រឿង ប្រាសាទបន្ទាយឆ្មារ

 
                ប្រាសាទបន្ទាយឆ្មារ ស្ថិតនៅក្នុងឃុំបន្ទាយឆ្មារ ខេត្តបាត់ដំបង នៅចំងាយផ្លូវប្រមាណ ១២០គម ទិសខាងជើង នៃក្រុងបាត់ដំបង ។ ពីដើមមក តំបន់នេះស្ថិតនៅក្នុងអាថ៌កំបាំងណាស់ ព្រោះផ្លូវទៅមកជាផ្លូវរទេះ រថយន្តពុំអាច ធ្វើដំណើរបានឡើយ មានតែអ្នកស្រាវជ្រាវខ្លះៗដែលខិតខំតស៊ូ ធ្វើដំណើរឱ្យបានទៅដល់ទីនោះ តែទៅបានដោយ លំបាក គឺត្រូវប្រើរទេះគោ ឬរទេះសេះ ។ នៅគ្រាសព្វថ្ងៃទីតំបន់នេះ ក៏បានពង្រីកមុខមាត់ស្រស់បស់ដែរ ក្រោមការ រៀបចំនៃរាជរដ្ឋាភិបាលសង្គមរាស្ត្រនិយម ដែលមានសមេឪទ្រង់ដឹកនាំ  គឺរាជការបានចែកតំបន់នេះជាស្រុកមួយ ហៅថាស្រុកបន្ទាយឆ្មារ ដែលពី ដើមនៅជាឃុំតូច ស្ថិតនៅដាច់ស្រយាល ។ ទីកន្លែងនេះរាប់បានថាជាភូមិភាគព្រៃភ្នំ ព្រោះនៅចំងាយតែ២៥គម ប៉ុណ្ណោះពីជើងភ្នំដងរែក ។ ការស្រាវជ្រាវរកប្រវត្តិពង្សាវតា និងរឿងព្រេងដែលទាក់ទង និងរឿងព្រេងដោយប្រាសាទបុរាណនេះ ឃើញទៅមានដាច់ដោច តាមសាស្ត្រាស្លឹករិតខ្លះ តាមមាត់អ្នកស្រុកខ្លះ។
 
យើងលើកយកមកពោលនៅទីនេះ តាមឯកសារក្រុមជំនុំទំនៀមទំលាប់ដែលសមាជិក ខេត្តក្រៅសរសេរមកខ្លះ តាម សាស្ត្រាស្លឹករិត នៅវត្តថ្មពួកខ្លះ និងតាមសាស្ត្រាបុរាណ រឿងព្រះបាទយសកេរ ដែលមានតំកល់នៅបណ្ណាល័យ ពុទ្ធសាសនបណ្ឌិតខ្លះ ល្មមឱ្យប្រមូលសេចក្តីបានដូចតទៅនេះៈ មានសេចក្តីនិទានថា ការពីអង្វែងព្រេងនាយឆ្ងាយមក ហើយ មានក្សត្រមួយព្រះអង្គគ្រងរាជនៅចម្បាកបុរី (ត្រង់ បន្ទាយឆ្មារសព្វថ្ងៃនេះ ) មានព្រះនាមថាព្រះបាទ “យសកេរ “។ ព្រះអង្គមានព្រះទ័យសណ្តោសមេត្តាណាស់ នគរជិតខាងក៏ព្រះអង្គមិនដែលទ្រង់មានហេតុអ្វីជាមួយ ឡើយ ។ ្របជានុរាស្ត្ររបស់ព្រះអង្គក៏ក្សេមក្សាន្តសន្តិភាពយ៉ាងរៀបរយ ។ ព្រះកេតនាមដ៏ខ្ពង់ខ្ពស់នេះ បានលេចឮ ដំណឹងទៅដល់ព្រះរាជាមួយព្រះអង្គទៀត ព្រះនាមព្រះបាទ ហ៊ូលូ ដែលគ្រងរាជប្រាសាទពៅ នាំឱ្យចង់រំលោភអំណាច មកលើដែនចម្ប៉ាកបុរី ទើបថ្លែងសារមួយទាយករាជសម្បត្តិពីព្រះបាទយសកេរ ។ ដោយព្រះអង្គសព្វព្រះទ័យ តែនិង ការស្ងប់សន្តិភាព ព្រះបាទយសកេរទ្រង់ពុំព្រមតសង្គ្រាមទេ ភៀសព្រះកាយចេញពីព្រះរាជវាំងឱ្យផុតកុំឱ្យកើតសឹក សង្គ្រាមបាន ព្រោះនាំឱ្យលំបាកដល់ប្រជាពលរដ្ឋព្រះអង្គ ។ ដូច្នេះចាប់តាំងពីពេលនោះមក បន្ទាយឆ្មារ ក្នុងដែនចម្ប៉ា កបុរីត្រូវស្ថិតក្នុងការឃុំគ្រង នៃព្រះបាទហ៊ូលូ រហូតមក។ លុះពេលជាចំណេរតមកព្រះបាទហ៊ូលូ មានបំណងចង់ពង្រីក ទឹកដីថែមទៀតផង និងខ្លាចក្រែងព្រះមហា ក្សត្រអង្គមុនមកដណ្តើមយកស្រុកវិញផង ព្រះអង្គក៏ប្រកាសដល់មហាជន ថា ឥឡូវនេះព្រះបាទយសកេរប្រុង និងករទ័ពលើកមកវាយព្រះអង្គវិញហើយ ហេតុនេះ បើនរណាមួយអាចយកការ ឱ្យច្បាស់ពីទីកន្លែង ព្រះបាទយស កេរបានព្រះអង្គនឹងប្រទានមាស១ពាន់តម្លឹង ។ ពេលនោះមានពួកព្រានដែលដើរ បាញ់តាមព្រៃឆ្ងាយៗ ក៏ទៅលបមើលឃើញព្រះបាទយសកេរ ជាមួយព្រះនាងបុទុមជាអគ្គមហេសី និងរាជកុមារវិបុល កេរ ទ្រង់គង់នៅប្រាសាទតាមាន់ ដែលស្ថិតនៅលើខ្នងភ្នំដងរែក ។ ដោយ សារចង់បានរង្វាន់ជាមាស១ពាន់តម្លឹងនោះ ពួកព្រានកំណាចលបចាប់យកព្រះបាទយសកេរ នៅពេលដែល ព្រះអង្គគង់ស្មឹងស្មាធិ៍ធ្វើសមាធិ តែមួយអង្គឯងនៅក្នុង ព្រៃស្ងាត់នាំយកទៅថ្វាយព្រះបាទហ៊ូលូដើម្បីបើកយករង្វាន់ ។ ពេលនោះព្រះបាទហ៊ូលូក៏ទ្រង់ត្រាសបញ្ជាឱ្យពេជ្រឃាត នាំយកព្រះអង្គទៅដាក់ទោសយ៉ាងទំងន់ ។ នឹងថ្លែងពីព្រះនាងបុទុម និងព្រះរាជបុត្រាវិញម្តង ។ ព្រះនាមសោយសោក សង្រេងដោយបាត់ស្វាមី ហើយថែមទាំងបានទទួលដំណឹងថា ព្រះបាទហ៊ូលូកំពុងតែដាក់ក្តីជាទំងន់ថែមទៀត។
 
ព្រះនាង រក្សាបុត្រាបណ្តូលហរទ័យ នៅក្នុងព្រៃអស់ពេលវេលាយ៉ាងយូរ ។ រហូតដល់ព្រះរាជបុត្រាមានព្រះជន្ម១២វស្សា ។ ព្រះរាជកុមារដេញ ដោយពីរឿងរ៉ាវនៃព្រះបិតា ឯព្រះនាងបុទុមជាមាតាក៏រ៉ាយរ៉ាប់សព្វគ្រប់ប្រទានបុត្រស្តាប់ ។ តាំងពីជ្រាបរឿង ហេតុនេះពិតមក ព្រះកុមារស្រីវិបុលកេរ តែងតែនឹករលឹកព្រះបិតា ចង់តែសងសឹកឱ្យឃើញ ទាន់ហន់តាមកំហឹង តែព្រះមាតាចេះតែព្រមានរំលឹកដាស់តឿន ឱ្យបំភ្លេចរឿងនេះចោលទៅ ព្រោះយើងអត់គ្នីគ្នា នៅក្នុងព្រៃដូចនេះ គ្មានសង្ឃឹមបានវិលត្រលប់ទៅកាន់ស្រុករកខុសត្រូវវិញបានឡើយ ។ ទោះបីព្រះមាតាឃាំងឃាត់ យ៉ាងណាក្តី ព្រះរាជកុមារនៅតែពុំសុខព្រះទ័យឡើយ ។ ពេលមួយព្រះអង្គលាព្រះមាតា ទៅស្វែងសព្វទិសទីរកស៊ើប ដំណឹង ព្រះបិតា ។ ការស្វែងនេះបានប្រព្រឹត្តិទៅអស់ពេលដ៏យូរ ស្រាប់តែទៅប្រទះឃើញនៅត្រង់ចន្លោះនៃបន្ទាយឆ្មារ នូវក្បួនហែរអ្នកទោសទៅសំលាប់ ព្រះរាជកុមារក្រឡេកទៅស្គាល់អ្នកទោសនេះជាក់ជាបិតាព្រះអង្គ ទ្រង់ក៏ជែក ពពួកហ្វូងមនុស្សទៅដល់ទីចំពោះព្រះភ័ក្តនៃព្រះបាទហ៊ូលូ ដែលកំពង់តែគង់ទតក្បួននេះដែរ ព្រះរាជកុមារមានព្រះ បន្ទូលខ្លាំងៗថាៈ -អ្នកទោសនេះជាបិតាខ្ញុំ លោកគ្មានទោសខុសអ្វីទេ ។ ការដែលបញ្ជូនទៅសំលាប់នេះ គ្មានហេតុផល អ្វីជាសំអាងឡើយ ដូច្នេះសូមឱ្យលែងភ្លាម បើចង់សំលាប់ណាស់ ខ្ញុំស៊ូឱ្យសំលាប់ខ្លួនខ្ញុំជំនួសវិញ ! ព្រះបាទហ៊ូលូទ្រង់ បានឮហើយក៏ភ្ញាក់យ៉ាងខ្លាំង ហើយត្រាស់សួរទៅវិញថា ៖ -អ្នកឯងមកពីណា? បានជាហ៊ានមកនិយាយយ៉ាងនេះ ? យើងនឹងឱ្យសំលាប់ចោលក្នុងរឿណរង្គឥឡូវនេះ ។
រាជកុមារតបភ្លាមថា ៖ -ខ្ញុំជារាជបុត្រនៃព្រះបាទយសកេរគឺអ្នក ទោសនេះឯង ខ្ញុំមិនខ្លាចស្លាប់ដោយសារអយុត្តិធម៌ដូច្នេះទេ ខ្ញុំហ៊ាន ស្លាប់ជំនួសបិតាខ្ញុំ ។
ព្រះបាទហ៊ូលូ ទ្រង់ត្រាស់ទៀតថាៈ -កុមារក្លាហាន នេះពិតជាឪពុកអ្នកឬ ? បើដូច្នេះអ្នកចូលមក យើងនិងដាក់ក្តីលើរូបអ្នកវិញ ។
រាជកុមារក្លាហាន ក៏យាងចូលទៅទទួលទោស ជំនួសព្រះបិតាមួយរំពេជ ។ ពេលនោះព្រះបាទហ៊ូលូ ត្រាស់បញ្ជា ឱ្យពេជ្រឃាតប្រហាររាជកុមារ នៅចំពោះមុខបណ្តាជនដែលកំពុងតែមកអ៊ូអរ ដើម្បីទុកជាបំរាមដល់ជនទូទៅ ។
អ្នកស្រុកដែលឈរមើលទាំងប៉ុន្មាន សឹងផ្អើលឈរឆរដោយសារហេតុការចំលែកនេះ ។ ភ័យរន្ធត់នឹកអាសូរ រាជកុមារ ខ្លះស្ញប់ស្ញែងនិងទឹកចិត្តក្លាហានរបស់រាជកុមារនេះ។ ដោយអនុភាពកតញ្ញូតាធម៌របស់ព្រះអង្គចំពោះអ្នកដ៏មានគុណ ដាវដ៏មុតរបស់ពេជ្រឃាតប្រែត្រលប់ជាមូរមុខអស់រលីង ជាហេតុអស្ចារ្យណាស់ ។ ព្រះបាទហ៊ូលូ ទ្រង់ពិរោធយ៉ាងខ្លាំង ស្រែកសន្ធប់ឱ្យពេជ្រឃាតដូរដាវខ្មូរមុខ នោះចេញយកដាវសំលៀងមុត ចូលកាប់ម្តងទៀត។ ជាច្រើនលើកច្រើនគ្រាហ៍ ដាវនៅតែមូរមុខ ពុំបានមុតដល់សាច់កុមារសូម្បីតែបន្តិចឡើយ ។ ឃើញថាចាញ់ចេះហើយ ព្រះបាទហ៊ូលូឱ្យពេជ្រឃាត ករភ្នក់ភ្លើងយ៉ាងសន្ធោសន្ធៅហើយចាប់រាជកុមារ បោះទៅកណ្តាលភ្នក់ភ្លើងនោះ ប៉ុន្តែឥតប្រយោជន៍ទៀត ភ្លើងប្រែជា ត្រជាក់ល្ហឹម ឥតមានសៅហ្មងដល់សាច់ឈាមព្រះអង្គកុមារបន្តិចឡើយ។ រាជកុមារទ្រង់ក្រោកចេញពីភ្នក់ភ្លើងដោយ ព្រះភ័ក្រញញឹមប្រឹមប្រិយ ឆ្ពោះទៅរកព្រះបាទហ៊ូលូ និងអាណាប្រជានុរាស្ត្រទាំងអស់។ ធ្វើប៉ុណ្ណេះហើយ ក៏ពុំទាន់ អស់ព្រះទ័យទៀត ព្រះបាទហ៊ូលូត្រាស់បញ្ជាឱ្យអាមាត្រ នាំយកដំរីចំបាំង ដែលកាចសាហាវមួយហ្វូង នាំមកឱ្យព្រេច ព្រះរាជកុមារទៀត ។ ពួកហ្មរបានបំផាយហ្វូងដំរីយ៉ាងលឿនស្លៅចូលតំរង់ព្រះរាជកុមារ តែអស្ចារ្យណាស់ ហ្វូងដំរី ទាំងអស់លុយជង្គង់ស្មើគ្នានៅចំងាយ២ជំហានពីមុខព្រះរាជកុមារ ។ មិនតែប៉ុណ្ណោះ ដំរីច្បងនៅមុខគេបានលើកត្រកង ព្រះអង្គយ៉ាងថ្នមៗ ដាក់លើក្បាលខ្លួនថែមទៀត ។ ពេលនោះអ្នកស្រុកទាំងអស់ ផ្អើលឆោឡោ ចូលទៅចោមរោម ព្រះរាជកុមារ ថ្វាយវរវនាគ្រប់ៗគ្នា ។ ឃើញមហិទ្ធិរិទ្ធព្រះរាជកុមារដូច្នោះ ព្រះបាទហ៊ូលូលួចភៀសព្រះកាយព្រះអង្គ ចេញបាត់ពីហ្វូងមនុស្សដែលកំពុងតែជ្រួលច្របល់ ។ ម៉្លោះហើយនៅពេលដែលអ្នកផងរួចពីការជ្រួលជ្រើមវិញស្រាប់តែ រកស្តេចហ៊ូលូមិនឃើញសោះក៏យល់ឃើញថាព្រះអង្គភៀសចេញបំបាត់ដាន ដោយខ្លាចឬទ្ធីបារមីព្រះរាជកុមារវិបុលកេរ ដែលឃើញជាក់ស្តែងអស្ចារ្យយ៉ាងនេះ ។ បន្ទាប់មកព្រះរាជកុមារវិបុលកេរ បាននាំព្រះបិតា គង់លើព្រះទីនាំងគជេន្ទ្រ យាងដំណើរទៅដល់ប្រាសាទតាមាន់លើភ្នំដងរែក រួបរួមសុខទុក្ខជាមួយព្រះនាងបុទុមយ៉ាងសុខសាន្តទៅ ។ ប៉ុន្តែមិន យូរប៉ុន្មាន ដោយសារគ្រាំគ្រា ក្នុងទារុណកម្មផង ព្រះបាទយសកេរជាបិតា ក៏សុគតនៅទីនោះ ។ នៅពេលបន្ទាប់មក ព្រះរាជកុមារ រៀបចំថ្វាយព្រះភ្លើងបញ្ចុះព្រះធាតុយ៉ាងស្រួលបួលនៅទីនោះឯង ។
 
នៅពេលបន្ទាប់មកទៀត អ្នកស្រុក បន្ទាយឆ្មារមាននាម៉ឺនសព្វមុខមន្ត្រីជាអាទិ៍ បាននាំគ្នារៀបចំក្បួនទៅដង្ហែព្រះរាជកុមារវិបុលកេរ នាំមកអភិសេកជា ក្សត្រពេញយសនៅវាំងបន្ទាយឆ្មារ ឯព្រះនាងបុទុមក៏រស់នៅយ៉ាងសុខសាន្តជាមួយព្រះរាជបុត្ររហូតតទៅ ។ រឿង ព្រេងនេះប្រហែលគ្នានឹងរឿងព្រេង នៅភ្នំស្រីវិបុលកេរ្តិ៍នៅខេត្តសៀមរាប ប្លែកតែខាងចុងដែលរឿងភ្នំស្រីវិបុលកេរ្តិ៍ នៅសៀមរាបថាព្រះរាជកុមារនេះ និងព្រះមាតាសុគតទៅវិញ ។ ប៉ុន្តែបើដេញដោលឱ្យឆ្ងាយ ទៅទៀតគេឃើញរឿង នេះមានក្នុងគម្ពីរ ”បញ្ញាសជាតក” ដែលជាគម្ពីរបាលីតែង្រសុកអាយ នៅជ្រោយសុវណ្ណភូមិយើងនេះ ។ ដូច្នេះអ្នក ស្រាវជ្រាវអាចយល់បាន២ផ្លូវថាៈ ទី១-ទំនងជាអ្នកស្រុកខ្មែរយើងបានឃើញរឿងនេះ មាននៅក្នុងគម្ពីរ បញ្ញាសជាតក រួចហើយ ទើបគេស្រង់មកតំណាលជាប់និងទីភ្នំនេះទៅ ។
 
ទី២-ប្រហែលជាមានរឿងព្រេងបុរាណនេះជាប់ដិតដោយ និងភ្នំនេះ ភ្នំនោះ  រួចមកហើយទើបអ្នកប្រាជ្ញចេះ ភាសាបាលី នាំយកទៅតែងបញ្ចូលក្នុង បញ្ញាសជាតកជាក្រោយ ។
មតិទាំងពីរនេះសមច្រើនដែរ ព្រោះមានរឿងព្រេងប្រចាំភ្នំភូមិស្រុកយើងច្រើនណាស់ ដែលក្លាយទៅជារឿងក្នុងបញ្ញា សជាតក ដូចជារឿងវរវង្សសូរវង្ស “ជួរភ្នំគីរីរម្យសព្វថ្ងៃ” ភ្នំកង្រី “នៅកំពង់ឆ្នាំង”ជាដើម ។ ចំពោះពាក្យថាបន្ទាយឆ្មារ “នេះវិញក៏នាំឱ្យមានការដេញដោលសន្ធឹកណាស់ដែរ ។ តាមការយល់របស់អ្នកស្រាវជ្រាវខ្លះថា បន្ទាយឆ្មារនេះមាន ន័យថា “បន្ទាយតូច” រឺ “វាំងតូច” ផ្ទុយអំពីបន្ទាយធំ រឺ អង្គរធំ ។ មតិនេះ ឃើញថាសមហេតុផលដែរព្រោះតាម ប្រវត្តិសាស្ត្រ ក៏យើងឃើញមានបន្ទាយធំដែលជារាជធានីហៅថា “មហានគរ” ប្រែថាក្រុមធំ។ ដូច្នេះការបើមានបង្កើត ក្រុងមួយទៀតដ៏តូចល្មម រឺ ជារាជធានីតូចដែលសំរាប់ស្តេចអនុរាជ រឺ ស្តេចត្រាញ់ដែលគង់នៅ ក៏អ្នកស្រុកអាចសំគាល់ ហៅទីនោះថា ក្រុងតូច រឺ បន្ទាយតូច រឺ បន្ទាយឆ្មារ ដូច្នេះក៏បានដែរ ។ កន្លែងនេះពិតជាមានទីក្រុងចាស់ប្រាកដមែន ដូចជាការស្រាវជ្រាវរបស់លោកហ្គុលលីយ៉េ សរសេរថា មានទីប្រជុំជនមួយឈ្មោះ ក្បាលអន្សោង នៅចំងាយ២ គីឡូម៉ែត្រ ពីទីនេះ ធ្លាប់មានមនុស្សមករស់នៅដល់ទៅ ប្រមាណជាង២សែននាក់ សុទ្ធតែជាពួកអ្នកមានមុខងារ មកកសាងប្រាសាទពីជំនាន់នោះ។ ប៉ុន្តែដោយចំណេរតមកនៅតំបន់នោះមានទឹកជំនន់ជន់លិច មានកើតជំងឺដង្កាត់ច្រើន ពួកអ្នកស្រុកទាំងនេះ ក៏រត់ទៅនៅឯទីឆ្ងាយពីនេះបន្តិចតទៅវិញ ដែលល្មមរស់នៅបានស្រួល គឺទីភូមិស្រុកសុរិន្ទសព្វថ្ងៃ នេះ។ ហេតុនេះហើយបានជាសុរិន្ទឡើងទៅជាទីប្រជុំជនសំខាន់មួយតាំងពីគ្រានោះមក ។ មិនតែប៉ុណ្ណោះតាមយោបល់ លោក អៃ ម៉ូនិយ៉េ ថាមកដល់ឆ្នាំ៨៨៤ ដែលខេត្តសូរិន្ទបានទៅសៀមហើយ ក៏ចៅហ្វាយខេត្តនេះនៅតែមានងារថា ពញាសូរិន្ទភក្តីឆី នគរបន្ទាយសេមា យោបល់នេះក៏បញ្ជាក់បន្ថែមទៀតថា ពួកអ្នកស្រុកសូរិន្ទ មានដើមកំណើតពីបន្ទាយ ឆ្មារនេះមែន។ តាមការស្រាវជ្រាវរបស់លោក សឺដេស បានបញ្ជាក់ថា ប្រាសាទបន្ទាយឆ្មារកសាងឡើង ក្នុងរជ្ជការព្រះ បាទជ័យវរ្ម័នទី៧ គឺព្រះអង្គសាងឧទ្ទិសចំពោះវិញ្ញាណខណ្ឌនៃព្រះរាជបុត្រាព្រះអង្គ ព្រះនាមស្រីន្ទកុមារ ព្រះទាំងមិត្ត រួមអាវុធរបស់ព្រះអង្គ៤នាក់ទៀត ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងសមរភូមិ នៅគ្រាហ៍ប្រយុទ្ធជាមួយកងទ័ពចំប៉ា ដែលចូលមករុករាន ។ តែបើតាមឯកសារផ្សេងៗទៀតថា ព្រះបាទជ័យវរ្ម័នទី២ បានសាងក្នុងដើមសតវត្សទី៩ ។
ដូច្នេះសរុបសេចក្តីទៅតាមរឿងព្រេងក្តី សិលាចារិកក្តី ក៏បង្ហាញបញ្ជាក់ថា ទីប្រាសាទបន្ទាយឆ្មារនេះ ជាទីប្រជុំជនចាស់ ក្នុងសម័យអង្គរ ល្មមសមគួរតាមពាក្យអ្នកស្រុក ហៅថាទំលាប់ពាក្យជាន់នោះមកថា “បន្ទាយឆ្មារ” ដែលមានន័យថា វាំងតូច ។ រីឯរឿងព្រេងបន្ថែមលើរឿងរ៉ាវវែង ដូចបានរៀបរាប់មកខាងលើនេះ គ្រាន់តែជាការប្រឌិតយកទីកន្លែងទៅ ភ្ជាប់ជាមួយអក្សរសាស្ត្រឱ្យមានន័យពិរោះពិសារតែប៉ុណ្ណោះ ។
 
ដក​ស្រង់​ពី​សៀវភៅ​រឿង​ព្រេង​ខ្មែរ

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: