រឿងចចក

កាលពីព្រេងនាយមានចចកត្រោសធំមួយ ដល់ខែលំហើយវាដើររកត្រពាំងបឹងបួរដែលរីងទឹកដើម្បីចាប់ត្រីស៊ី។ លុះទៅដល់ត្រពាំងមួយរីងទឹកអស់នៅតែប្រឡង់មួយ ឃើញសុទ្ធតែភក់ មានត្រីកំពឹស បង្កងក្តាមជាច្រើនណាស់។ ចចកឃើញហើយមានចិត្តត្រេកអររីករាយគិតថា “ ថ្ងៃនេះអញមានលាភធំណាស់ ជាលាភចំឡែកជាងសព្វថ្ងៃ” ។ ឯកំពឹសមានប្រាជ្ញាឮចចកថាដូច្នេះហើយ ក៏និយាយលួងលោមចចកថា “ យើងទាំងអស់គ្នាសុទ្ធតែជាចំណីបងចចក ឯងទាំងអស់ហើយ ប៉ុន្តែយើងប្រឡាក់ភក់ណាស់ បងឯងស៊ីយើងទាំងប្រឡាក់ភក់ ដូច្នេះមិនធ្ងាញ់ពិសាទេ ” ចចកធ្លើយ ថា “ ធ្វើដូចម្តេចនឹងឆ្ងាញ់ពិសា?។ កំពឹសថា “ ត្រូវបងចចកឯងយកយើងទៅលាងទឹកឱ្យជ្រះស្អាតហើយស៊ឹមស៊ីទើប ឆ្ងាញ់ពិសា? ។ ចចកថា “ធ្វើដូចម្តេចនឺងយកទៅលាងទឹកបានបើច្រើនដល់ម្លេះ? ។ កំពឹសថា “បងចចកកុំព្រួយចិត្ត ខ្ញុំធានាគិតឱ្យ បងឯងបានស្រួលប៉ុន្តែត្រូវបងឯងតាមខ្ញុំ” ។ ចចកឆ្លើយថា “បងឯងធ្វើដូចម្តេចក៏ខ្ញុំតាមទាំងអស់។ បើ ដូច្នេះចូរបងឯងចុះមកដេកននៀលក្នុងភក់នេះ ហើយយើងទាំងអស់គ្នានឺងបានតោងខាំរោមបងឯងចុះមកដេកននៀល ក្នុងភក់នេះ ហើយយើងទាំងអស់គ្នានឹងបានតោងខាំរោមបងឯង បងនាំយើងទៅរកស្ទឹងបឹងបួរ ឯណាមានទឹកថ្លាច្រើន បងឯងលាងយើងឱ្យស្អាត ហើយសឹមបងឯងស៊ីឱ្យឆ្ងាញ់ពិសាតាមចិត្តចុះ” ។ ឯចចកជាសត្វល្មោភហើយល្ងង់ ក៏ធ្វើតាម ពាក្យកំពឹស។ កំពឹសនឹងត្រីបបួលគ្នា តោងរោមចចកទៅ លុះទៅដល់បឹងមួយធំវែងមានទឹកថ្លាល្អចចកដើរចុះទៅក្នុង ទឹកអស់ត្រី និងកំពឹសលោតទៅក្នុងទឹកបឹងប្រាប់ថា “បងចចកឯង ទៅជញ្ចូនមកឱ្យអស់សិនសឺមមកស៊ីឱ្យឆ្អែតតែម្តង យើងនៅចាំបងនៅទីនេះ” ។ ចចកក៏ទៅ ជញ្ចូនត្រីនឹងកំពឹសមកលុះត្រាតែអស់ពីត្រពាំងនោះ។ ពួកត្រី ក្តាម ខ្ចង ដឹងថាចចកជញ្ចូនអស់ហើយនាំគ្នាមុជក្នុងទឹកជ្រៅបាត់អស់។ ឯចចកដឹងថាកំពឹសបញ្ឆោតដូច្នេះខឹងណាស់ ដើរទៅបបួល អស់សត្វធំតូច ដំរី រមាសខ្លា គ្រប់ភាសាសត្វទាំងពស់ថ្លាន់ ពស់ធំ ពស់តូច ទាំងអស់បបួលគ្នាមកបាចទឹកបឹងនោះឱ្យរីង នឹង ចាប់ត្រីក្នុងបឹងនោះស៊ីឱ្យអស់ ចចកបានឱ្យពស់ថ្លាន់ធ្វើទំនប់ទឹក អស់សត្វឯទៀតក៏បបួលគ្នាបាច។ សត្វក្នុងបឹង ដឹងថា ចចកបបួលគ្នាបាចទឹកឱ្យរីងទាំងបឹងភ័យណាស់ក៏គិតគ្នាថា “ខ្ញុំឮគេនិយាយថាបងសុភាទន្សាយជាអ្មក្នមាន ប្រាជ្ញាចេះដោះទុក្ខមនុស្សសត្វផងជាច្រើនណាស់ បើដូច្នេះខ្ញុំនិងទៅពឹងបងសុភាទន្សាយឱ្យមកជួយដោះទុក្ខអស់យើង”។ ពួកត្រីគិតគ្នាហើយក៏ប្រើត្រីក្រាញឱ្យទៅអញ្ចើញសុភាទន្សាយ។ ត្រីក្រាញ់ប្រឹងននៀលទៅលុះដល់ត្រូវថ្ងៃក្រៀមស្រកា អស់ដល់យប់សុភាទន្សាយចេញមករកស៊ី បានឃើញត្រីក្រាញ់ននៀលដូច្នោះក៏សួរថា “បងត្រីក្រាញ់ទៅណា?” ត្រីក្រាញ់ឃើញសុភាទន្សាយហើយ មានចិត្តត្រេកអរណាស់និយាយអង្វរថា “បងសុភាទន្សាយអាណិតខ្ញុំ ដ្បិតត្រីទាំង អស់ក្នុងបឹងគេប្រើឱ្យខ្ញុំ អញ្ចើញបងសុភាទៅដ្បិតឮទាំងមនុស្សនិយាយថា បងជាអ្នកមានប្រាជ្ញាចេះកាត់សេចក្តីដោះ ទុក្ខគេ បើអ្នកឯណាកើតទុក្ខបងតែងទៅជួយដោះទុក្ខគេមិនដែលខាន ឥឡូវមាន ដំរី ក្របី គោ រមាស រមាំង ជ្រូក ពស់ធំ ពស់តូច ទាំងសត្វហើរគឺ កុក ក្រៀល ចង្ក្រៀលខ្យង ទុង ទោម ក្អែកទឹក ប្រវឹក ស្មោញ ទាំងប៉ុន្មាន បានបបួលគ្នាមកបាចទឹកបឹងឱ្យរីងនិងបានចាប់អស់ត្រី អណ្តើក កន្ធាយ ស៊ីជាចំណីឱ្យអស់ពីក្នុងបឹងនេះ គេឱ្យពស់ថ្លាន់ ពស់តូចធ្វើជាទំនប់ទប់បឹងនេះឯង បើដូច្នេះបងសុភាទន្សាយអាណិតជួយដោះទុក្ខអស់ បងប្អូនខ្ញុំឱ្យបានរួចពីភ័យម្តង នេះនិងបានល្បីកេរ្តិ៍ឈ្មោះតទៅអស់យើងនឹងតបគុណបងសុភាទន្សាយឯង យើងមិនភ្លេចគុណដ៏រាបអស់ជីវិត” ។ ឯទន្សាយឮត្រីក្រាញ់នយិយាអង្វរដូច្នោះក៏ឆ្លើយថា “បងត្រីក្រាញ់ទៅមុនចុះ ទៅប្រាប់បងប្អូនកុំឱ្យភ័យភិតចាំជួយដោះ ឱ្យរួចកុំបារម្ភឡើយ” ។ ត្រីក្រាញ់ក៏ត្រឡប់ទៅវិញ។ ឯទន្សាយលុះព្រឹកព្រហ៊ាមឡើងទៅមាត់បឹងទៅឃើញអស់សត្វ កំពុងតែបាចទឹក ក៏យកស្លឹកឈើដែលដង្កូវស៊ីធ្លុះៗមកធ្វើជាសំបុត្រ ហើយស្រែកហៅអស់សត្វទាំងនោះថា “នែ! បងប្អូនទាំងអស់គ្នាចាំស្តាប់ខ្ញុំ ដ្បិតព្រហ្មឥន្ទ្រឱ្យខ្ញុំនាំសំបុត្រមកប្រាប់គ្រប់គ្នាថា ព្រះឥន្ទ្រលោកនិងមកកាច់ជើងត្រុំ ប្រមុំ ជើងអក កាច់ក្បាលចចក ដកភ្លុកដំរីស” ។ អស់សត្វឮថា សំបុត្រព្រះឥន្ទ្រដូច្នោះ ភ័យណាស់ផ្អើល ជាន់លើគ្នា ដំរី ក្របី រមាស រមាំង ស្ទុះបោលទៅជាន់លើពស់ថ្លាន់ជាទំនប់ ដាច់ខ្លួនជាពីរបីកំណាត់ ធ្លាយទំនប់លិចទឹកស្លាប់អស់ ។ សត្វទាំងនោះក៏ជាចំណីត្រីវិញ។ តាំងអំពីថ្ងៃនោះមក អស់សត្វទាំងពួងកោតខ្លាចប្រាជ្ញាសុភាទន្សាយសុភាទន្សាយជា គ្រូបាអាចារ្យ ជាគ្រូបាអាចារ្យទាំងអស់គ្នា។
 
ដក​ស្រង់​ចេញពី​សៀវភៅ​រឿងព្រេង​ខ្មែរ

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: