូនអគ្គលេខាធិការដ្ឋានអោយបានទៀងទាត់ តាមកាលកំណត់ និងចម្លងជូននាយកដ្ឋានព័ត៌មានដើម្បីបូកសរុប។

ប្រការ២៤៖

អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ត្រូវប្រជុំប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ ដើម្បីត្រួតពិនិត្យ លើកទិសដៅការងារបន្តតាមការចាំបាច់ និងភាពជាក់ស្តែង។​ អង្គភាពចំណុះ ត្រូវអញ្ជើញចូលរួមប្រជុំ អោយបានទៀងទាត់តាមការអញ្ជើញ។

ប្រការ២៥៖

ជារៀងរាល់ឆ្នាំនៅខែមករា អ្នករាជការទាំងអស់ដែលមានឈ្មោះក្នុងបញ្ជីពិនិត្យតម្លើងថ្នាក់ ត្រូវធ្វើព្រឹត្តិបត្រវាយតម្លៃលទ្ធផលការងារប្រចាំឆ្នាំ ដែលមានដាក់ពិន្ទុ​ និងចុះមូលវិចារណ៍ដោយប្រធាន អង្គភាពតាមឋានានុក្រម ហើយអ្នករាជការដែលជាលេខាធិការ ជំនួយការរបស់គណៈកម្មការនានា ត្រូវមានព្រឹត្តិបត្រពិន្ទុ និងមានចុះមូលវិចារណ៍ពីប្រធានគណៈកម្មការសាមី។

ការពិនិត្យតម្លើងថ្នាក់របស់អ្នករាជការ ត្រូវធ្វើឡើងដោយគណៈកម្មការមួយដែលតែងតាំងឡើង ដោយប្រធានព្រឹទ្ធសភា តាមសំណើរបស់អគ្គលេខាធិការព្រឹទ្ធសភា។

ប្រការ២៦៖

ការជ្រើសរើសអ្នករាជការចូលបំរើការងារនៅក្នុងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ត្រូវអនុវត្តតាម គំរោងផែនការប្រចាំឆ្នាំ និងត្រូវឆ្លងកាត់តាមការប្រឡងប្រជែង ដោយឈរលើគោលការណ៍គ្រឹះ​មិនរើសអើង មានតម្លាភាព និង យុត្តិធម៌។

បេក្ខជនទាំងពីរភេទ អាចប្រឡងប្រជែងបាន លុះត្រាតែបេក្ខជននោះបានបំពេញនូវលក្ខខណ្ឌ ដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ស្តីពីលក្ខន្តិកៈមន្រ្តីរាជការនៃក្រុមនីតិប្បញ្ញត្តិ និងស្របទៅតាម គោលនយោបាយស្តីពីការជ្រើសរើសអ្នករាជការអោយចូលធ្វើការ។

ប្រការ២៧៖

មុននឹងតាំងស៊ប់ក្នុងក្របខ័ណ្ឌណាមួយ បេក្ខជនដែលប្រឡងជាប់ ត្រូវធ្វើកម្មសិក្សារយៈពេល ១២ខែ ចំពោះបេក្ខជនជានិស្សិត។

ចំពោះអ្នករាជការក្របខ័ណ្ឌចាស់ដែលបានប្រឡងជាប់ចូលក្នុងក្របខ័ណ្ឌខ្ពស់ជាង ត្រូវអនុវត្ត​តាមវាក្យខ័ណ្ឌទី៣ នៃមាត្រា២៣ នៃច្បាប់ស្តីពីលក្ខន្តិកៈមន្រ្តីរាជការនៃក្រុមនីតិប្បញ្ញត្តិ។

ក្នុងករណីសាមីជនខកខានពុំបានមកធ្វើកម្មសិក្សាសរុប ៣០ថ្ងៃ សាមីជនត្រូវបន្តធ្វើកម្មសិក្សា ជាលើកទី២ ដែលមានរយៈពេលស្មើនឹងលើកទី១ដែរ។

ប្រការ២៨៖

ការតែងតាំងអ្នករាជការអោយកាន់មុខតំណែងណាមួយ ត្រូវតែផ្អែកតាមអង្គការលេខនៃរចនា-សម្ព័ន្ធរបស់អគ្គលេខាធិការដ្ឋានដែលមានកន្លែងទំនេរ។

ប្រការ២៩៖

អ្នករាជការ ត្រូវមានអព្យាក្រឹតភាពក្នុងសកម្មភាពការងារ និងហាមឃាត់ដាច់ខាតនូវការប្រើ-ប្រាស់មុខងាររបស់ខ្លួន និងសម្ភាររបស់រដ្ឋ ដើម្បីបំរើសកម្មភាពនយោបាយ ដូចខាងក្រោម៖

១-ធ្វើការដើម្បីបំរើផលប្រយោជន៍បេក្ខជននយោបាយ ឬប្រឆាំងនឹងបេក្ខជននយោបាយណាមួយ

២-ធ្វើការដើម្បីផលប្រយោជន៍គណបក្សនយោបាយ ឬប្រឆាំងនឹងគណបក្សនយោបាយណា

មួយ។ ការប្រព្រឹត្តផ្ទុយនឹងប្រការនេះ ចាត់ទុកជាកំហុសឆ្គងក្នុងវិជ្ជាជីវៈ។

ប្រការ៣០៖

អ្នករាជការ ត្រូវមានកាតព្វកិច្ចគោរពលក្ខណ៍ការណ៍នៃការងារ ដោយមិនធើ្វអោយប៉ះពាល់ដល់ កិតិ្តយសរបស់បុគ្គល ឬស្ថាប័ន និងត្រូវគោរពការសម្ងាត់វិជ្ជាជីវៈ ដោយមិនត្រូវធ្វើបទសម្ភាសន៍ មិនត្រូវ ធ្វើអោយបែកធ្លាយចេញទៅក្រៅនូវរាល់ហេតុការណ៍ គ្រប់ព័ត៌មាន ឬឯកសារទាំងឡាយណាដែលខ្លួន បានដឹងឮនៅក្នុងការងារ ដោយគ្មានការអនុញ្ញាតពីថ្នាក់ដឹកនាំ។

ប្រការ៣១៖

អង្គភាពនីមួយៗ ត្រូវរក្សាបរិយាកាសស្និទ្ធស្នាលក្នុងការងារ មិនមានទំនាស់ និងធានារក្សាចរន្ត ការងារផ្ទៃក្នុងជាប្រក្រតី។

ក្នុងករណីមានទំនាស់កើតឡើងនៅក្នុងអង្គភាពណាមួយនោះ ប្រធានអង្គភាពនោះត្រូវទទួល បន្ទុកដោះស្រាយអោយបានទាន់ពេលវេលា។

បើការដោះស្រាយលើកទី១ និងលើកទី២ ពុំទទួលបានលទ្ធផល ត្រូវសុំយោបល់ពីថ្នាក់ដឹកនាំ តាមឋានានុក្រម។

ក្នុងករណីដោះស្រាយលើកទី៣នៅតែពុំទទួលបានលទ្ធផលទៀត ប្រធានអង្គភាពនោះ ត្រូវតែ បញ្ជូនសំណុំរឿងទៅថ្នាក់ដឹកនាំតាមឋានានុក្រមដើម្បីដោះស្រាយ។

ក្នុងករណីទំនាស់កើតឡើងឆ្លងអង្គភាព ប្រធានអង្គភាពដែលពាក់ព័ន្ធ ត្រូវជួបគ្នារកដំណោះ-ស្រាយអោយបានឆាប់រហ័សតាមការដែលអាចធ្វើទៅបាន។

បើការដោះស្រាយលើកទី១​ លើកទី២ និងលើកទី៣ មិនអាចផ្សះផ្សាបាន ត្រូវបញ្ជូនសំណុំ-រឿងទៅថ្នាក់ដឹកនាំតាមឋានានុក្រម ដើម្បីដោះស្រាយ។

នីតិវិធីដោះស្រាយនេះ ត្រូវអនុវត្តនៅគ្រប់ថ្នាក់នៃឋានានុក្រម។

ប្រភពអត្ថបទ៖ ចុចទីនេះ

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: