រឿង បឹងទុំលែង

 
                បើងយើងធ្វើដំណើរតាមផ្លូវជាតិលេខ៥ ពីភ្នំពេញទៅកាន់ខេត្តបាត់ដំបង ដល់ទៅឃុំគួយជីកដីក្នុងស្រុកមោង ឫស្សី ហើយចុះពីថ្នល់ជាតិតាមផ្លូវខាងជើង ចេញពីសាលាស្រុកមោងឫស្សី ឈមមុខទៅទិសអាគ្នេយ៍ចម្ងាយប្រហែល ជា ១០គីឡូម៉ែត្រ ឬដើរចុះពីថ្នល់ជាតិកាត់ត្រង់ស្ថានីយ៍រថភ្លើងទៅស្វាយព្រៃ ដែលនៅខាងកើតសាលាស្រុកមោងឫស្សី ៧គីឡូម៉ែត្រ រួចឈមមុខទៅទិសទក្សិណចម្ងាយប្រហែលជា៤គីឡូម៉ែត្រ យើងនឹងបានឃើញបឹងមួយហៅថា “បឹង ទុំលែង” មានទទឹងប្រវែង១០០ម៉ែត្រ បណ្តោយ៤០០ម៉ែត្រ ។ បឹងនោះសព្វថ្ងៃជាបឹងសក្តិសិទ្ធ មានមច្ឆាជាតិ គឺត្រី អណ្តើកជាដើម ច្រើនណាស់ ដោយហេតុអ្នកស្រុកពុំហ៊ាន ទៅមករកធ្វើនេសាទកម្ម ហើយមានទាំងម្រឹគជាតិគឺ ប្រើស ក្តាន់ ឈ្លូស រមាំង ជាដើម។ នៅក្នុងព្រៃជុំវិញបឹងនោះផង ជាទីចូលចិត្តដល់ពពួកអ្នកបរបាញ់ក្រៃពេក ។ រឿងព្រេង ទាក់ទងនិងដើមកំណើតនៃបឹងនោះ មានដំណាល់ដូចតទៅនេះតាមចាស់ៗដំណាលតៗគ្នាមក ដរាបដល់សព្វថ្ងៃនេះថា ៖
 
កាលពីព្រេងនាយមានព្រះមហាក្សត្រមួយព្រះអង្គ មានបុណ្យបរមីអស្ចារ្យណាស់ ។ ថ្ងៃមួយព្រះអង្គគង់លើសត្វរមាស ជាព្រះរាជយានជាមួយនិងទម័កម្នាក់ឈ្មោះ នាយទុំ ដើម្បីទៅក្រសាលនិងស្ត្រីម្នាក់ឈ្មោះ នាងមុខរាហ៍ ។ លុះទ្រង់ធ្វើ ព្រះគមនាការទៅដល់ភូមិមួយបានទតព្រះ នេត្រទៅឃើញស្ត្រីម្នាក់មានលំនាំប្រហែលនាងមុខរាហ៍ តែទ្រង់ទតបញ្ជាក់ ទៅទើបទ្រង់ជ្រាបច្បាស់ថា មិនមែននាងមុខរាហ៍ទេ ក៏ទ្រង់យាងចាកចេញពីទីនោះហួសទៅទៀត ។ កាលទ្រង់យាង ហួសទៅទ្រង់កាត់សំដៅគេហដ្ឋាន នាងមុខរាហ៍ លុះដល់ហើយស្តេចចុះពីខ្នងរមាស ឱ្យនាយទុំចងរមាសនោះនៅក្រោម ដើមក្រសាំងមួយ ហើយស្តេចយាងទៅក្រសាលនឹងនាងមុខរាហ៍ទៅ ។ ឯនាងមុខរាហ៍ កាលបានសំណេះសំណាលនិង ព្រះមហាក្សត្រតាមកាលលោកិយ ហើយក្រាបបង្គំទូលសួរព្រះមហាក្សត្រថា “ព្រះអង្គស្តេចយាងមកនេះដោយយានអ្វី? ”។ ព្រះរាជាទ្រង់តបថា “បងមកដោយរមាស បងចងទុកក្រោមដើមក្រសាំងឯណោះ” ។ រមាសស្តាប់មិនច្បាស់ឮតែថា រមាសក្រសាំងក៏នឹកក្នុងចិត្តថា ព្រះមហាក្សត្រថាខ្លួនជាសត្វក្រសាំងទៅវិញ ក៏មានសេចក្តីទោមនស្សដោយនឹកឃើញថា “អញមានសេចក្តីស្មោះត្រង់និងលោក យកអាសារលោក ខំជូនលោកមកទាំងយប់ ទាំងអាធ្រាត្រអត់ដំណេកស្រេក បង្គុយ លោកទៅជាថាឯងក្រសាំងទៅវិញ” នឹកហើយរមាសក៏បោលផ្តាច់ខ្សែ ពីដើមក្រសាំងទៅ។ ឯនាយទុំក៏ខំរត់តាម ជាប់ពីក្រោយរមាសទៅដែរ ។
 
ឯព្រះមហាក្សត្រកាលបើទ្រង់ជ្រាបថា រមាសបោលផ្តាច់ខ្សែដូច្នេះហើយ ស្តេចក៏ទ្រង់ធ្វើ ព្រះគមនាការយាងទៅតាមដែរ ។ លុះនាយទុំតាមទាន់ត្រង់វាលមួយ ក៏តោងកន្ទុយរមាសជាប់ តែរមាសពុំព្រមឈប់ សោះ ។ នាយទុំ បានឈរជ្រែងជើងទប់ដី ដីក៏របើកទាំងផ្ទាំងៗ ព្រះមហាក្សត្រទ្រង់ទតឃើញដូច្នោះក៏ទ្រង់ស្រែកទៅ ពីក្រោយថា “ទុំលែងៗ” ទើបនាយទុំលែងរមាសនោះ ។ ឯរមាសក៏បោលចូលព្រៃបាត់ទៅ ជាប់ទាំងអានដែលនៅលើ ខ្នងនោះទៅផង ។ ព្រះមហាក្សត្រទ្រង់ខ្ញាល់ណាស់ ទ្រង់ដាក់បណ្តាសាដល់សត្វរមាសនោះថា ពូជអាឯងចាប់ពីថ្ងៃនេះ តទៅ ត្រូវស៊ីតែបន្លាជាអាហារ និងផឹកតែទឹកល្អក់ជាដរាប។ ព្រោះហេតុដូចោះឯង បានជានៅលើខ្នងសត្វរមាសទាំង ឡាយ សព្វថ្ងៃនេះមានស្រទាប់លើខ្នង សណ្ឋានដូចគេចងអានទុក ស្បែកក៏ក្រហេងក្រហូងជាច្រើនស្រទាប់ ជាទីជ្រក នៅ នៃពួកសត្វក្អែប និងខ្ទួយ ហើយស៊ីតែឈើ ឬវល្លិ៍ណាដែលមានបន្លាជាអាហារ ផឹកតែទឹកល្អក់ ទោះបីទឹកថ្លាក៏ វាយកជើងកូរឱ្យទាល់តែល្អក់សិន ទើបបានផឹក ដោយត្រូវបណ្តាសាព្រះមហាក្សត្រតាំងពីពេលនោះឯង ។ ត្រង់កន្លែង ដែលនាយទុំតោងកន្ទុយរមាសឈរជ្រែងជើងធាក់ដីនោះ ក៏ក្លាយជាបឹងមួយមានទំហំដូចពោលខាងលើ ហៅថា “បឹងទុំលែងៗ” ជាប់ដរាបមកដល់សព្វថ្ងៃនេះ ។ ឯភូមិទីលំនៅរបស់នាងមុខរាហ៍នោះ ក៏មានឈ្មោះប្រាកដ ជាប់មកថា “ភូមិមុខរាហ៍” ជាដរាបមកដល់សព្វថ្ងៃនេះដែរ។ អំពីបឹងទុំលែងទៅភូមិមុខរាហ៍នេះ មានចម្ងាយប្រហែល៨គីឡូម៉ែត្រ។ បើត្រូវការទៅបឹងទុំលែងទៅភូមិមុខរាហ៍ យើងត្រូវធ្វើដំណើរឈមមុខទៅទិសខាងកើតចម្ងាយ៨គីឡូម៉ែត្រ ទើបបាន ទៅដល់ភូមិនោះ ។
 
តំបន់ដែលព្រះមហាក្សត្រទ្រង់ទតព្រះនេត្រឃើញ ស្ត្រីម្នាក់ប្រហែលនាងមុខរាហ៍នោះ ហៅថា “ភូមិប្រហែល” ជាប់រហូតមកដល់ សព្វថ្ងៃនេះគេហៅក្លាយមកថា “ភូមិប្រហាល ឬប៉ាលហារ”ទៅវិញ។ ឯភូមិ ប្រហាលសព្វថ្ងៃនេះ នៅក្នុងឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ បើធ្វើដំណើរពីភូមិប្រហាល ទៅភូមិមុខរាហ៍ ត្រូវចេញឈមមុខទៅទិសពាយ័ព្យ ប្រមាណជាង៧ ឬ ៨ គីឡូម៉ែត្រ ទើបបានទៅដល់ភូមិមុខរាហ៍នោះ ។
 
ជាទំនៀមនៅបឹងទុំលែងនោះ អ្នកស្រុកតែងហាមឃាត់អស់ពួកមន្ត្រីដែលទៅនៅឈរត្រួតត្រាលើស្រុកមោងឬស្សីនោះ មិនឱ្យដើរកាត់ពីមុខ ឬពីខាងកើតបឹងនោះឡើយ ឱ្យដើរបានតែពីក្រោយ ដោយហេតុថា បើមន្ត្រីណាដើរកាត់មុខ បឹងនោះ គេថាមន្ត្រីនោះនឹងត្រូវខូចបុណ្យថ្លោះយស ឬក៏ត្រូវរាជការផ្លាស់ចេញពីស្រុកនោះ ដោយឆាប់រហ័សម៉្លោះ ហើយ អស់លោកណាដែលនិយមជឿតាមទំនៀមនោះ មិនហ៊ានប្រព្រឹត្តិកន្លងពាក្យហាមនោះឡើយ ។
 
ដក​ស្រង់​ពី​សៀវភៅ​រឿង​ព្រេង​ខ្មែរ

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

One thought on “រឿង បឹងទុំលែង

  1. សុំទោសផង! ស្ទីលនេះ ដាក់តម្រឹម​សងខាង​អត់កើតទេ តែសង្ឃឹមថា​ មានភាព​ងាយ​ស្រួលជាងមុន ហើយសង្ឃឹមថាអត្ថបទនេះមាន​ប្រយោជន៍សម្រាប់អ្នកអាន!

    Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: