រឿង ភ្នំនាងកង្រី

 
                នៅឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានភ្នំមួយខ្ពស់ជាងគេ មើលពីចំងាយទៅឃើញដូចមនុស្សដេក ផ្កាប់មុខសណ្តូកខ្លួន ។ នៅលើភ្នំនោះមានរុក្ខជាតិតូចធំដុះជាច្រើន ដូចភ្នំឯទៀតនៅជុំវិញនោះដែរ  តែប្លែកជាងគេ នៅត្រង់ចង្កេះភ្នំនោះ មានម្អមដុះច្រើនណែនតាន់តាប់ អ្នកស្រុកនៅជុំវិញនោះ គេមិនបរិភោគម្អមនោះទេ ព្រោះគេឮ ចាស់ៗ ដំណាលថាម្អមនោះកើតពីរោមនាងកង្រីយក្ខិនី ជាមហេសីព្រះពុទ្ធិសែន ហើយគេសន្មត់ថា ម្អមនោះជារោម យោនីនៃនាងកង្រីនោះឯង ។ មិនតែប៉ុណ្ណោះនៅលើជើងភ្នំនោះ មានត្បាល់ថ្មមួយធំ តាំងពីបុរាណមកមិនដឹងជានរណា សាងទេ ។ ពួកជនអ្នកឡើងដល់ទីនោះ លុះតែយកអង្រែថ្មបុកត្បាល់ថ្មនោះ ទើបមិនគ្រុនចាញ់ ហើយនិងបានសុខ សប្បាយ (នេះជាជំនឿរបស់អ្នកស្រុក ដែលមានតាំងពីបុរាណកាល) ។ រឿងនាងកង្រីមានសេចក្តីសង្ខេបដូចតទៅនេះ
កាលពីព្រេងនាយមានសេដ្ឋីម្នាក់នៅនគរមួយ ជាមនុស្សឥតកូនបាននាំប្រពន្ធទៅបន់សុំកូននៅដើមជ្រៃមួយ ។ ក្រោយ ពីបន់ប្រពន្ធក៏មានកូនដល់ទៅ១២នាក់ សុទ្ធតែស្រី។ លុះបានកូនហើយ សេដ្ឋីធ្លាក់ខ្លួនជាអ្នកទ័លក្រ រកអាហារចិញ្ចឹម កូនគ្មានក៏បរទេសដឹកកូនទាំង១២នាក់ ទៅប្រោសចោលក្នុងព្រៃជ្រៅមួយ ។ ក្រោយពីឪពុកប្រោសចោលកូនទាំង ១២ នាក់ក៏នាំគ្នាដើរទៅក្នុងព្រៃដល់នគរមួយ ជានគរយក្សស្រីឈ្មោះនាងសន្ធមារ ។ យក្សស្រីនោះមានកូនស្រីមួយឈ្មោះ នាងកង្រី ។ នាងសន្ធមាបានឃើញនាងទាំង១២នាក់ ក៏តំណែងខ្លួនជាមនុស្សស្រី នាំយកនាងទាំងនោះទៅទុកក្នុង ប្រាសាទរបស់ខ្លួនឱ្យបំរើនាងកង្រីជាកូន។ កាលនាងទាំង១២នាក់ដឹងថា នគរនោះជានគរយក្ស នាងសន្ធមាជាយក្ខិនី ហើយក៏នាំគ្នារត់ចេញ។ នាងសន្ធមារ បានតាមរកទៅឃើញ នាងទាំង១២ជាមហេសីព្រះបាទរថសិទ្ធិ នៅនគរមនុស្ស ក៏តំណែងខ្លួនជាស្រីក្រមុំបានធ្វើជា មហេសីព្រះបាទរថសិទ្ធិនោះដែរ ហើយនាងសន្ធមារធ្វើពុទ្ធជាឈឺធ្ងន់ ញុះញង់ពេទ្យ ឱ្យទូលព្រះបាទរថសិទ្ធិ ឱ្យឆ្កៀលភ្នែកនាងទាំង១២ មកធ្វើជាថ្នាំព្យាបាលរោគខ្លួន និងឱ្យយកនាងទាំង១២នាក់ដែល មានគភ៌គ្រប់គ្នាទៅទុកក្នុងរណ្តៅ មួយជាមួយគ្នាបង្អត់អាហារ ហើយអោយយកគ្រាប់ភ្នែកនាងទាំង១២នាក់ទៅទុក ក្នុងឃ្លាំងឯនគររបស់ខ្លួន ឱ្យនាងកង្រីជាកូនថែរក្សា។ បណ្តានាងទាំង១២នាក់នោះ នាងបងៗ១១នាក់ ត្រូវគេឆ្កៀល ភ្នែកទាំងសងខាង ឯនាងពៅត្រូវគេឆ្កៀលតែម្ខាង ដោយមកពីជាតិមុននាងពៅឆ្កៀលភ្នែកត្រីតែម្ខាងដែរ ។ នាងទាំង ១២ ដែលមានគភ៌នោះមានពៅបានព្រះពោធិ៍សាត់មកចាប់ផ្ទៃ។ វេលានាងបងៗកើតកូនមកភ្លាម គេហែកកូនចែក សាច់គ្នាស៊ីអស់ ចំណែកនាងពៅ កើតកូនមកឱ្យឈ្មោះថា “ពុទ្ធិសែន” ហើយលាក់ទុកមិនឱ្យនាងបងៗដឹងទេ។
ចំណេរកាលខាងក្រោយមក វេលាពុទ្ធិសែនធំពេញជំទង់ឡើង នាងសន្ធិមារ ដឹងថាជាកូននាងទី១២ ក៏ប្រើឱ្យជិះសេះ នាំសំបុត្រទៅឱ្យនាងកង្រី ដោយដាក់សេចក្តីថា “បើពុទ្ធិសែនមកដល់យប់ ឱ្យស៊ីទាំងយប់ដល់ថ្ងៃឱ្យស៊ីទាំងថ្ងៃ” ។ តែជាភ័ព្វរបស់ពុទ្ធិសែន នៅពេលជិះសេះទៅដល់ពាក់កណ្តាលព្រៃ មហាឬស្សីបានឃើញពុទ្ធិសែនកំពុងផ្ទុំលក់ និងឃើញ សំបុត្រដែលចងនៅសេះ ក៏ហែកសំបុត្រនោះចោល ហើយសរសេរសំបុត្រជាថ្មីថា “បើពុទ្ធិសែន មកដល់យប់ ឱ្យរៀប ការទាំងយប់ បើដល់ថ្ងៃរៀបការទាំងថ្ងៃ ជាមួយនាងជាកូន ” ។ ពេលដែលពុទ្ធិសែនទៅដល់នគរយក្សនាង កង្រីបាន ឃើញសំបុត្រក៏រៀបការជាមួយពុទ្ធិសែនភ្លាម ។ ព្រះពុទ្ធិសែនបានសោយរាជ្យនគរយក្សមិនយូរប៉ុន្មាន ដោយនាងកង្រី ថ្វាយដំណឹងអំពី ប្រស្រីភ្នែកមាតាលោក និងអំពីថ្នាំសំរាប់ដាក់ភ្នែកអោយជាហើយ និង ថ្នាំសំរាប់បោះទៅកើតជាទឹក សមុទ្រជាភ្នំបាន ក៏ទ្រង់លួចរត់ចោលនាងកង្រីទាំងអាធ្រាត ។ នាងកង្រីក៏យំសោកស្លាប់នៅកណ្តាលព្រៃហើយពុទ្ធសែន មកដល់នគរវិញដោយសុវត្ថិភាព។ ទ្រង់ដាក់ថ្នាំកែភ្នែកមាតា និងមាតាធំឱ្យជាឡើង ហើយទ្រង់សំលាប់នាងសន្ធមារ ទៅ ទ្រង់បានសោយរាជ្យជំនួសព្រះបិតា ជាសុខក្សេមក្សាន្ត រហូតទ្រង់ចូលព្រះទីវង្គត។
 
ដក​ស្រង់​ពី​សៀវភៅរឿង​ព្រេង​ខ្មែរ

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: