វេយ្យាករណ៍​ខ្មែរ (វចនានុក្រម​សម្តេច​ជួន ណាត)

(ចម្លង​ទាំង​ស្រុង​ពី​រចនា​នុក្រម សម្តេច​ជួន ណាត)


លំនាំ​ដើម

មុន​ដំបូង​ខ្ញុំ​គិត​ថា​សរសេរ​អំពី “វិធី​សរសេរ​តែង​ និពន្ធ” ដោយ​សង្ខេប​ប៉ុណ្ណោះ ប៉ុន្តែ​ពេល​ក្រោយ​មក អស់​លោក​ជា​អ្នក​ផ្ដួច​​ ផ្ដើម​គំនិត លោក​មាន​សំណូម​ពរ សូម​ឲ្យ​បន្ថែម​សេចក្ដី​ណែ​នាំ​មួយ​ចំនួន​ ទាក់​ទង​ទៅ​នឹង​វេយ្យាករណ៍​ផង នោះ​ទើប​ខ្ញុំ​ក៏​ពិចារណា​ទៅ​ឃើញ​ថា ប្រសិន​ បើ​មិន​ចេះ ឬ​ចេះ​វេយ្យាករណ៍​ស្ទើរ​ៗ ​សើៗ ញ្រល​​ៗ​ នោះ ការ​សរសេរ​តែង​ និពន្ធ ​ប្រាកដ​ជា​មាន​ចំណុច​ខ្វះ​ខាត​ច្រើន​មិន​ខាន ។ ដូច្នេះ​ខ្ញុំ​ក៏​ យល់​ស្រប ហើយ​សម្រេច​បញ្ចូល​ចំណុច​សំខាន់ៗ​​ មួយ​​ចំនួន​នៃ​ចំណេះ​ខាង​ វេយ្យាករណ៍​ខ្មែរ នៅ​ភាគ​ខាង​ដើម​នៃ​សៀវភៅ​នេះ ។ ធ្វើ​ដូច្នេះ ​ដោយ​ចង់​ រំលឹក​អ្នក​ចង់​ចេះ​សរសេរ​តែង​និពន្ធ​ទាំង​ឡាយ មិន​ឲ្យ​មើល​ស្រាល​ចំណេះ​ខាង​ វេយ្យាករណ៍ ប្រសិន​បើ​គេ​ចង់​សរសេរ​ឲ្យ​បាន​ល្អ ។ លុះ​កាល​ណា​អ្នក​អាន ឬ​ អ្នក​សិក្សា​ចាប់​បាន​នូវ​ផ្នែក​សំខាន់ៗ​នៃ​វេយ្យាករណ៍ ធ្វើ​ឲ្យ​គេ​ទទួល​ បាន​នូវ​ពន្លឺ និង​គោល​ការណ៍​នៃ​ការ​តែង​និពន្ធ​ហើយ​នោះ ទើប​ខ្ញុំ​ជួយ​ឲ្យ​ អស់​លោក​ទៅ​ជួប​នឹង​ចំណេះ​ដឹង​ជា​សារវន្ត​ទាក់​ទង​ដល់​ការ​សរសេរ​តែង​និពន្ធ ។ ដើម្បី​កុំ​ឲ្យ​សៀវភៅ​នេះ​ក្រាស់​ពេក ហើយ​ដោយ​យល់​ឃើញ​ថា វេយ្យាករណ៍​ ខ្មែរ​នេះ មាន​រៀម​ច្បង​មួយ​ចំនួន​បាន​សរសេរ​លម្អិត​ហើយ​នោះ ដូច្នេះ​ខ្ញុំ​ គ្រាន់​តែ​សូម​​​ជួយ​រំលឹក​តែ​ត្រង់​ផ្នែក​សំខាន់​ខ្លះ ដែល​អ្នក​សរសេរ​តែង​ និពន្ធ​ត្រូវ​ដឹង​ដោយ​ខាន​ពុំ​បាន ។ ឯ​នៅ​​ភាគ​ទី ​​II នេះ​ទៀត​សោត ក៏​ ខ្ញុំ​ពុំ​បាន​ធ្វើ​ឲ្យ​មាន​ការ​លម្អិត​ពិស្ដារ​ជ្រៅ​ជ្រះ​​​ប៉ុន្មាន​ទេ ។ សំខាន់​គឺ​គ្រាន់​តែ​លើក​មក​បង្ហាញ​ត្រួសៗ​នូវ​ចំណុច​ចាំ​បាច់​ខ្លះ ដើម្បី​ ផ្ដល់​ជូន​អ្នក​អាន អ្នក​សិក្សា​នូវ​សញ្ញាណ​ស្តី​ពី​របៀប​សរសេរ​តែង​និពន្ធ ។ របៀប និង​វិធី​សរសេរ​មាន​ច្រើន​ណាស់… ។ អស់​លោក​ត្រូវ​ខំ​ព្យាយាម​អាន​ សៀវភៅ​គ្រប់​ប្រភេទ​ឲ្យ​បាន​ច្រើន​ទាំង​​​បុរាណ ទាំង​ទំនើប ទាំង​កំណាព្យ​ កម្រង​កែវ និង​អត្ថបទ​សម្រាយ​ធម្មតា… ។ អរគុណ​ដែល​បាន​ចាប់​អារម្មណ៍​ ចំពោះ​មុខវិជ្ជា​នេះ ។ សូម​ជូន​ពរ​ការ​ខិត​ខំ​សិក្សា​ទទួល​បាន​លទ្ធផល​ល្អ ។

មៀច ប៉ុណ្ណ

ផ្នែក​ទី​ ១ អំពី​អក្សរ ឬ​អក្ខរៈ

អក្សរ តាម​ ពាក្យ​សំស្ក្រឹត មាន​ន័យ​ថា ទន់​ភ្លន់​ អាច​បត់​បែន​បាន អាច​យក​ទៅ​ច្នៃ​បាន តាម​ការ​ផ្សំ​ជា​មួយ​ស្រៈ តាម​ការ​ប្រកប​ជា​មួយ​នឹង​ព្យញ្ជនៈ​មួយ​ទៀត ឬ​តាម​ ការ​ផ្សំ​ជា​មួយ​ជើង​អក្សរ​ណា​មួយ ។ អក្សរ ​ឬ​អក្ខរៈ អាច​ហៅ​បាន​ម្យ៉ាង​ទៀត​ ថា “វណ្ណៈ” មាន​ចែក​ជា​បី​ក្រុម​គឺ ៖

១-ព្យញ្ជនៈ មាន ៣៣ តួ ។

២-ស្រៈ​ពេញ​តួ ១២ តួ ។

៣-ស្រៈ​និស្ស័យ​ពី​មុន​​មាន ២១ តែ​ត្រូវ​បន្ថែម ៧ ទៀត​បាន​ទៅ​ជា​ ២៨​ តួ បើ​គិត​ទាំង​សំឡេង ។ តែ​បើ​គិត​តែ​រូប​មាន​ ២៧ តួ ព្រោះ​​ស្រៈ (អ) មាន​នៅ​គ្រប់​ព្យញ្ជនៈ​ទាំង​ឃោសៈ​ទាំង​អឃោសៈ ។


១-ព្យញ្ជនៈ

ព្យញ្ជនៈ​ទាំង​ ៣៣​ តួ ត្រូវ​រាប់​តាម​លំដាប់​ពី​ ដើម​ដល់​ចប់៖

ក​ខ​គ​ឃ​ង ច​ឆ​ជ​ឈ​ញ ដ​ឋ​ឌ​ឍ​ណ ត​ថ​ទ​ធ​ន ប​ផ​ព​ភ​ម យ​រ​ល​វ​ ស​ហ​ឡ​អ

២-ជើង​ព្យញ្ជនៈ

ព្យញ្ជនៈ​ប្រៀប​បាន​នឹង​មនុស្ស​ដែរ​ គឺ​មាន​សក់ (៊) មាន​តួ​ខ្លួន (ក) មាន​ជើង (្ក) ។ រូប​នៃ​ជើង​ព្យញ្ជនៈ​មាន​ទ្រង់​ទ្រាយ​ដូច​ គ្នា​នឹង​តួ​អង្គ​ព្យញ្ជនៈ​ដែរ ប៉ុន្តែ​គ្រាន់​តែ​តូច​ជាង​តួ និង​ពុំ​មាន​ “សក់”ទេ ។ ខាង​ក្រោម​នេះ គឺ​ជើង​ព្យញ្ជនៈ (Consonnes souscrites) ។

្ក ្ខ ្គ ្ឃ ្ង , ្ច ្ឆ ្ជ ្ឈ ្ញ , ្ដ ្ឋ ្ឌ ្ឍ ្ណ , ្ត ្ថ ្ទ ្ធ ្ន ​, ្ប ្ផ ្ព ្ភ ្ម , ្យ ្រ ្ល ្វ ្ស ្ហ ្ឡ ្អ

របៀប​សរសេរ ជើង​ព្យញ្ជនៈ ភ្ជាប់​ជា​មួយ​តួ​ព្យញ្ជនៈ ដូច​ខាង​ក្រោម​ ៖

ក្ខ​ខ្ខ​គ្គ​ឃ្ឃ​ង្ង ច្ច​ឆ្ឆ​ជ្ជ​ឈ្ឈ​ញ្ញ ដ្ត​ឋ្ឋ​ ឌ្ឌ​ឍ្ឍ​ណ្ណ ត្ត​ថ្ថ​ទ្ទ​ធ្ធ​ន្ន ប្ប​ផ្ផ​ព្ព​ភ្ភ​ម្ម យ្យ​រ្រ​ល្ល​វ្វ​ ស្ស​ ហ្ហ​ឡ្ឡ​អ្អ

៣-ស្រៈពេញ​តួ

អ្នក​ប្រាជ្ញ​ជំនាន់​មុន​ចែង​ថា ស្រៈ​ពេញ​តួ​មាន ១៥ តួ ដោយ​រាប់​យក​ អ អា មក​បញ្ចូល​ផង ។ ប៉ុន្តែ​អ្នក​ប្រាជ្ញ​បច្ចុប្បន្ន​លោក​ ដក​យក​ “អ” និង “អា” នេះ​ចេញ​ពី​ប្រព័ន្ធ​ស្រៈ​ពេញ​តួ ព្រោះ​លោក​យល់​ថា​​ “អ” គឺ​ជា​ព្យញ្ជនៈ ដែល​ត្រូប​រាប់​បញ្ចូល​ទៅ​ក្នុង​ក្រុម​ព្យញ្ជនៈ ទាំង​៣៣​ តួ​ នោះ​វិញ ។ ឯ “អា” គឺ​តួ​ព្យញ្ជនៈ​បំបែក ​យក​តួ ​​​​​​​​​ “ អ” មក​ផ្សំ​ជា​មួយ​ ស្រៈ “ ា ” ដូច្នេះ​ស្រៈ​ពេញ​តួ​បច្ចុប្បន្ន​នេះ មាន​តែ ១៣​តួ​ទេ គឺ ឥ​ ឦ​ ឧ ​ ឩ ឪ ឫ ឬ ឭ ឮ ឯ ឰ ឱ ឳ ។ ចំពោះ​អស់​លោក​អ្នក​ប្រាជ្ញ​ខ្លះ​ទៀត​យល់​ថា ​ក្នុង​ ចំណោម​ស្រៈ​ពេញ​តួ​ទាំង​១៣​នេះ ស្រៈ ឩ គេ​មិន​សូវ​ប្រើ​ទេ ដូច្នេះ​ គួរ​រាប់​ យក​ត្រឹម​តែ ១២ តួវិញ ព្រោះ​សព្វ​ថ្ងៃ​គេ​ប្រើ​ស្រៈ​ពេញ​តួ ឩ នេះ​តែ​ពាក្យ “ព្រះ​ឩរូ” មួយម៉ាត់​គត់ ដែល​មាន​នៅ​ក្នុង​ពាក្យ “ រាជ​ស័ព្ទ ” មាន​ន័យ​ថា “​ ភ្លៅ​ស្ដេច ” ។

៤-ស្រៈ​និស្ស័យ

គឺ​តួ​អក្សរ ដែល​ជា​ទី​ពឹង​ពាក់​អាស្រ័យ​នៃ​ ព្យញ្ជនៈ ។ បើ​សរសេរ​តែ​រូប​វា​ដាច់​តែ​ឯង​នោះ នឹង​ពុំ​មាន​ន័យ​ប្រាកដ​ ប្រជា​ថា​យ៉ាង​ណាៗ​នោះ​ឡើយ ។ ដូច​ជា​ស្រៈ ា ស្រៈ ៅ មាន​តែ​រូប និង​សំឡេង​ ផ្សំ តែ​ពុំ​មាន​សារៈ​អ្វី​ទេ ។ ស្រៈ​និស្ស័យ​មាន ២១ តួ តាម​ការ​កំណត់​របស់​ ក្បួន​ពី​មុន​នោះ​គឺ ្​ ា ិ ី ឹ ឺ ុ ូ ួ ើ ឿ ៀ េ ែ ៃ ោ ៅ ុំ ំ ាំ ះ ។ ប៉ុន្តែ​អស់​លោក​អ្នក​អក្សរសាស្រ្ត​ក្រោយ​មកសន្មត​ថា មាន​តែ២០តួវិញ ព្រោះ​ ថា ស្រៈ​(អ) មាន​តែ​សំឡេង​តែ​គ្មាន​រូប​ មិន​គួរ​នឹង​រាប់​បញ្ចូល​ទេ ។ ស្រៈ​ (អ) នេះ​មាន​បង្កប់​នៅ​គ្រប់​ព្យញ្ជនៈ​ទាំង​អស់ ទោះ​ជា​ឃោសៈ​ក្តី អឃោសៈ​ ក្តី ប៉ុន្តែ​ប្រសិន​បើ​គេ​យក​ទៅ​ផ្សំ​ជា​មួយ​នឹង​ព្យញ្ជនៈ​សំឡេង​ឃោសៈ គេ​ អាន​តាម​សំឡេង​ព្យញ្ជនៈ ឃោសៈ គឺ​សំឡេង(អ៊) ឧទាហរណ៍ ងា ងិ ងី ញោ ញៅ ទុំ ទាំ ទះ…. ។ បើ​ផ្សំ​ជា​មួយ​នឹង​ព្យញ្ជនៈ​អឃោសៈ ​វា​មាន​សំឡេង (អ) ដូច​ជា កា កី កោ ចូ ចើ ចេ ចែ ចៃ ចោ… ។ ចំពោះ​ស្រៈ ួ ឿ និង ៀ ទោះ​គេ​យក​ទៅ​ផ្សំ​នឹង​ ព្យញ្ជនៈ ឃោសៈ​ក្តី អឃោសៈ​ក្តី វា​នៅ​តែ​មាន​សូរ​សំឡេង “អួ” (អឿ-អៀ) ដូច​ គ្នា​ នេះ​វាជា​ករណី​លើក​លែង​សម្រាប់​ស្រៈ​និស្ស័យ​របស់​ខ្មែរ​យើង ។ រីឯ​ ស្រៈ​៤​ទៀតដូច​ជា ស្រៈ ុះ ិះ ោះ វិញ​នោះ កាល​ពី​មុន​លោក​មិន​យក​មក​រាប់​ បញ្ចូល​ក្នុង​ស្រៈ​និស្ស័យ​ទេ ។ ប៉ុន្តែ​នៅ​ពេល​ក្រោយ​មក​ ដោយ​បាន​ពិនិត្យ​ ឃើញ​ថា មាន​ពាក្យ​ជា​ច្រើន ដែល​ត្រូវ​ការ​ប្រើ​ស្រៈ​ទាំង​នេះ នៅ​ក្នុង​ ពាក្យ​ខ្មែរ​ជា​ចាំ​បាច់​នោះ ទើប​លោក​អ្នក​ប្រាជ្ញ​ជាន់​ក្រោយ ​ក៏​បាន​ សម្រេច​បញ្ចូល​បន្ថែម​ស្រៈ​ទាំង​៤នេះ ហើយ​ស្រៈ​និស្ស័យ​ក៏​បាន​កើន​ដល់ (២១-១)+៤ = ២៤ ហើយ​បើ​បន្ថែម​ស្រៈ ​ ឹះ ,ស្រៈ ើះ, ស្រៈែះ ពីលើស្រៈ​និស្ស័យ​ ដែល​ធ្លាប់​ឃើញ​​មាន​នៅ​ក្នុង​វចនានុក្រម​សម្ដេច​ ជួន ណាត ក្ដី ក្នុង​ អត្ថបទ​នានា​ក្ដី​ទៀត​នោះ ស្រៈ​និស្ស័យ​អាច​កើន​ឡើង​ដល់​ ២៦ ឬ ២៧ [1] ។

៥-ការ​ប្រើ​ប្រាស់​ជើង​អក្សរ

ដោយ​ហេតុ​ថា មាន​ករណី​ដោយ​ឡែក​ខ្លះ ដែល​ពាក់​ព័ន្ធ​ ទៅ​នឹង​ជើង​អក្សរ​ព្យញ្ជនៈ​ខ្មែរ​យើង​នោះ ខ្ញុំ​សូម​អនុញ្ញាត​ជម្រាប​​ថា ៖

ក/ ជើង​ “ត្ត” និង​ជើង “ដ្ដ” មាន​រូប​រាង​ដូច​គ្នា​ អាច​ច្រឡំ ​ព្រោះ​ការ​ប្រើ​ប្រាស់​កន្លង​មក​ ហាក់​ដូច​ជា​ច្របូក​ច្របល់​ បន្តិច ដូច​ជា​ពាក្យ​ ស្ដូក​​ស្ដឹង, ផ្តិល(ទឹក), ផ្ដាច់​ផ្តិល ។ ប៉ុន្តែ​ អ្នក​ប្រាជ្ញ​បាន​កំណត់​ប្រើ​ជើង​(ត្ត) នៅ​ផ្ញើ​ពី​ក្រោម​អក្សរ (ន) វា​មាន​ សំឡេង​ជា​ជើង(ត្ត)ទាំង​អស់​ដូច​ជា ប៉ុន្តែ, កន្តែរ៉ែ, កន្តាំង, អន្តរាយ, បន្តិច​បន្តួច ។ល។ លើក​លែង​តែ​ពាក្យ ៤ ម៉ាត់​ចេញ​ ដែល​ជើង (្ត) យក​ទៅ​ផ្ញើ​ នឹង (ន) ទៅ​ជា​មាន​សំឡេង“ដ”នោះ​គឺ សន្តោស, សន្តាន, ចិន្តា, អន្តរធាន ។ ប៉ុន្តែ​បើ​ជើង (្ត) នៅ​ផ្ញើ​នៅ​ពី​ក្រោម​តួ​ព្យញ្ជនៈ (ណ) វិញ​នោះ វា​មាន​ សំឡេង​ជា “ដ” វិញ​ ដូច​ជា សណ្តែក, សណ្ដាន់, កណ្ដៀវ, កណ្ដុរ, កណ្ដាល, អណ្តូង, អណ្តើក[2] ។ល។

ខ/ ចំពោះ​ជើង “ញ” បើ​កាល​ណា​ត្រូវ​យក​ជើង (ញ) ទៅ​ ផ្ញើ​នឹង​ព្យញ្ជនៈ (ញ) នោះ អក្សរ(ញ)ខាង​លើ​ត្រូវ​កំបុត​ជើង (ខ្នែង ្ញ) ។ រី​ ឯជើង​(ញ)ដែល​យក​ទៅ​ផ្ញើ​នឹង​តួ​ (ញ) នោះ មាន​សិទ្ធិ​អាច​រក្សា​ជើង ​( ខ្នែង ញ្ញ) នេះ​បាន ។ ឧទាហរណ៍​ បញ្ញើ​ក្អែក, បញ្ញត្តិ, អនុញ្ញាត, កញ្ញា, សញ្ញា ។

គ/ ជើង​ ឡ មិន​ដែល​ប្រើ​ទេ

ឃ/ ជើង ​(្ព) និង​ជើង (្វ) អាច​ប្រើ​ចូល​គ្នា​បាន ដោយ​យក​ជើង (្វ) ទៅ​ផ្ញើ​ពី​ក្រោម​ព្យញ្ជនៈ (ព) ដូច​ជា និញ្វន ។

សូមគូស​បញ្ជាក់​ថា

បុព្វ​បុរស​យើង​ផ្លាស់​ប្តូរ (ពៈ) ជា ​(វៈ) គឺ​ ប្រើ​ជា​មួយ​គ្នាជំនួស​គ្នា​បាន ប៉ុន្តែ​គេ​មិន​អាច​យក​ជើង (ព) ទៅ​ផ្ញើ​នឹង​ តួ​ (វ) ឡើយ ។

៦-អំពីវគ្គ

១-វគ្គ (ក) ក​ខ​គ​ឃ​ង

២-វគ្គ (ច) ច​ឆ​ជ​ឈ​ញ

៣-វគ្គ (ដ) ដ​ឋ​ឌ​ឍ​ណ

៤-វគ្គ (ត) ត​ថ​ទ​ធ​ន

៥-វគ្គ (ប) ប​ផ​ព​ភ​ម

ឯតួ​អក្សរ​ទាំង​៨តួដែល​សល់​ពី​វគ្គ​ទាំង៥ខាង​ដើម​ នោះ លោក​​​ហៅ​ថា សេសវគ្គ​ បាន​ដល់ ៖ យ រ ល វ ស ហ ឡ អ ។

៧-សំឡេង​ព្យញ្ជនៈ

ព្យញ្ជនៈ ​៣៣ ​តួ​នេះ ចែក​ចេញ​​​សំឡេង​​ជា​ពីរ​ ប្រភេទ​គឺ អឃោសៈ បាន​ដល់​ព្យញ្ជនៈ​ដែល​មាន​សំឡេង​តូច​ស្រួយ មិន​លាន់​ឮ​គឹក​ កង​ មាន​ដូច​ជា កខ ចឆ ដឋណ តថ បផ សហឡអ (១៥ តួ ) ។ឃោសៈ ៖ ពួក​ព្យញ្ជនៈ​ដែល​ មាន​សំឡេង​ធំ​គ្រលរ ​គឹកកង​ ដូច​ជា គឃ​ង ជឈញ ឌឍ ទធន ពភម យរលវ (១៨ តួ)។ ព្យញ្ជនៈ​សំឡេង​ឃោសៈ ប្រទាញ​ស្រៈ​និស្ស័យ ឲ្យឮសូរ​គ្រលរ​គឹកកង​ដូច​វា​ដែរ ។

៨-ព្យញ្ជនៈ​ប្តូរ​សំឡេង

ដើម្បី​មាន​ពាក្យ​ប្រើ​ប្រាស់​គ្រប់​គ្រាន់​ ទៅ​ តាម​ពាក្យ​ទាំង​ប៉ុន្មាន​ក្នុង​ភាសា​ខ្មែរ​យើង បុព្វ​បុរស​យើង​បាន​កែ​ច្នៃ បំប្លែង​សំឡេង​ព្យញ្ជនៈ​ខ្លះៗ​ពី​ឃោសៈ​ទៅ​ជា​សំឡេង​អឃោសៈ ដោយ​យក​សញ្ញា​​ មូសិកទន្ត ​“ ៉ ” មក​ដាក់សម្លាប់ពី​លើ ,ឧ. ង៉, ញ៉, ប៉, ម៉, យ៉, រ៉, វ៉ (៧ តួ) ។ រី​ឯសញ្ញា​ត្រីសព្ទ (៊) នេះ​ លោក​យក​ទៅ​ដាក់​ពី​លើ​ព្យញ្ជនៈ​អឃោសៈ​ មួយ​ចំនួន​បំប្លែង​សំឡេង​ ឲ្យ​ទៅ​ជាឃោសៈ​វិញ ដូច​ជា ៖ ប៊, ស៊, ហ៊, អ៊, ( ៤ តួ ) ។

កំណត់​សម្គាល់

អក្សរ​ដែល​ដាក់​សញ្ញា​ត្រីសព្ទ (៊) ហើយ​បើ​កាល​ណា​ មក​ជួប​ប្រទះ​នឹង​ស្រៈ ិ ី ឹ ឺ ើ​​​នោះ​គេ​ផ្លាស់​ត្រី​ស័ព្ទ​ចេញ​ហើយ​ដាក់ (ុ) ជំនួស​វិញ​ចៀស​វាង​ការ​ទើស​ទែង​ដូច​ជា​ពាក្យ ស៊ី ហ៊ឺហា ។ ឯ​ពាក្យ​ សម្លាប់​ដោយ​ធ្មេញ​កណ្ដុរ ក៏​យក(ុ) មក​ជំនួស​មូសិកទន្ត​ដែរ ដូច​ពាក្យ ប៉ិន​ ប៉ិច[3] ។ ករណី​ ពិសេស ក្នុង​ការ​សរសេរ​ពាក្យ​ “ ប៊ិច ” ឈ្មោះ “ ប៊ិម ” គេ​មិន​​អាច​អនុវត្ត​ក្បួន​ ខាង​ដើម​នោះបាន​ឡើយ ព្រោះ​បើ​យក​ស្រៈ “ ុ ” មក​ប្រើ​តាម​ក្បួន​ខាង​លើ វា​ អាច​ច្រឡំ​នឹង​ពាក្យ “ ប៉ិច ” (ប៉ិច​ពន្លក) ឬ​ទឹក​ “ ប៉ិម ” ហៀប​និង​ហូរ​ ចូល​ទូក ។

៩-ព្យញ្ជនៈផ្ញើ​ជើង

ផ្ញើ​ជើង​ គឺ​ជា​វិធី​យក​ជើង​ព្យញ្ជនៈ​មួយ ​ទៅ​ផ្សំ​ ជា​មួយ​នឹង​ព្យញ្ជនៈ​មួយ​ទៀត ដើម្បី​បង្កើត​បាន​ជា​សំឡេង​ផ្សំ​ពីរ​បញ្ចូល​ គ្នា ឲ្យ​លាន់​ឮ​ក្នុង​ព្យាង្គ​តែ​មួយ ។ នៅ​ក្នុង​ភាសាខ្មែរ​យើង​ សម្បូរ​ ពាក្យ​ដែល​ផ្សំ​សំឡេង​ពីរ​រួម​បញ្ចូល​មក​តែ​មួយ​ព្យាង្គ​ សម្រាប់​អាន​និយាយ​ ចេញ​មក​ភ្ជាប់​គ្នា​ដូច​ជា​សំឡេង​ភ្លោះ ​។

ឧទាហរណ៍៖

ក+្ប = ក្ប មាន​ក្នុង​ពាក្យ “ ក្បាល ”

ខ+្ស = ខ្ស មាន​ក្នុង​ពាក្យ “ ខ្សត់ ”

របៀប​យក​ជើង​ទៅ​ផ្ញើ (ផ្សំ) ជា​មួយ​ព្យញ្ជនៈ “គោល” គឺ​ ព្យញ្ជនៈ​មាន​ឋានៈ​ជា​ម្ចាស់​មាន​របៀប​ប្លែកគ្នា ៖

ក-យក​ជើង​ផ្សំ​ដាក់​ពី​ក្រោម​តួព្យញ្ជនៈ​គោល ៖ ខ្លី, ឆ្មា ។

ខ-យក​ជើង​ផ្សំ​ដាក់​ពី​ឆ្វេង​តួ​ព្យញ្ជនៈ ៖ ស្រែ ។

គ-យក​ជើង​ផ្សំ​ដាក់​ពី​ក្រោម​និង​ខាង​ស្តាំ ៖ សង្ឃ, អភិវឌ្ឍ, សប្បាយ, រក្សា ។

១០-ព្យញ្ជនៈ​បន្ថែម

ដើម្បី​អាច​សម្របតម្រូវ​ជា​មួយ​សំណូរ​ម្យ៉ាងតាមបែប​ សូរ​សៀង​ជា​ភាសា​បរទេស ដែល​យើង​តែង​តែ​ខ្ចី​យក​មក​ប្រើ​ខ្លះៗ មាន​ភាសា​ បារាំង អង់​គ្លេស…. គេ​យក​តួ​ព្យញ្ជនៈ​មក​ផ្សំ​ជា​មួយ​ជើង​ព្យញ្ជនៈ ដូច​ ជា​ពាក្យ guitare= ហ្គីតារ, frein ហ្រ្វាំង, café =កាហ្វេ, George Cœdès= ហ្ស៊ក សេដែស[4] ។ល។

១១-សិថិល និង​ ធនិត

ក/ សិថិល គឺ​ព្យញ្ជនៈ​ដែល​មាន​សំឡេង​ស្រាល​ប្រមូល​ ផ្តុំ​ចេញ​សំឡេង​ដាច់​តែ​មួយ ពុំ​មាន​ខ្យល់​ផ្សំ​ពី​ព្យញ្ជនៈ​ណា​ផ្សេង ៖ ក គ ច ជ ដ ឌ ត ទ ប ព ។

ខ/ ធនិត រាល់​ព្យញ្ជនៈ​ដែល​មាន​គួប​ផ្សំ​ដោយ​សំឡេង ​​​​“ ហ ” មាន​ដូច​ជា ខ ក+ហ; ឆ ច+ហ; ឋ ដ+ហ; ថ ត+ហ; ផ ប+ហ; ឃ គ+ហ; ឈ ជ+ហ៊ ; ឍ ឌ+ហ៊; ធ ទ+ហ៊; ភ ព+ហ៊ ។

១២-ព្យញ្ជនៈ​គូ

នៅ​ក្នុង​តួ​ព្យញ្ជនៈ​ទាំង​ ៣៣​ តួ ក្នុង​ វគ្គនីមួយៗ តែង​តែ​មាន​ព្យញ្ជនៈ​ជា​គូ​នឹង​គ្នា ដែល​មួយ​មាន​សំឡេង​ អឃោសៈ ហើយ​មួយ​ទៀត​មាន​សំឡេង​ឃោសៈ​ គឺ ៖

ក/ ផ្នែក​អឃោសៈ ៖ ក​ គូ​នឹង​ ខ; ច ​គូ​នឹង ​ឆ; ដ​ គូ​នឹង​ ឋ; ត​ គូ​នឹង ​​ថ ។

ខ/ ផ្នែក​ឃោសៈ ៖ គ​ គូ​នឹង​ ឃ; ជ ​គូ​នឹង ​ឈ; ទ ​គូ​ នឹង​ ធ; ព ​គូនិង ភ ។

ចំពោះ​ព្យញ្ជនៈ​សេស​គូ នៅ​ចុង​វគ្គ​ទាំង​ ៥ ​មាន​ ង, ញ, ណ, ន, ម និង​ព្យញ្ជនៈ​សេស​វគ្គ​ទាំង​៨​តួ ​មាន ៖ យ ​រ ​ល​ វ ​ ស​ ហ ​ ឡ​ អ​ នោះ​ពុំ​មាន​គូ​ទេ ។


ផ្នែកទី ២ វណ្ណយុត្តិ (Signe Diacritique)

វណ្ណយុត្តិ គឺ​ជា​សញ្ញា​ទាំង​ឡាយ​ដែល​បង្កើត​ឡើង ដើម្បី​កែ​ប្រែ​ ផ្តួល​សំឡេង​ព្យញ្ជនៈ ឬ​ពាក្យ​ពេចន៍​ខ្លះ ឲ្យ​សម​ស្រប​ទៅ​ តាម​តម្រូវ​ការ​ប្រើ​ប្រាស់ ​ក្នុង​ភាសា​របស់​យើង ។ មិន​តែ​ប៉ុណ្ណោះ​ សញ្ញា​ ទាំង​នេះ ក៏​អាច​ជួយ​បំប្លែង​​សំឡេង​នៃ​ពាក្យ​ខ្លះ ដែល​មាន​ប្រភព​មក​ពី​ ភាសា​បាលី​ ឬ​សំស្ក្រឹត​ផង​ដែរ ។

វណ្ណយុត្តិ​ទាំង​ឡាយ​ចែក​ចេញ​ជា​ពីរ​ពួក​គឺ ៖

ក/ វណ្ណយុត្តិ​ដែល​បន្ថែម​លើ​ព្យញ្ជនៈ ដើម្បី​លម្អៀង​ ស័ព្ទ​ឲ្យ​ខ្លី​ឲ្យ​មាន​សូរ​ផ្សេង​ ឲ្យ​ប្លែក​ពី​សំឡេង​ដើម (Signes diacritiques) ។

ខ/ វណ្ណយុត្តិ​ ដែល​ប្រើ​ជា​មួយ​នឹង​ពាក្យ​ ក្នុង​ ឃ្លា​ប្រកប ដើម្បី​កាត់​ឃ្លា​ជា​ប្រយោគ​ជា​សង្កាត់ ដើម្បី​សម្គាល់​ន័យ​ សេចក្តី​ផ្សេងៗ​ ។ វណ្ណយុត្តិ​ពួក​នេះ​ហៅ​ថា “ ខណ្ឌសញ្ញា ”( Signe de ponctuation ) ។

១-មូសិកទន្ត​ ឬ​ធ្មេញ​កណ្តុរ ” ៉ “

ជា​សញ្ញា​ប្រើ​សម្រាប់​សម្លាប់, បំបែរ​សំឡេង​ ព្យញ្ជនៈ ​៧​ តួ ដែល​មាន​សំឡេង​ឃោសៈ ឲ្យ​ទៅ​ជា​អឃោសៈ គឺ ង, ញ, ប, ម, យ, រ, វ, ឲ្យ​ទៅ​ជា​សំឡេង​អឃោសៈ​វិញ ង៉, ញ៉, ប៉, ម៉, យ៉, រ៉, វ៉, ។ ប្លែក​តែ​តួ “ ប ” មួយ ដែល​មាន​សំឡេង​អឃោសៈ​ស្រាប់ ប៉ុន្តែ​គ្រាន់​តែ​លម្អៀង​សូរ​ពី ប ទៅ ប៉ ប៉ុណ្ណោះ ។ អក្សរ​ប្តូរ​សំឡេង​ទាំង​នេះ ត្រូវ​បាន​ប្រើ​ក្នុង​ពាក្យ ង៉ក់ង, ញ៉ែង​ញ៉ង, ប៉ប៉ាច់​ប៉ប៉ោច, ម៉ែឪ, យ៉ាប់​យ៉ឺន, រឿង​រ៉ាវ, វ៉ូង​វ៉ាង ។

ចំណាំ ៖ កាល​ណា​ពាក្យ​ទាំង​នេះ​ទៅ​ប្រទះ​នឹង​ស្រៈ ិ ី ឹ ឺ ើ ឧទាហរណ៍ ៖ ផ្ទះ​ប៉ិត យាប់​យ៉ឺន, ល្បែង​ចាប៉ឹក… ។ គេ​ត្រូវ​យក​ សញ្ញា (ុ) មក​ជំនួស​ធ្មេញ​កណ្តុរ​ ដែល​ដាក់​ពី​លើ ដើម្បី​កុំ​ឲ្យ​ វណ្ណយុត្តិ​នេះ ទើស​ទែង​គ្នា​ជា​មួយ​ស្រៈ​ខាង​លើ ។ ឧទាហរណ៍ ស៊ី ប៉ើង រឹងប៉ឹង ។

២-ត្រីស័ព្ទ ( ៊)[5]

ជា​សញ្ញា​សម្រាប់​ដាក់​លើ​ព្យញ្ជនៈ​ ៤ ​តួ ជា​អឃោសៈ ប, ស, ហ, អ, ឲ្យ​ទៅ​ជា​ឃោសៈ​វិញ ៖ ប៊, ស៊, ហ៊, អ៊, ។ ព្យញ្ជនៈ​ប្តូរ​សំឡេង​ ទាំង​នេះ ត្រូវ​បាន​យក​ទៅ​ប្រើ​ក្នុង​ពាក្យ សាប៊ូ, សម្ល​ស៊ុប, ហ៊ាន, ទ្រអ៊ូ… ។ កាល​ណា​សញ្ញា​ត្រីស័ព្ទ​នេះ​ជួប​ប្រទះ​នឹង​ស្រៈ ិ ី ឹ ឺ ើ ក៏​ ត្រូវ​ប្រែ​ប្រួល​រូប​មក​ជា (ុ) ដូច​ករណី​ខាង​លើ​ដែរ ឧទាហរណ៍ ស៊ីបាយ, លេង​ ហ៊ី… លើក​លែង​តែ​ពាក្យ ប៊ិច, អ៊ីចុះ​អ៊ីចឹង… ។

៣ រស្សសញ្ញា​ ឬ​បន្តក់ (់)

សម្រាប់​ប្រើ​ដាក់​ថែម​លើ​តួ​ប្រកប​នៃ​ពាក្យ​ ដែល​ កើត​ឡើង​ពី​ស្រៈ “ អ ” និង​ស្រៈ “ អា ” ហើយ​កាត់​ស័ព្ទ​វែង​ឲ្យ​ទៅ​ជា​ខ្លី ដែល​ត្រូវ​អាន​លឿន​រហ័ស​។ ឧទាហរណ៍ ៖ កាត = ស័ព្ទ​វែង, កាត់ = ស័ព្ទ​ខ្លី, ចប = ស័ព្ទវែង, ចប់ = ស័ព្ទខ្លី ។

កំណត់​សម្គាល់

ក/ ចំពោះ​តួ​ព្យញ្ជនៈ​ប្រកប​នឹង​អក្សរ “ ម ” ត្រង់​ សំឡេង​ប្រកប​លំដាប់​ទី​២​នោះ មិន​បាច់​ប្រើ​សញ្ញា “រស្សៈ” ឬ​បន្តក់ទេ ឧទាហរណ៍ ៖ ចាម់ ។ ក្នុង​ករណី​នេះ គេ​ប្រើ​និគ្គហិត( ៓) ឬស្រៈ “ ាំ” “ ចាំ ” ជំនួស​វិញ ។

ខ/ រីឯតួព្យញ្ជនៈ​ប្រកប​នឹង​អក្សរ “ យ ” ត្រង់​ សំឡេង​ប្រកប​លំដាប់​ទី​២​នោះ ក៏​មិន​បាច់​ប្រើ “ រស្សសញ្ញា ” ឬបន្តក់ដែរ, ដូច​ជា​ពាក្យ “ ចាយ់ ” ក្នុង​ករណី​នេះ​គេ​យក​ស្រៈ​ “ ៃ ” មក​ជំនួស​វិញ ព្រោះ​មាន​សំឡេង​ដូច​គ្នា ។

គ/ ចំពោះ​ពាក្យ​ទាំង​ឡាយ​ណា ដែល​ក្លាយ​មក​ពី​ភាសា​ បាលី​ឬ​សំស្ក្រឹត មិន​ត្រូវប្រើ​សញ្ញា (់) នេះ​ឡើយ ដូច​ជា​ពាក្យ បទ, សព, ភព, កុសល, ផល កិច្ចកល ធនធាន រសជាតិ លាមក … ពាក្យ​ទាំង​នេះ​មាន​សំឡេង​ខ្លី​ ស្រេច​ហើយ តាម​ទម្លាប់​អាន​បែប​បាលី​និង​សំស្ក្រឹត ។

៤-សំយោគ​សញ្ញា (័)

ក/ គេ​ប្រើ​វណ្ណយុត្តិ​នេះ​សម្រាប់​លម្អៀង​ស័ព្ទ​ របស់​ពាក្យ​ក្លាយ​មក​ពី​ភាសា​បាលី ឬសំស្ក្រឹត ដូច​ជា ៖ ភយ > ភ័យ, ជយ > ជ័យ, នយ > ន័យ, អាស្រយ > អាស្រ័យ[6], អាលយ > អាល័យ ។

ខ/ សញ្ញា​នេះ​ក៏​ប្រើ​លើ​ពាក្យ​ខ្មែរ​ខ្លះ​ ដែល​ មាន​សំឡេង​ស្ទើរ​ស្រៈ “​ អ ” និង ស្រៈ “ អា ” ដើម្បី​ឲ្យ​មាន​សូរ​សំឡេង​មួយ​ ត្រូវ​ចំនឹង​សំឡេង​ពិត​នៃ​ពាក្យ​នោះ គឺ ញ័រ, ជ័រ, ទំព័រ… ។

គ/ សម្រាប់​ប្រើ​សម្រួល​សំឡេង​ក្លាយ​ពី​ពាក្យ​ បរទេស​ខ្លះ​ៗ ដូច​ជា ដុក​ទ័រ, ប៉ាស្ទ័រ, អាំង​ហ្សេនីញ័រ, កុំព្យូទ័រ, ត្រាក់ទ័រ [7]។

៥-របាទ (៌)

វណ្ណយុត្តិ​នេះ ជា​តំណាង​អក្សរ “ រ ” ដែល​គេ​កាត់​ យក​ក្បាល​ខាង​លើ​របស់​វា​ មក​រក្សា​ទុក​ធ្វើ​ជា​សញ្ញា​របាទ (៌) ។ គេ​ប្រើ​ វណ្ណយុត្តិ​នេះ សម្រាប់​ដាក់​លើ​ពាក្យ​ដែល​ក្លាយ​មក​ពី​ភាសា​សំស្ក្រឹត ដើម្បី​សម្រួល​សំឡេង​អាន​តាម​បែប​សំឡេង​ខ្មែរ ។ គេ​កត់​សម្គាល់​ថា ពាក្យ​ បាលី​ណា ដែល​សរសេរ​តម្រួត​នោះ កាល​ណា​យើង​សរសេរ​ជា​ពាក្យ​សំស្ក្រឹត​ក្លាយ​ ខ្មែរ គេ​ត្រូវ​ដាក់ (៌) របាទ​នេះ​ជំនួស​វិញ ។

៦-អស្តា (៏)

វណ្ណយុត្តិ​នេះ គឺ​មាន​ទ្រង់​ទាយ​ជា​លេខ ៨ ប៉ុន្តែ​ បង្រួញ​ឲ្យ​តូច​ ដើម្បី​ងាយ​យក​មក​ដាក់​លើ​ព្យញ្ជនៈ “ ក ” និង “ ដ ” ដែល​ជា​ និបាត​ស័ព្ទ ។ ឧទាហរណ៍ ៖ ខ្ញុំ​ក៏​ទៅ, អ្នក​ក៏​ទៅ, ទោះ​បី​យ៉ាង​ណា​ក៏​ដោយ …។ ក្រៅ​ពី​នេះ​គេ​ប្រើ​លេខ​អស្តា សម្រាប់​ដាក់​លើ​ពាក្យ​ឧទាន​ស័ព្ទ​ខ្លះ ជា​ពាក្យ​ភ្ញាក់​ ស្ងើច​ រំភើប​… ឱហ្ន៏ នុ៎ះហ្ន៏ ។

៧-ទណ្ឌឃាត ឬ​បដិសេធ (៍)

វណ្ណយុត្តិ​នេះ មាន​រូបសណ្ឋាន​ដូច​សក់​លេខ “ ៩ ” ។ គេ​ប្រើ​ទណ្ឌឃាត ដើម្បី​ដាក់​លើ​អក្សរ​ព្យញ្ជនៈ​ណា​ ដែល​គេ​មិន​អាន ប៉ុន្តែ​ គេ​ត្រូវ​តែ​រក្សា​ទុក​ព្យញ្ជនៈ​នោះ​ជា​ចាំ​បាច់ ក្នុង​ន័យ​រក្សា​អក្ខរា​ វិរុទ្ធ​របស់​ពាក្យ និង​ជា​គ្រឿង​សម្គាល់​ជាតិ​ស័ព្ទ​របស់​ពាក្យ ។ ឧទាហរណ៍ ៖ ​ទូរទស្សន៍, ប្រយោជន៍, គមនាគមន៍, ព្រឹត្តិការណ៍, ពាក្យ​ពេចន៍, វេយ្យាករណ៍, ត្រ័យរតន៍ ។​ គេ​ច្រើន​ប្រើ​ទណ្ឌឃាត​លើ​ពាក្យ​ក្លាយ​ពី​បាលី​ និង​សំស្ក្រឹត ។ សញ្ញា​នេះ ក៏​យក​មក​ប្រើ​ចំពោះ​ពាក្យ​ខ្ចី​ពី​បរទេស​ខ្លះ សម្រាប់​រក្សា​លំនាំ​អក្ខរាវិរុទ្ធ​ដើម​របស់​ពាក្យ​ទាំង​នោះ ដូច​ជា ស៊ីម៉ងត៍, អេដស៍, អាល់​ប៊ែរត៍…។

៨-វិសជ៌នី (ះ) ឬរះមុខ

គេ​ប្រើ​សញ្ញា​នេះ សម្រាប់​ប្រកប​ជំនួស​ខ្យល់ “ ហ​ ” ជា​ពាក្យ​កាត់​កំបុត​ខ្លី ហើយ​អាន​ដោយ​បើក​ចំហមាត់​ដូច​ជា ​តិះ, រិះ, ចុះ, ចង្កើះ (ចង្កឹះ) ឈ្មោះ, ទះ, ដោះ​ដូរ, លោត​ផ្លោះ ។ល។ វា​មាន​សូរ​សំឡេង​ ស្រដៀង​នឹង​ពាក្យ​ដែល​ប្រកប​នឹង​ព្យញ្ជនៈ “ ស ” ដែរ ។

៩-យុគលពិន្ទុ(ៈ) ឬ​ហៅថា “ ចុចពីរ ” ក៏បាន [8]

គេ​ប្រើ​វណ្ណយុត្តិ​នេះ​សម្រាប់ ៖​ ដាក់​នៅ​ចុង​ ពាក្យ​មាន​កំណើត​ពី​បាលី ​ឬ​សំស្ក្រឹត ដែល​មាន​សូរ “ អាក់ ” ឬ “​ អ៊ាក់ ” ដូច​ជា លោភៈ, មោហៈ, ទោសៈ…

ចំណាំ ៖ បើ​ពាក្យ​ទាំង​នេះ​នៅ​ខាង​ដើម​គេ ដូច​ជា ពលកម្ម, វណ្ណកម្ម​ សច្ចភាព, ខេមរភាសា នោះ​គេ​មិន​ចាំ​បាច់​ដាក់​យុគល​ពិន្ទុ​ ទេ ព្រោះ​ពាក្យ​ទាំង​នេះ​ជា​សមាសនាម ។

លើក​លែង​តែ​ពាក្យ​ ៖ គណៈ ដែល​ទោះ​បី​វា​នៅ​ដើម​គេ ឬ​ កណ្តាល​គេ​ក្តី ក៏​ត្រូវ​តែ​ប្រើ​យុគលពិន្ទុ​ជា​ដរាប ឧទាហរណ៍ គណៈប្រតិភូ, គណៈកម្មការ, គណៈសង្ឃ, គណៈរដ្ឋមន្រ្តី, គណៈប្រធាន​រដ្ឋ… ព្រោះ​ថា​ ក្នុងពាក្យ​ទាំង​នេះ​ “គណៈ” មិន​ចូល​ក្នុង​សមាសនាម​តាម​ក្បួន​ខ្នាត​ វេយ្យាករណ៍​បាលី ។

លើក​លែង​តែ​ពាក្យ ៖ គណបក្ស, គណនា, គណនេយ្យ…​ ដែល​ គេ​មិន​ត្រូវ​ប្រើ​យុគលពិន្ទុ​ទេ ។

រីឯពាក្យ ៖ កាលៈ​ទេសៈ គេ​ត្រូវ​ប្រើ​យុគលពិន្ទុក​ ទាំង​ពីរ​ម៉ាត់​តែ​ម្តង​ ។ ក៏ប៉ុន្តែ បើ​គេ​សរសេរ​ពាក្យ​នេះ “ បញ្រ្ចាស ” មក​វិញ “ ទេសកាល ” នោះ គេ​មិន​ត្រូវ​ប្រើ​យុគលពិន្ទុ​ឡើយ ។

ក្នុង​សម័យ​នេះ គេ​យក​យុគលពិន្ទុ​មក​ ប្រើ​ក្លាយ​ ក្នុង​ឃ្លា​ប្រយោគ​ខ្លះ​ដែរ សម្រាប់​រាប់​រាយ​ឈ្មោះ​អ្វីៗ​ ដូច​ពាក្យ​ថា ទង់​ជាតិ​បារាំង​មាន ៣​ ពណ៌គឺ ៖ ស, ខៀវ, ក្រហម ។ ប៉ុន្តែ​ជា​ទូទៅ អ្នក​ និពន្ធ​ទាំង​ឡាយ​តែង​តែ​ប្រើ “ទ្វិពិន្ទុ​លេខ” ក្នុង​ករណី​រៀប​រាប់, ឧទ្ទេស បង្ហាញ… ព្រោះ​ការ​ប្រើ​សញ្ញា​ខណ្ឌបែប​នេះ​ត្រឹម​ត្រូវ និង​សម​ហេតុ​សម​ផល​ ជាង ។ យើង​នឹង​បាន​ឃើញ​ព្រម​ទាំង​អធិប្បាយ​ពន្យល់ អំពី​ខណ្ឌ​សញ្ញា​នេះ​នៅ​ ទំព័រ​ខាង​មុខ ។

១០-រជ្ជុស​ញ្ញា ឬ​សហសញ្ញា (-) “Trait d’union”

ជា​សញ្ញា​បន្ទាត់​ផ្ដេក​ខ្លីសម្រាប់​ប្រើ​ប្រាស់​ បាន​ច្រើន​យ៉ាង​នៅ​ក្នុង​ការ​សរសេរ​អត្ថបទ ​ឬ​តែង​និពន្ធជា​ដើម ។

ក/សម្រាប់​បំបែក​ព្យាង្គ​នៃ​ពាក្យ​មួយ​ កុំ​ឲ្យ​ អាន​ច្រឡំ​ជា​ប្រកប ​នាំ​ឲ្យ​ខុស​ពាក្យ​ដូច​ជា ទូក-ង, ​កុក-ស,​ សម្បុរ-ស,​ ខ្សែ-ក​…។

ខ/សម្រាប់​ត​ភ្ជាប់​ពាក្យ​មួយ ដែល​សរសេរ​មិន​ទាន់​ ចប់​នៅ​ចុង​ទំព័រ ហើយ​ត្រូវ​ត្រឡប់​មក​សរសេរ​នៅ​ដើម​បន្ទាត់​វិញ ។

គ/ សម្រាប់​ភ្ជាប់​ពាក្យ​មួយ​ដែល​ដាច់​គ្នា ដើម្បី​ តម្រូវ​ចាប់​ចុង​ចួន​ក្នុង​កំណាព្យ ។

ឃ/ សម្រាប់​បញ្ជាក់​អំពី​ការ​ផ្លាស់​ប្តូរ​ឃ្លា​ សន្ទនា​នៃ​តួ​ពីរ ឬ​ច្រើន​នាក់ ។

ង/ សម្រាប់​សម្គាល់​នូវ​ការ​រៀបរាប់ ជា​លំដាប់​ លំដោយ អំពី​គំនិត ​ឬ​ចំណុច​ប្លែកៗ​ ។

១១-កាក​បាទ ឬ​ជើង​ក្អែក (+)

គឺ​ជា​បន្ទាត់​ខ្លី​ពីរ ​មួយ​ផ្តេក​មួយ​ទៀត​បញ្ឈរ គូស​កាត់​ខ្វែង​គ្នា​ចំពាក់​កណ្តាល ។ គេ​ប្រើ​វណ្ណយុត្តិ​នេះ សម្រាប់​ដាក់​ លើ​ពាក្យ​ឧទាន​ស័ព្ទ​ខ្លីៗ​មួយ​ចំនួន​ ដែល​មាន​សូរ​សៀង​បង្អូស ​ឬ​ត្អូញ​ ថ្ងូរ ដូច​ជា​ពាក្យ ចា៎ះ ! បា៎ទ ! ណា៎ ! ហ្ន៎, នុ៎ះ, ណ៎ះ, អូ៎, អ្ហា៎… ។ ខាង​ផ្នែក​នព្វន្ត គេ​ប្រើ​សញ្ញា​ជើង​ក្អែក​ជា​សញ្ញា​បូក, ឧទាហរណ៍ ៖ ១៥+៣៨ ។

១២-លេខ​ទោ (ៗ)

សញ្ញា​នេះ​គេ​ប្រើ​សម្រាប់

ក/- ផ្ទួន​ពាក្យ​ដែល​តម្រូវ​ឲ្យ​ថា ឬ​អាន​ពីរ​ដង,

ខ/- សម្រាប់​បញ្ជាក់​អំពី​ចំនួន​ច្រើន ឬ ពហុវចនៈ​ ។

ចំណាំ ៖ មិន​មែន​កំណត់​ថា គ្រប់​តែ​ពាក្យ​ដែល​ត្រូវ​ ថា​ឬ​អាន​ពីរ​ដង​នោះ ត្រូវ​តែ​ដាក់​លេខ​ទោ​ទាំង​អស់​នោះ​ ទេ ។ ពាក្យ​បាលី​ ខ្លះ​ដែល​យក​មក​ប្រើ​ក្នុង​ភាសា​ខ្មែរ ដូច​ជា នានា ​ធម្មសង្វេគ គេ​ត្រូវ​ សរសេរ​ពាក្យ “នានា” នេះ​ត្រួត​គ្នា​ពីរ​ដង ដោយ​គោរព​ទៅ​តាម​វិធាន​បាលី ។ ដូច​ជា​ពាក្យ​ថា ឯហិមម…? ។ បើ​ប្រើ​ជា​មួយ​គុណនាម ​និយាយ​អំពី​ពណ៌​នោះ​ ពាក្យ​ស្ទួន​ដោយ​ប្រើ​លេខ​ទោ​ ចង់​បញ្ជាក់​អំពី​ប្រភេទ​ពណ៌ ដោយ​ឡែកៗ​របស់​ វត្ថុ ។

ចំពោះ​ពាក្យ​ខ្មែរ​ខ្លះ ដែល​មាន​សំឡេង​ដដែលៗ​ពីរ​ដង​ ដូច​ជា​បបរ កករ ត្រូវ​តែ​សរសេរ​ពីរ​ដង​ជាន់​គ្នា​ដូច្នេះ​ជា​ដរាប ។ ហាម​ ដាច់​ខាត មិន​ឲ្យ​សរសេរ បរៗ, ករៗ, បែប​នេះ​ឡើយ ។

លេខ​ទោ​ប្រើ​ក្នុង​ករណី​បញ្ជាក់​ និង​ប្រៀប​ធៀប​ ។

លេខ​ទោ​ប្រើ​ជា​មួយ​ពាក្យ​មួយ​ព្យាង្គ​ ។

លេខ​ទោ​ប្រើ​ជា​មួយ​ពាក្យ​ពីរ​ម៉ាត់​ ។

លេខ​ទោ​ប្រើ​ជំនួស​ពាក្យ​បី​ម៉ាត់​ឬ​ច្រើន​ព្យាង្គ ។

ចំណាំ ៖ លេខ​ទោ​មិន​អាច​ប្រើ​ផ្ទួន​បាន​នៅ​ខាង​ចុង​ ពាក្យ​ពិពណ៌នា អំពី​រូប​រាង​មនុស​ឬ​សត្វ ដូច​ជា កូន​គោ​នេះ​ធាត់​ទ្រលុក​លុក មុខ​ឡើង​កំប្លង់​ប្លង់​ដូច​វង់​ចន្រ្ទា ។ ស្គម​កំព្រឹង​ព្រឹង ។ មិន​ត្រូវ​ ប្រើ​លេខ​ទោនេះ​ក្នុង​ករណី​ប្រើ​ពាក្យ​ដដែល​ច្រើនដង

ផ្នែកទី​៣ ខណ្ឌ​សញ្ញា (Signes de ponctuation)

ខណ្ឌ​សញ្ញា គឺ​ជា​សញ្ញា​មាន​រូប​ភាព​ប្លែកៗ សម្រាប់​ ប្រើ​ក្នុង​ការ​សរសេរ​អត្ថបទ​ផ្សេងៗ ដើម្បី​សម្គាល់​លក្ខណៈ ទម្រង់​បែប​បទ ដែល​ជា​លំនាំ​ឲ្យ​ងាយ​យល់​ ឲ្យ​អាន​បាន​ត្រឹម​ត្រូវ ។

១-ក្បៀស ( , ) ឬ​កណ្ដក​សញ្ញា (La virgule)[9]

សញ្ញា​នេះ ប្រើ​សម្រាប់​ញែក​ពាក្យ​ក្នុង​ប្រយោគ​ឲ្យ​ ដាច់​ពី​គ្នា ទោះ​ពាក្យ​រៀប​រាប់​នោះ ជា​នាម​ក្តី ជា​គុណនាម​ក្តី ជា​ កិរិយាស័ព្ទ​ក្តី ។ គួរ​កត់​សម្គាល់​ថា ការ​ប្រើ​ក្បៀស​ក្នុង​ការ​សរសេរ​ របស់​ខ្មែរ​យើង ​ក៏​ប្រហាក់​ប្រហែល​នឹង​ការ​ប្រើ​ក្បៀស​របស់​លោក​ខាង​លិច​ ដែរ ។

ក/ ការ​ប្រើ​ក្បៀស​ក្នុង​ការ​ពិពណ៌នា រៀប​រាប់​ ជំពូក​នាម

ខ/ ការ​ពិពណ៌នា​រៀប​រាប់​អសាធារណ​នាម

គ/ ការ​ពិពណ៌នា​រៀប​រាប់​គុណនាម

ឃ/ ការ​ពិពណ៌នា​រៀប​រាប់​កិរិយាស័ព្ទ

កំណត់​សម្គាល់ នៅ​ក្នុង​ឃ្លា​ប្រយោគ​បរទេស​ដូច​ជា ភាសា​បារាំង អង់គ្លេស អេស្ប៉ាញ៉ុល​​ជា​ដើម​នោះ ប្រយោគ​ល្បះ​ណា​ដែល​ខ្មែរ​ យើង​ត្រូវ​ប្រើ​ដក​ឃ្លា គេ​ប្រើ​ក្បៀស​ទាំង​អស់ ។ នេះ​អាច​ជា​ទម្លាប់​ភាសា​ គេ ឬ​ក៏​ធ្វើ​ទៅ​តាម​ការ​តម្រូវ​ចាំ​បាច់ ​នៃ​ក្បួន​វេយ្យាករណ៍ របស់​គេ ។ អត្ថបទ​ខ្មែរ​យើង​ពី​បុរាណ ដែល​ចារ​នៅ​លើ​ក្រាំង​ក្ដី សាស្ត្រា​ស្លឹករឹត​ ក្ដី នៅ​ក្នុង​ឃ្លា​ប្រយោគ​ទាំង​អស់នោះ​ ពុំ​ដែល​មាន​ប្រើ​ក្បៀស​ទាល់​តែ​ សោះ ។ យើង​កត់​សម្គាល់​ឃើញ​ថា ចាប់​តាំង​ពី​ប្រទេស​យើង​ ឋិត​ក្រោម​របប​ អាណានិគម​បារាំង​មក ប្រហែល​ដោយ​សារ​បាន​ទទួល​ឥទ្ធិពល ​ពី​របៀប​របប​សរសេរ​ បែប​បារាំង យើង​ក៏​ចាប់​ផ្ដើម​ប្រើ​ក្បៀស​ជា​រៀង​រហូត​មក ។ ប៉ុន្តែ​ទោះ​ជា​ យ៉ាង​នេះ​ក្ដី យើង​សង្កេត​ឃើញ​មាន​ទំនោរ​ពីរ​គឺ ៖

ក/-ប្រភេទ​ជន​ដែល​បាន​រៀន​សូត្រ​ចេះ​ដឹង​ជ្រៅ​ជ្រះ​ ភាសា​បារាំង ច្រើន​សរសេរ​ប្រើ​ក្បៀស ។

ខ/-ប្រភេទ​ជន​ដែល​ចេះ​តែ​ភាសា​ខ្មែរ ក៏​ទទួល​យក​ ទម្លាប់​មត៌ក​ពី​បុព្វបុរស​ជាន់​ដើម ហើយ​សរសេរ​ឥត​ប្រើ​ក្បៀស​ទេ ។

និយាយ​រួម​មក ការ​ប្រើ​ដក​ឃ្លា ជំនួស​ក្បៀស ឬ​ប្រើ​ដក​ ឃ្លា​ផង និង​ប្រើ​ក្បៀស​ផង គឺ​មិន​មាន​អ្វី​ប្លែក​គ្នា​ខ្លាំង​ពេក​នោះ​ទេ ។ ប៉ុន្តែ​ការ​ប្រើ​ក្បៀស វា​មាន​ចរិត​ច្បាស់​លាស់​ប្រាកដ​ប្រជា​ជាង[10] ។

២-ទ្វិពន្ទុលេខ ឬ ចំណុច​ពីរ​គូស (៖)

សញ្ញា​ដែល​មាន​គំនូស​ផ្តេក​នៅ​ខណ្ឌ​ចន្លោះ​សូន្យ​ ពីរ​ ​លើ​មួយ​ក្រោម​មួយ​នេះ គេ​ប្រើ​សម្រាប់ ៖

ក/ ដាក់​នៅ​ចុង​បញ្ចប់​នៃ​ប្រយោគ ក្នុង​ន័យ​កត់​ ត្រា​សម្តី​របស់​បុគ្គល​ណា​មួយ​ ដែល​គេ​ស្រង់​យក​មក​ដាក់​ក្នុង​សញ្ញា​អញ្ញ​ ប្រកាស(“ ”) គេ​កត់​សម្គាល់​ឃើញ​ថា សញ្ញា​បែប​នេះ ច្រើន​តែ​ប្រើ​ក្នុង​ ទម្រង់​រចនាបថ​ប្រយោគ​ពណ៌នា​ក្នុង​រឿង​ព្រេង, រឿង​និទាន, ការ​និយាយ​ប្រាប់​ គ្នា​ពី​ហេតុ​ការណ៍​អតីតកាល ។ល។

ខ⁄ សម្រាប់​ដាក់​នៅ​ចុង​ប្រយោគ​ណា ដែល​ត្រូវ​បន្ត​ ទៅ​ដល់​ការ​រៀប​រាប់ ដោយ​ចាត់​ជា​ពួក, ជា​ផ្នែក ។

សម្គាល់ ៖ មិន​ត្រូវ​ច្រឡំ​យុគល​ពិន្ទុ (ៈ) ជា​មួយ​ និង​ទ្វិពិន្ទុ​លេខ (៖) ទេ ។ យុគល​ពិន្ទុ គ្រាន់​តែ​ចុច​ចំណុច​ពីរ​លើ​ក្រោម​ ប៉ុណ្ណោះ, រីឯ​ទ្វិពិន្ទុ​លេខ គឺ​មាន​សូន្យ​លើ ( ° ) សូន​ក្រោម (°) ហើយ​មាន​ រជ្ជុសញ្ញា​ខណ្ឌ​ចំកណ្តាល​ គឺ​យ៉ាង​នេះ (៖) ។ សព្វ​ថ្ងៃ​នេះ យើង​ឃើញ​គេ​ ប្រើ​យុគល​ពិន្ទុ​តាម​បែប​អឺរ៉ុប ​ជំនួស​ទ្វិពិន្ទុ​លេខ ដោយ​មក​ពី​ទម្រង់​ ពុម្ព​អក្សរ​លីម៉ុន (font Limon) ពុំ​មាន​សញ្ញា​ទ្វិពិន្ទុ​លេខ ក៏​តាំង​តែ​ យក​យុគល​ពិន្ទុ​មក​ប្រើ​ជំនួស​ឲ្យ​តែ​បាន​ៗ សិន រង់​ចាំ​អ្នក​បច្ចេក​ទេស​រក​ ឃើញ​សញ្ញា​ទ្វិពិន្ទុ​លេខ​​​ នោះ​នឹង​យក​មក​ប្រើ​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​ វិធាន​វេយ្យាករណ៍។ ប៉ុន្តែ​គេ​អាច​ប្រើ​យុគលពិន្ទុ​បាន​ នៅ​ក្នុង​ទម្រង់​ លិខិត​ខ្លះៗ​ដូច​ជា កម្មវត្ថុ[11] ៖ ស្នើ​សុំ​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ ប្រទេស​ជប៉ុន​យោងៈ លិខិត​លេខ… ចុះ​ថ្ងៃ​ទី….

កំណត់​សម្គាល់​អំពី​ការ​ប្រើ ឬ​មិន​ប្រើ​យុគលពិន្ទុ​ នៅ​ពី​មុខ​ពាក្យ ​“ថា” ៖

ក/ មិន​ប្រើ​យុគល​ពិន្ទុ ចំពោះ​តែ​ពាក្យ​ “ថា[12]” ណា​ដែល​ជា​និបាត​ស័ព្ទ​ ដែល​អាច​ប្រៀប​នឹង​ភាសា​បារាំង​ថា “Que” បាន​ដល់​ ពាក្យ​ដែល​ត្រូវ​កត់​ត្រា​សម្តី​មិន​ផ្ទាល់​របស់​តួអង្គ មាន​និយាយ​ក្នុង“ Style indirect ” របស់​ភាសា​បារាំង ដូច​ជា​ពាក្យ ​៖ ពោល​ថា, និយាយ​ថា, ទំនាយ​ទាយ​ថា, តិះ​ដៀលថា, ជេរថា, ប្រាប់​ថា… ពាក្យ​ទាំង​នេះ គេ​មិន​ត្រូវ​ ប្រើ​ដាក់​យុគល​ពិន្ទុ (ៈ) ពី​មុខ​ទេ ។

ខ/ ត្រូវ​ប្រើ​យុគលពិន្ទុ គេ​ប្រើ​សញ្ញា​យុគល​ ពិន្ទុ (ៈ[13]) ក្នុង​ករណី​កត់​ត្រា​ពាក្យ​សម្តី​ផ្ទាល់​របស់​អ្នក​និពន្ធ ត្រូវ​គ្នា​នឹង​ទម្រង់​របស់​ភាសា​បារាំង​ថា (Style direct) ។

៣-បុច្ឆន​សញ្ញា (?) (Point d’interrogation)

ជា​សញ្ញា​ប្រើ​សម្រាប់​ដាក់​ពី​ខាង​ក្រោយ​ពាក្យ, ឃ្លា, ល្បះ ចោទ​សួរ​ជា​និច្ច ។ នៅ​ក្នុង​ពាក្យ, ល្បះ, ឃ្លា, ប្រយោគ​ដែល​ចោទ​ សួរ គេ​តែង​ប្រើ​ជា​ចាំ​បាច់​នូវ​ពាក្យ ឬ​រូបមន្ត​ផ្សេង​មាន​ជា​អាទិ៍៖ តើ, ព្រោះ​អ្វី, ហេតុ​អ្វី, ដូច​ម្តេច, (ក៏, ឬ, បាន​ជា…) យ៉ាង​ម៉េច​ក៏…, អ្វី​ទៅ, ស្អីគេ, អង្កាល់, កាល​ណា, … ។ល។ ពាក្យ​សម្រាប់​សួរ​អាច​នៅ​ដើម​ ឃ្លា ឬ នៅ​ចុង​ឃ្លា​ក៏​បាន ។ ជួន​កាល​គេ​មិន​ចាំ​បាច់ ប្រើ​ពាក្យ​សួរ គេ​ គ្រាន់​តែ​ដាក់​បុច្ឆនសញ្ញា​ទៅ​ក៏​បាន​ដែរ ។

-ល្បះ, ឃ្លា, ពាក្យ​សំណួរ​ខ្លីៗ ៖ ឃ្លាន​អ្វី? ម៉េច​ ក៏​យំ? ទៅ​សាលា? ដើរ? ជិះកង់ ?

-គប្បី​កត់​សម្គាល់​ថា សំណួរ​ដដែល​គ្រាន់​តែ​ផ្លាស់​ ប្តូរ​ដាក់​ពាក្យ​ណា​មុន ពាក្យ​ណា​ក្រោយ ក៏​ឲ្យ​ន័យ ឬ រំលេច​ន័យ​ខុស​ គ្នាដែរ ។

ក្រៅ​ពី​នេះ រាល់​សំណួរ​ដែល​សុទ្ធ​តែ​មាន​បុច្ឆន​ សញ្ញា​នៅ​ចុង​ល្បះ​ដូច​គ្នា​នេះ អាច​មាន​ន័យ​ខុស​ប្លែក​គ្នា ទៅ​តាម​សំឡេង​ លើក​ដាក់​ថ្នាក់​ថ្នម គំហក​កំហែង ​អង្វរ​ករ​លន់​តួ ។ មាន​បុច្ឆន​សញ្ញ​មួយ​ បែប​ទៀត ដែល​ច្រើន​ឃើញ​ប្រើ​នៅ​ក្នុង​រូប​គំនូរ​កំប្លែង (Caricature) ។

៤-ឧទានសញ្ញា (!) (Point d’exclamation)

សញ្ញា​បង្គោល​​បញ្ឈរ​ដែល​មាន​ចំណុច (!) មួយ​នៅ​ពី​ ក្រោម​នេះ គេ​ប្រើ​សម្រាប់​ដាក់​នៅ​ពី​ក្រោយ ពាក្យ ឃ្លា ល្បះ ភ្ញាក់​ផ្អើល​ តក់​ស្លុត​ ស្ងើច ភ័យ អាសន្ន ខ្លាច បញ្ជាដាច់​ខាត បែ​បន់ អធិដ្ឋាន សម្រែក​ ជយឃោស គំរាម​កំហែង ។ ជួន​កាល​គេ​ក៏​ប្រើ​ឧទាន​សញ្ញា​ជា​មួយ​នឹង​ឃ្លា កំហឹង បន្ទោស ​ឬ​ ជេរផងដែរ ។

៥-អញ្ញប្រកាស[14] ( “…” )

គឺ​ជា​សញ្ញា​ឃ្នាប​ម្យ៉ាង ដែល​នៅ​ខាង​ដើម​មាន​រាង​ កោង​ខ្វឹក​កួច​ពីរ​ឡើង​ទៅ​លើ ឯខាង​ចុង​ជា​សញ្ញា​ខ្វឹក​ពីរ​រាង​កោង កួច​ ទម្លាក់​ចុះ​ក្រោម ។ គេ​ប្រើ​សញ្ញា​នេះ​សម្រាប់៖

ក/ គាប ឬ​កត់​ត្រា​ដក​ស្រង់​សេចក្តី​សំខាន់​របស់​ ជន​ណា​ម្នាក់ ទុក​ជា​សេចក្តី​ពិសេស​ដោយ​ឡែក ជា​ការ​រំលេច ​ឬ​បញ្ជាក់​ឲ្យ​ ប្លែក​ពី​ន័យ​របស់​បរិបទ ។

ខ/ ដក​ស្រង់​គំនិត, សម្តី​របស់​តួអង្គណា​មួយ​ក្នុង​ រឿង ។

គ/ ដក​ស្រង់​តួ​អង្គ​ណា​មួយ​ ដែល​មាន​កិត្តិស័ព្ទ​ ល្បី​ល្បាញ

ឃ/ ដក​ស្រង់​សេចក្តី​ឬ​អត្ថន័យ​មាន​លក្ខណៈ​លេច​ ធ្លោ ។

៦-អព្ភន្តរ​សញ្ញា[15] (‘…’)

សញ្ញា​នេះ ខុស​ប្លែក​ពី​អញ្ញ​ប្រកាស ដោយ​ប្រើ​តែ​ ខ្វឹក​សញ្ញា​មួយ​នៅ​ខាង​ដើម និង​ក្បៀស​សញ្ញា​មួយ​នៅ​ខាង​ចុង ។ របៀប​ប្រើ​នស​ អព្ភន្តរ​សញ្ញា​ខុស​គ្នា​បន្តិច ​ពី​សញ្ញា​អញ្ញប្រកាស ដោយ​ប្រើ​អព្ភន្តរ​ សញ្ញា​ជា​ឃ្នាប​ពាក្យ​ឋិត​នៅ​ក្នុង​រង្វង់​ផែន​ពាក្យ ​ដែល​ដាក់​ឃ្នាប​ដោយ​ សញ្ញា​អញ្ញ​ប្រកាស ។

សូម​អនុញ្ញាត​ជម្រាប​ថា៖ នៅ​ក្នុង​សៀវភៅ​ឯកសារ​ជា​ ទូទៅ​ គេ​កម្រ​ឃើញ​អ្នក​និពន្ធ​ប្រើ​សញ្ញា​នេះ​ណាស់ ។ ជួន​កាល​គេ​ប្រើ​ អព្ភន្តរ​សញ្ញា ឬ​អញ្ញ​ប្រកាស ក្នុង​គោល​ដៅ​តែ​មួយ​ដូច​គ្នា ។ នៅ​ក្នុង​ សៀវភៅ​វេយ្យាករណ៍​របស់​លោក ពូវ អ៊ុម លោក​ចាត់​ទុក​អព្ភន្តរ​សញ្ញា​ថា ជា​ សញ្ញា​អញ្ញ​ប្រកាស (​ សៀវភៅ​វេយ្យាករណ៍ ពូវ ​អ៊ុម ទំព័រ ៨ ) ចំណែក​នៅ​ក្នុង​ វចនានុក្រម​សម្តេច​ជួន​ណាត ទំព័រ ១៦៥៦-៥៧ វិញ ក៏​បង្ហាញ​អព្ភន្តរ​សញ្ញា “​ ….” មាន​រូប​សណ្ឋាន​យ៉ាង​នេះ​ដែរ ។ លោក​បាន​ពន្យល់​ពាក្យ​អព្ភន្តរ​សញ្ញា​ យ៉ាង​នេះ​ថា ៖ ពាក្យ​សន្មត​ហៅ​វណ្ណយុត្តិ ដែល​ពួក​វេយ្យាករណ៍​បណ្ឌិត​ក្នុង​ ប្រទេស​អឺរ៉ុប បង្កើត​ឡើង​សម្រាប់​ប្រើ​រាំង​ពាក្យ ឬ​សេចក្តី​មាន​រូប​ សណ្ឋាន​ពីរ​បែប​គឺ (“…”) ឬ («…»)[16] ។

ដូច្នេះ ដោយ​យល់​ឃើញ​ថា កិច្ច​ការ​សរសេរ​តែង​និពន្ធ​ នា​ពេល​បច្ចុប្បន្ន​នេះ មាន​សភាព​ល្អិត​ល្អន់​ស៊ី​ជម្រៅ និង​ហ្មត់​ចត់ យើង​ គួរ​តែ​បញ្ចូល​អព្ភន្តរ​សញ្ញា ដែល​មាន​រូប​សណ្ឋាន​បែប​នេះ ( ‘… ’ ) មក​ ប្រើ​បន្ថែម​ទៀត ដោយ​បំបែក​ចេញ​ពី​អញ្ញ​ប្រកាស ( “…” ) ។

៧-មច្ឆណ្ឌ​សញ្ញា ឬ ពងត្រី (…) (point de Suspension)

ជួន​កាល​គេ​ហៅ​ថា (ចំណុច​រាយ) ផង​ក៏មាន ។ សញ្ញា​ដែល​ មាន​ចំណុច​បី​បន្ត​បន្ទាប់​ជាប់​គ្នា​នេះ សម្រាប់​សម្គាល់​ប្រយោគ​ណា​មួយ ដែល​នៅ​មាន​សេចក្តី​បន្ត​ទៀត ប៉ុន្តែ​អ្នក​សរសេរ​បាន​ផ្អាក​បញ្ឈប់​លែង​ ពណ៌នា ដោយ​ដាក់​សញ្ញា​ពងត្រី​នេះ ប្រាប់​ជា​ដំណឹង ។ របៀប​ប្រើ​ពង​ត្រី​មាន​ បែប​ផែន​ប្លែកៗ​ដូច​តទៅ ៖

ក/ ជា​សញ្ញា​កាត់​ពាក្យ​សម្តី​គូសន្ទនា​ម្នាក់​ ដែល​កំពុង​និយាយ​ឲ្យ​ដាច់​កណ្តាល​ឃ្លា ។

ខ/ ជា​សញ្ញា​សម្រាប់​ផ្អាក​ពាក្យ​សម្តី មិន​ចង់​ និយាយ​បន្ត​ដោយ​ទុក​ឲ្យ​គូសន្ទនា​យល់ ឬ ក៏​បង្កប់​ទុក​នូវ​ពាក្យ​គំរាម​ កំហែង ពាក្យ​បណ្តាសា… ។ ​

គ/ ផ្អាក​សេចក្តី​ត្រឹម​ប៉ុណ្ណឹង​សិន ឬ​ស្លេះ​ទុក ដោយ​មិន​ចង់​ឲ្យ​សេចក្តី​មាន​ន័យ​ដូច​គ្នា​នេះ វែង​អន្លាយ​ពេក ។

ឃ/ សម្រាប់​ប្រាប់​អំពី​ពាក្យ​ឃ្លា ដែល​បាត់​រលុប​ មាន​សេចក្តី​មិន​ច្បាស់ ដក​យក​ចេញ​ពី​សិលាចារឹក​ជា​ដើម ។

៨-វង់​ក្រចក ឬ​នខសញ្ញា ( )

បាន​ជា​គេ​ឲ្យ​ឈ្មោះ​ដូច្នេះ ព្រោះ​វា​មាន​សណ្ឋាន​ រាង​កោង​ដូច​វង់​ក្រចក​យើង​ពិតៗ ។ គេ​ប្រើ​សញ្ញា​វង់​ក្រចក​សម្រាប់ ៖

ក/ គាប​ពាក្យ ឬ​សេចក្ដី​ ដែល​គេ​ចង់​ពន្យល់​ន័យ ។

ខ/ គាប​ពាក្យ​ដែល​សរសេរ​ជា​អក្សរ​កាត់ ។

៩-វង់​តង្កៀប […..]

នៅ​ក្នុង​ភាសា​ខ្មែរ​គេ​មិន​ស្រូវ​ប្រើ​សញ្ញា​វង់​ តង្កៀប​នេះ​ទេ​ព្រោះ​យើង​មាន​វណ្ណយុត្តិ​ និង​ខណ្ឌ​សញ្ញា​យ៉ាង​ច្រើន សម​ ស្រប​នឹង​ប្រើ​ក្នុង​អត្ថបទ​ជា​ភាសា​ខ្មែរ​គ្រប់​គ្រាន់​អស់​ហើយ ។ ប៉ុន្តែ​ នៅ​ក្នុង​ការ​គណនា​លេខ​ផ្នែក​ពីជគណិត​(Algèbre) យើង​យក​មក​ប្រើ​តាម​ពួក​ អឺរ៉ុប ។

១០-រ៉ាត់ ឬ​ឃ្នាប ( } ឬ { ….} ) (Accolade)

សញ្ញានេះ ខ្មែរ​ខ្លះ​ហៅ​ថា ពុក​មាត់​មេ​អំបៅ ។

ក/ នៅ​ក្នុង​មុខ​វិជ្ជា​ពីជគណិត របៀប​ប្រើ​ឃ្នាប ឬ​ រ៉ាត់​មាន​ន័យ​ដូច​គ្នា នឹង​ការ​ប្រើ​តង្កៀប ឬ​វង់​ក្រចក​ដែរ ។ គេ​តែង​តែ​ ប្រើ​រ៉ាត់​មួយ​សម្រាប់​បើក ( { ) និង​រ៉ាត់​មួយ​ទៀត​សម្រាប់​បិទ ( } ) គឺ​ បែប​នេះ {…..} ។

ខ/ រ៉ាត់​បើក និង​រ៉ាត់​បិទ​នេះ ប្រើ​សម្រាប់​គាប​ ពាក្យ​ពីរ ឬ​ច្រើន​ជា​ការ​សម្គាល់​ថា ពាក្យ​ទាំង​នោះ​មាន​មុខ​ងារ​រួម​ដូច​ គ្នា មិន​បាច់​សរសេរ​ដដែល​ច្រើន​ដង​នាំ​ខាត​ពេល ។

១១-បេយ្យាលៈ ឬ លៈ (។ល។)

គេ​មិន​សូវ​អាន​ថា បេយ្យាលៈ​ទេ ព្រោះ​វែង​ពេក ​គេ​ អាន​កាត់​យក​តែ​ខាង​ចុង​ត្រង់​សូរ​ថា ឡាក់, ឡៈ សរសេរ​ថា ៖ (។ល។) ត្រូវ​នឹង​ ពាក្យ​បារាំង​ថា (et cetera) សរសេរ​អក្សរ​កាត់​ថា (etc.) ។ ​គេ​ប្រើ​ សម្រាប់​បំព្រួញ​សេចក្តី​ឯណា​នីមួយ ឬ​ការ​រៀប​រាប់​ដែល​វែង​ឲ្យ​នៅ​ខ្លី ដោយ​ គិត​ថា អ្នក​អាន​ក៏​ដឹង​ថា នៅ​មាន​ពាក្យ និង​សេចក្តី​អ្វី​ខ្លះ​ទៀត ។

១២- ខណ្ឌ ឬ ខណ្ឌសញ្ញា (។)

គេ​ប្រើ​សញ្ញា​ខណ្ឌ​នេះ សម្រាប់​រាំង​ខាំង​ប្រយោគ ឬ​ សង្កាត់​នៃ​សេចក្តី​នីមួយៗ ឲ្យ​ដាច់​ស្រឡះ​ពី​គ្នា ។ កាល​ណា​ប្រយោគ​មួយ​ ចាប់​សេចក្តី​ហើយ​ គេ​ត្រូវ​ដាក់​សញ្ញា (។) នេះ មុន​នឹង​បន្ត​ទៅ​ប្រយោគ​មួយ​ ទៀត ។ ខណ្ឌ​សញ្ញា ធ្វើ​ឲ្យ​គេ​ងាយ​យល់ អាច​ញែក​សេចក្តី​ពី​ប្រយោគ​មួយ​ទៅ​ ប្រយោគ​មួយ មិន​ឲ្យ​ច្រឡំ​ន័យ នាំ​ច្របូក​ប្របល់ ។ ហើយ​នៅ​ចន្លោះ ខណ្ឌ​ សញ្ញា ការ​ដក​ឃ្លា ក៏​ជួយ​សម្រួល​ឲ្យ​អ្នក​អាន​ងាយ​យល់​ ងាយ​ចាប់​សេចក្តី​ បាន ។ មាន​តែ​ការ​ប៉ិន​ប្រសប់​របស់​អ្នក​សរសេរ​តែង​និពន្ធ​ទេ ដែល​អាច​យល់​ ដឹង​ដល់​ការ​ចាំ​បាច់​នៃ​ការ​ដក​ឃ្លា ការ​ដាក់​ខណ្ឌ​សញ្ញា​ឲ្យ​បាន​ត្រឹម​ ត្រូវ​ទេ ទើប​ធ្វើ​ឲ្យ​អត្ថបទ​មាន​តម្លៃ មាន​ន័យ​គួរ​ជា​ទី​ចាប់​អារម្មណ៍ ។ ប៉ុន្តែ​កាល​ណា​គេ​ត្រូវ​ប្តូរ​គំនិត​ចូល​ទៅ​វគ្គ ឬ​កថាខណ្ឌ​ថ្មីនោះ គេ​ ត្រូវ​ដាក់​សញ្ញា​ខណ្ឌ​ទៅ​ចុង​បញ្ចប់​ប្រយោគ រួច​ហើយ​ត្រូវ​ចាប់​សរសេរ​ដោយ​ ចុះ​ទៅ​បន្ទាត់​ថ្មី ជា​មួយ​នឹង​ការ​ចោល​លំហ​បន្តិច​ដែល​គេ​តែង​និយម​ហៅ​ថា ខណ្ឌ ចុះ​បន្ទាត់​ឬ​ចោល​បន្ទាត់ និង​ចាប់​ដើម​បន្ទាត់ (នេះ​ជា​ការ​ប្រាប់​ ដំណឹង​របស់​អ្នក​ហៅ​សរសេរ​តាម​សូត្រ )

១៣- ខណ្ឌចប់ ( ៕ )

ជា​សញ្ញា​សម្រាប់​ដាក់​បញ្ចប់​អត្ថបទ ឬ​រឿង​មួយ​តែ​ ត្រឹម​នេះពុំ​មាន​ត​សេចក្តី ឬ​រឿង​រ៉ាវ​ទៅ​មុខ​ទៀត​ឡើយ ។

១៤- អាទិសង្កេត ( . )

គឺ​ជា​ចំណុច​មួយ​ដែល​ដាក់​ពី​មុខ​អក្សរ ដែល​គេ​ សរសេរ​កាត់​ដូច​ជា ស.រ.អា. (សហរដ្ឋ​អាមេរិក), អ.ស.ប. (អង្គការ​ សហរប្រជាជាតិ) គ.ជ.ប. (គណៈកម្មការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត) ​ជួន​កាល​គេ​ ប្រើ​អាទិសង្កេត ដើម្បី​ដាក់​ពី​មុខ​លេខ​រៀង មាតិកា​ដែល​រៀប​រាប់​ចំណង​ជើង​ រង (Sous-titre) ដូចជា ៖

១. មង្គល​ការ អបមង្គល

២. ស្វា​ស្អប់​ចេក ក្អែក​ស្អប់​ពង​មាន់

៣. ចង់​រត់​ចេញ​ពី​សង្គម…

ជួន​កាល​ក្នុង​ករណី​ដូច​ខាង​លើ​នេះ គេ​ប្រើ​រជ្ជុ​ សញ្ញា (-) ខ្លះ ៗ ​ដែរ ។

១៥- កុក្កុដនេត្រ ឬ ភ្នែក​មាន់ (៙)

បុព្វក​វី​និពន្ធ​ខ្មែរ​ធ្លាប់​ប្រើ​សញ្ញា​នេះ សម្រាប់​ចាប់​ផ្តើម​សរសេរ​អត្ថបទ ឬ​សេចក្តី​រឿង​អ្វី​មួយ ដើម្បី​កំណត់​ទុក​ ជា​ចំណុច​ចាប់​ផ្តើម ។ តែ​ពេល​បច្ចុប្បន្ន​នេះ អ្នក​និពន្ធ កវី​លែង​ប្រើ​ សញ្ញា​នេះហើយ ។ ជា​ពិសេស​នៅ​ពេល​ចាប់​ផ្តើម​សរសេរ​កំណាព្យ នោះ​កវី​បុរាណ​ យើង​ច្រើន​ប្រើ​សញ្ញា (៙) ដូច្នេះ ។ បច្ចុប្បន្ន​នេះ មាន​កវីសម័យ​ទំនើប​ ខ្លះ​ក៏​ផ្តើម​ប្រើ​សញ្ញា​ផ្នែក​មាន់ ដែល​មាន​ក្បៀស​ពីរ​នេះ នៅ​ពេល​ចាប់​ ផ្តើម​បើក​បទ​កំណាព្យ ។

១៦-ខណ្ឌបរិយោសាន ឬ គោ​មូត្រ (។៚)

គឺ​ជា​សញ្ញា​យក​តាម​រូប​សណ្ឋាន​ដាន​នោម​គោ ដែល​នោម​ ផង​ដើរ​ផង បណ្តាល​ឲ្យ​មាន​រាង​ក្ងិ​ក្ងក់​បែប​នេះ ហើយ​ខ្មែរ​បុរាណ​ក៏​សន្មត​ យក​មក​ធ្វើ​ជា​សញ្ញា​ខណ្ឌ​បញ្ចប់ ដែល​ហៅ​តាម​ពាក្យ​បាលី​ថា “គោ​មូត្រ” គឺ​ នោម​គោ​ដូច្នេះ​ទៅ ។ ចាស់​បុរាណ​លោក​ប្រើ​ខណ្ឌ​បរិយោ​សាន ឬ បរិយាន ឬ​គោ​ មូត្រ​នេះ សម្រាប់​បញ្ជាក់​សេចក្តី​និយាយ​ពី​រឿង​រ៉ាវ​អ្វី​មួយ​ឬ​អត្ថបទ​ បទ​បាទ​បាលី​គាថា​ណា​មួយ ។ សព្វ​ថ្ងៃ​នេះ អ្នក​និពន្ធ​មួយ​ចំនួន បាន​ប្រើ​ សញ្ញា​ពីរ​គឺ៖ ឬ​មួយ ៕ ឬ​មួយ ។៚ ។ ការ​​​​ប្រើ​គោមូត្រ​នេះ គឺ​ចង់​រក្សា​ សម្បត្តិ​វប្បធម៌​ពី​បុរាណ​ឲ្យ​នៅ​គង់​វង្ស ។យើង​ឃើញ​អ្នក​កាសែត​មួយ​ចំនួន មាន​ប្រើ​សញ្ញា​គោ​មូត្រ​ផង​ដែរ ៕៚

១៧-អំពី​លេខ​ខ្មែរ

តាំង​ពី​យូរ​មក​ហើយ ​ខ្មែរ​យើង​ប្រើ​លេខ ព្រម​ជា​ មួយ​នឹង​ការ​បង្កើត​តួ​អក្សរ សម្រាប់​ចារឹក ​និង​កត់​ត្រា​​ហេតុ​ការណ៍​ ផ្សេងៗ ។ លេខ​មាន​សារៈ​សំខាន់​ ជា​ពិសេស​ក្នុង​ការ​កត់​ត្រា​ចំនួន​លុយកាក់​ គោ​ក្របី ស្រែ​ភ្លឺ​ ខ្ញុំ​កំដរ… ។ កត់ត្រា អាយុ (ចំនួន​ឆ្នាំ) ដែល​ខ្លួន​ រស់​នៅ​កត់​ត្រា​ចំនួន​ប្រាក់ ដែល​គេ​មក​ខ្ចី​បុល… ។ នៅ​ពេល​បច្ចុប្បន្ន លេខ​ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់​គណនា​លុយ​កាក់​ថវិកា​ចំណូល​ចំណាយ ។ ពិសេស​ស្ថាប័ន​ហិរញ្ញវត្ថុ, ស្ថាប័ន​សេដ្ឋកិច្ច, ធនាគារ, ពាណិជ្ជកម្ម ត្រូវ​ ការ​ប្រើ​ប្រាស់​តួលេខ​ជា​ចម្បង​បំផុត ។ ព្រោះ​តែ “លេខ” មាន​តួនាទី​សំខាន់​ នៅ​ក្នុង​សង្គម​នេះ​ហើយ ​ទើប​មាន​ពាក្យ​ស្លោក​មួយ​ឃ្លា​ចែង​ថា​៖​“សម្តីជាឯក ​លេខ​ជា​ទោ អក្សរ​ជា​ត្រី ” តាំង​ពី​សម័យ​ដើម​មក​ទល់​ពេល​នេះ ទម្រង់​បែប​ ផែន​លេខ​ដែល​ខ្មែរ​យើង​ប្រើ​ប្រាស់​មាន៖

ក/ លេខ​ទំនើប​ដែល​ខ្មែរ​យើង​ប្រើ​សព្វ​ថ្ងៃ​គឺ ៖

0, ១, ២, ៣, ៤, ៥, ៦, ៧, ៨, ៩ ។

ខ/ លេខ​អារ៉ាប់ ៖

0, 1, 2, 3, 4, 5, 6, 7, 8, 9 ។

ស្ទើរ​តែ​នៅ​លើ​សកល​លោក​ គេ​ប្រើ​លេខ​នេះ ទុក​ដូច​ ជា​លេខ​អន្តរ​ជាតិ​ទៅ​ហើយ ។

គ/ លេខ​ខ្មែរ​បុរាណ

លេខ​ប្រភេទ​នេះ មាន​តែ​ពួក “ ហោរា ” (Astrologue) ប៉ុណ្ណោះ ​ដែល​ប្រើ​ក្នុង​ការ​ទស្សន៍​ទាយ ជោគ​តារាសី​ឲ្យ​មនុស្ស​ទូទៅ និង​ ទស្សន៍​ទាយ​មើល​សុខ​ទុក្ខ, ​ព្រឹត្តិការណ៍, ទឹក​ភ្លៀង​ ឬ​កេណ្ឌ​ធារាសាស្រ្ត​ ផលាផល​ប្រចាំ​ឆ្នាំ សម្រាប់​ចុះ​ផ្សាយ​ក្នុង​មហាសង្រ្កាន្ត ។ គេ​រាប់​លេខ​នេះ​ ថា ៖ ឯក, ទោ, ត្រី, ចត្វា, បញ្ច, ឆ, ស័ប្ត, អដ្ឋ, នព, សំរិទ្ធិ ។ សូម​បង្ហាញ​ ជូន​នូវ​រូប​សញ្ញា​នៃ​លេខ​ខ្មែរ​បុរាណ​ដូច​ខាង​ក្រោម ៖
៰, ៱, ៲, ៳, ៴, ៵, ៶, ៷, ៸, ៹ ។

ឃ/លេខ​រ៉ូម៉ាំង (Chiffre romain)

លេខ​រ៉ូម៉ាំង ច្រើន​សរសេរ ៖

ក- នៅ​លើ​មុខ​នាឡិកា​ប៉ោល​ព្យួរ​ជញ្ជាំង

ខ- សម្រាប់​កត់​ត្រា ភាគ, ជំពូក, ផ្នែក, នៃ​អត្ថបទ ឯកសារ​សៀវភៅ​ផ្សេងៗ ។ខាងក្រោម​នេះ គឺ​រូប​សញ្ញា​តួនៃ​លេខ​រ៉ូម៉ាំង I, II, III, IV, V, VI, VII, VIII, IX, X [17]។

នៅ​​​កម្ពុជា​យើង​ គេ​ប្រើ​ទាំង​អស់ លេខ​ទាំង​ ប៉ុន្មាន​ដែល​បាន​បង្ហាញ​ជូន​ខាង​លើ ។ លើក​លែង​តែ​អស់​លោក​“ហោរា” ទេ ដែល​ ប្រើ​លេខ​ខ្មែរ​បុរាណ ក្នុង​ការ​គណនា​ទស្សន៍ទាយ តាម​លេខ​អត្តៈ​ទស្សន៍​ទាយ ជោគ​ជតា​រាសី ។

១៨-ការ​ចុះ​កាល​បរិច្ឆេទ

ការ​ចុះ​កាល​បរិច្ឆេទ​មាន​តួនាទី​សំខាន់​ជា​ចម្បង ព្រោះ​តាម​រយៈ​កាល​បរិច្ឆេទ គេ​អាច​ដឹង​អំពី​កាល​វេលា ​ដែល​ព្រឹត្តិ​ការណ៍​ ប្រវត្តិសាស្រ្ត​នានា​បាន​កើត​ឡើង ។ ឧ. កាល​បរិច្ឆេទ​នៃ​ការ​ឡើង​សោយ​រាជ្យ​ នៃ​ស្តេច​អង្គណាមួយ, កាល​បរិច្ឆេទ​នៃ​ការ​កសាង​ប្រាសាទ… កាល​បរិច្ឆេទ​នៃ​ ជ័យ​ជម្នះ​របស់​ជាតិ​យើង ​ទៅ​លើ​គូស​ត្រូវ កាល​បរិច្ឆេទ​នៃ​ការ​ចាក​ចោល​ ក្រុង​អង្គរ… កាល​បរិច្ឆេទ​នៃ​ការ​ផ្លាស់​ប្តូរ​រាជធានី ។ល។ នៅ​ក្នុង​ គ្រួសារ​មួយ ​ការ​សាង​សង់​ផ្ទះ​ថ្មី ក៏​មាន​ចារឹក​កាល​បរិច្ឆេទ​ទុក​ជា​ សម្គាល់ ​សម្រាប់​ឲ្យ​សមាជិក​គ្រួសារ​ជំនាន់​ក្រោយៗ​បាន​ដឹង​។ នៅ​តាម​ចេតិយ ម៉ុង​បញ្ចុះ​សព ក៏​គ្រួសារ​នីមួយៗ តែង​តែ​សរសេរ​ឈ្មោះ បុគ្គល​ជា​សាច់​ញាតិ​ ដែល​ស្លាប់ ។

– ការ​ចុះ​កាល​បរិច្ឆេទ​តាម​បែប​បុរាណ

ចាប់​ពីរវាង​សតវត្សទី១៦ រហូត​មក​ទល់​​​ដើម​សម័យ​ ភ្នំ​ពេញ​បុព្វ​បុរស​យើង​ប្រើ​របៀប​ម្យ៉ាង​ សម្រាប់​ធ្វើ​ជា​រូប​មន្ត​នៃ​​ ការ​ចុះ​កាល​បរិច្ឆេទ ។ គោល​សំខាន់​នៃ​រូប​មន្ត​នោះ គឺ​លោក​ដាក់​សញ្ញា​ខណ្ឌ (។) ទុក​ជា​គោល​សម្រាប់​ធ្វើ​ស្នូល​កណ្តាល ។ យើង​ឃើញ​ការ​ចុះ​កាល​បរិច្ឆេទ​ របៀប​នេះ នៅ​លើ​ចេតិយ នៅ​លើ​សំណង់​ផ្សេងៗ ខាង​ពុទ្ធសាសនា ជា​ពិសេស យើង​ឃើញ​ នៅ​គ្រប់​តែ​សន្លឹក​ខាង​ដើម​បំផុត ឬ​សន្លឹក​ចុង​បញ្ចប់​នៃ​សាស្រ្តា​សឹ្លក​ រឹត ។ ឧទាហរណ៍៖ ថ្ងៃ​អង្គារ ១១ កើត ពិសាខ ព.ស. ២៥៤៩ គ.ស. ២០០៥ នោះ​គេ​សរសេរ​ បែប​នេះវិញ ៖

ព.ស. ២៥៤៩
៣ ᧫ ៦ ឆ្នាំ​មមែ  ——————–
គ.ស. ២០០៥

នេះ​គឺ​ជារបៀប​ចុះ​កាល​បរិច្ឆេទបែប​សង្ខេប​ខ្លី ។ ខ្ញុំ​គ្រាន់​តែ​សូម​ជម្រាប​ថា ដើម្បី​ចេះ​ចុះ​កាល​បរិច្ឆេទ​របៀប​បុរាណ​នេះ គេ​ត្រូវ​ចេះ​ចាំ​ថ្ងៃ​ទាំង​ ៧ ឲ្យ​ស្ទាត់ គឺ ​អាទិត្យ (លេខ១) ច័ន្ទ (លេខ២) អង្គារ (លេខ៣) ពុធ (លេខ៤) ប្រហស្បតិ៍ (លេខ៥) សុក្រ (លេខ៦) សៅរ៍ (លេខ៧) ។ រួច​ហើយ​ត្រូវ​ចេះ រាប់​ខែ​ចន្ទគតិ​ឲ្យ​ស្ទាត់ ​ដោយ​ដាក់​លេខ​ឲ្យ​ខែ​នីមួយៗ​ ផង​គឺ៖ មិគសិរ (លេខ១) បុស្ស (លេខ២) មាឃ (លេខ៣) ផល្គុន (លេខ៤) ចេត្រ (លេខ៥) ពិសាខ (លេខ៦) ជេស្ឋ (លេខ៧) អាសាឍ (លេខ៨) ស្រាពណ៍ (លេខ៩) ភទ្របទ (លេខ១០) អស្សុជ (លេខ១១) កត្តិក (លេខ១២) ។​ ការ​គិត ​ខ្នើត​ រនោច គឺលោក​កំណត់​ឲ្យ​ ដាក់​ខ្នើត​នៅ​ខាង​លើ​សញ្ញា​ខណ្ឌ, ឲ្យ​ដាក់​រនោចនៅ​ខាង​ក្រោម​សញ្ញាខណ្ឌ ។ ឧទាហរណ៍ ៖ ថ្ងៃ​សៅរ៍ ៣ រោច ខែ អាសាឍ គ.ស. ២០០១ ព.ស. ២៥៤៨ ត្រូវ​សរសេរ​ដូច​ ខាង​ក្រោម ៖​

៧᧳៨ ​ឆ្នាំ​ឆ្លូវ
ព.ស. ២៥៤៨  ——————–
គ.ស. ២០០៤

១៩-អំពី​ទម្រង់​ផ្សេងៗ ​នៃ​អក្សរ​ខ្មែរ ( Les différents types de caractères Khmers )

អក្សរ​ខ្មែរ មាន​ទ្រង់​ទ្រាយ​ច្រើន​បែប, មាន​ដូច​ជា ៖

ក/ អក្សរ​ជ្រៀង (Ecriture penchée) ៖

អក្សរ​ជ្រៀង​ គឺ​ជា​អក្សរ​ដៃ (manuscrit) មាន​ ជំហរ​រាង​ទ្រេត​ទៅ​មុខ ។

ខ/ អក្សរ​ត្រង់ (Eeriture droite)

គឺ​ជា​ទម្រង់​អក្សរ ​ដែល​គេ​សរសេរ​ ឲ្យ​មាន​ជំហរ​ ត្រង់​ ទៅ​លើ​តាម​ទំនង​បន្ទាត់​បញ្ឈរ (vertical) ។ ប៉ុន្តែ គេ​កម្រ​ឃើញ​ ទម្រង់​អក្សរ​ សរសេរ​ទ្រេត​​ទៅ​ខាង​ឆ្វេង​ណាស់ (ទ្រេត​ទៅ​ក្រោយ) ។

គ/ អក្សរ​មូល[18]

អក្សរ​មូល គឺ​ជា​ប្រភេទ​អក្សរ ដែល​មាន​ទម្រង់​មូល ។ គេ​ច្រើន​សរសេរ​អក្សរ​មូល ​នៅ​ក្នុង​សៀវភៅ​ធម៌ ជា​ភាសា​បាលី ឬ សំស្ក្រឹត ។ ម្យ៉ាង​ទៀត ការ​សរសេរ​មន្ត​អាគមគាថា លើ​កន្សែង​យ័ន្ត​លើ​អាវ​តេជះ សាក់​លើ​ ខ្លួន​ប្រាណ, ក៏​គេ​និយម​ប្រើ​អក្សរ​មូល​ដែរ ។ នៅ​ទូទាំង​ស្រុក​សៀម(ថៃ) កាល​ ណា​គេ​សរសេរ​បាលី​គាថា​ មន្ត​អាគម​ គឺ​គេ​សរសេរ​អក្សរ​មូល​ខ្មែរ​ទាំង​អស់ ។ គេ​និយម​យល់​ថា កាល​ណា​គេសរសេរ​អក្សរ (​សៀម) នៅ​លើ​យ័ន្ត​ មន្ត​អាគម​គាថា នោះ​មិន​ពូកែ​សក្តិសិទ្ធិ ​ដូច​សរសេរ​អក្សរ​មូល​ខ្មែរ​ទេ ។

ករណី​លើក​លែង

ប៉ុន្តែ​ដោយ​ឡែក ហើយ​នេះ​ជា​ករណី​ពិសេស ដែល​ជា​ ទម្លាប់​របស់​ខ្មែរ​យើង​ស្រាប់​ផង នៅ​លើ​ស្លាក (Enseigne) យីហោផ្ទះ​ជំនួញ ស្លាក​របស់​មន្ទីរ​ក្រសួង​នានា ឈ្មោះ​ចំណង​ជើង​សៀវភៅ​ឈ្មោះ​អ្នក​និពន្ធ… នោះ​គេ​ច្រើន​តែ​សរសេរ​អក្សរ​មូល​ផង​ដែរ ។ ឧទាហរណ៍ ៖

រោង​ចក្រ​ម៉ុង​ហួត, ក្រសួង​ឧស្សាហកម្ម រ៉ែ និង ថាម​ ពល, វចនានុក្រម​បារាំង-ខ្មែរ ដោយ​លោក តិប យក់, ថាវ-គន្ធ សម ថាំង​… ។ល។

ឃ/ អក្សរ​ខម[19]

អក្សរ​ខម​នេះ មាន​ទម្រង់​ទ្រង់​ទ្រាយ​មូល ​ ប្រហាក់​ប្រហែល​នឹង​អក្សរ​មូល​ដែរ ប៉ុន្តែ​មាន​ចំណុច​ប្លែក​គ្នា​ខ្លះៗ ដូច​ ជា៖

-អក្សរ “ក” មាន​ពីរ​ជាន់ ជើង​បី​បែប​នេះ “ក” ។

-គ្រប់​តួ​អក្សរ ច្រើន​តែ​មាន​ងៀង​ជ្រុង​បន្តិច ​ នៅ​ត្រង់​ចុង​មុម​ ។

-អក្សរ “ឞ ” មាន​បន្ទាត់ វះ​ពោះ​ភ្ជាប់​ពី​ម្ខាង​ ដល់​ម្ខាង “ម”[20] ។

-ស្រៈ “ ែ ” មាន​ទម្រង់​បែប​នេះ “ែ”[21]

គេ​ប្រើ​សរសេរ​អក្សរ ​ខម ប្រហាក់​ប្រហែល​គ្នា​នឹង​ អក្សរ​មូល​ដែរ តែ​មិន​សរសេរ​ក្នុង​យ័ន្ត គាថា​ទេ ។ គេ​ច្រើន​សសេរ​ចុះ​ចំណង​ ជើង​សៀវភៅ , ចំណង​ជើង​អត្ថបទ , ឈ្មោះ​ជំពូក, វគ្គ, ផ្នែក​នៃ​សៀវភៅ​មួយ ។ ដោយ​ចង់​ថែរក្សា​ទម្រង់​អក្សរ​ បន្សល់​ទុក​មក​ដោយ​បុព្វបុរស​ខ្មែរ គេ​ចម្លង​ គំរូ​អក្សរ​ខម​នេះ ពី​សិលាចារឹក ក្រោយ​អង្គរ​ខ្លះ ពីសាស្រ្តា​ស្លឹក​រឹត​ ខ្លះ រក្សា​ទុក​ជា​កេរមត៌ក​ខាង​អក្សរ​សាស្រ្ត កុំ​ឲ្យ​បាត់​បង់ ។

២០-ការ​ប្រើ​ឈ្មោះ​ខែ​តាម​បែប​បារាំង

តាំង​ពី​ប្រទេស​យើង​​​ឋិត​នៅ​ក្រោម​រដ្ឋការ​អាណា​ ព្យាបាល​បារាំង​មក ក្រៅ​ពី​ប្រើ​កាល​បរិច្ឆេទ​តាម​បែប​ចន្ទគតិ ខ្មែរ​យើង​ ប្រើ​កាល​បរិច្ឆេទ​បែប​សុរិយ​គតិ​តាម​បារាំង ព្រោះ​រដ្ឋការ​របស់​បារាំង​និង​ ខ្មែរ​យើង​ មាន​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​ជា​ប្រចាំ ។ ម្យ៉ាង​ទៀត​ឥទ្ធិពល​ បារាំង ទាំង​នយោបាយ ​និង​វប្បធម៌ តែង​តែ​គ្រប​សង្កត់​មក​លើ​យើង​ជា​និច្ច ។ សូម​ជម្រាប​បញ្ជាក់​ថា បារាំង​ពុំ​មាន​ប្រើ​ឈ្មោះ​​ឆ្នាំ ជូត, ឆ្លូវ, ខាល, ថោះ, រោង…. ដូច​យើង​ទេ គឺ​គេ​ប្រើ​ឆ្នាំ​តាម​គ្រិស្តសករាជ ។ឧទាហរណ៍៖

គ្រិស្តសករាជ ២០០៧ ។ ក្រៅ​ពី​ប្រើ​ឆ្នាំ​តាម​ គ្រិស្ត​សករាជ បារាំង​ប្រើ​ខែ​សុរិយគតិ​ដូច​ជា Janvier (ហ្សង់​វី​យេ), Février (ហ្វេ​វ្រីយេ), Mars (ម៉ាស់), Avril (អាវ្រីល), Mai (ម៉េ), Juin (យូវ៉ាំង), Juillet (ស៊ូយ៉េត), Août (អ៊ូត), Septembre (សេបតមប្រិ៍), Octobre (អុកតូប្រិ៍), Novembre (ណូវ៉មប្រិ៍) និង Décembre (ដេសម​ប្រិ៍) ។

​ក្រោយ​មក ក្នុង​រវាង​បណ្តា​ឆ្នាំ ទសវត្ស​ទី​៦០ គណៈកម្មការ​វប្បធម៌​ជាតិ បាន​បង្កើត​ឈ្មោះ ខែ​សុរិយគតិ​ទាំង​១២ ជា​ភាសា​ បាលី​ជំនួស​ខែ​សុរិយគតិ​បារាំង ​ដូច​ខាង​ក្រោម​នេះ ៖

១.  Janvier  យ៉ាំង​វី​យេ  មករា
២. Février ហ្វេ​ វ្រីយេ កុម្ភៈ
៣.  Mars  ម៉ារ្ស  មីនា
៤.  Avril  អាវ្រីល  មេសា
៥.  Mai  ម៉េ  ឧសភា
៦.  Juin  យូវ៉ាំង  មិថុនា
៧.  Juillet  ស៊ូយេត  កក្កដា
៨.  Août  អ៊ូត  សីហា
៩.  Septembre  សេបតមប្រិ៍  កញ្ញា​
១០.  Octobre  ឧកតូប្រិ៍  តុលា
១១.  Novembre  ណូវ៉មប្រិ៍  វិច្ឆិកា
១២.  Décembre  ដេសមប្រិ៍  ធ្នូ

នេះ​ជា​ដំណាក់​កាល​នៃ​ការ​វិវត្តន៍​របស់​ភាសា​ និង​ អក្សរ​សាស្រ្ត​ខ្មែរ​យើង​ ក្នុង​ជំហាន​ថ្មី​មួយ​ទៀត ។ ប៉ុន្តែ សូម​ជម្រាប​ថា ឈ្មោះ​ខែ​ថ្មី​របស់​ខ្មែរ​យើង ​ដែល​យក​មក​ជំនួស​ខែ​សុរិយគតិ​បារាំង​(ឬសកល) នេះពុំ​អាច​យក​ទៅ​ប្រើ​ប្រាស់​ក្នុង​ផ្នែក​ហោរាសាស្រ្ត​សម្រាប់​ទស្សន៍ទាយ ជោគ​ ជតារាសី ​គ្រោះ​កាច ​គ្រោះ​ជា… បាន​នោះ​ឡើយ ។ ហោរា​ខ្មែរ​នៅ​តែ​ប្រើ​ខែ​ខាង​ ចន្ទគតិ ​សម្រាប់​គន់​គូរ​ដដែល​ដូច​ជា -មិគសិរ= លេខ ១ -ជេស្ឋ = លេខ ៧
-បុស្ស = លេខ ២ -អាសាឍ = លេខ ៨
-មាឃ= លេខ ៣ -ស្រាពណ៍= លេខ ៩
-ផល្គុន = លេខ ៤ -ភទ្របទ = លេខ ១០
-ចេត្រ = លេខ ៥ -អស្សុជ = លេខ ១១
-ពិសាខ = លេខ ៦ -កក្តិក = លេខ ១២

ពាក្យ​អញ្ញត្រ​ស័ព្ទ (Les mots exceptionnels)

គឺជា​ពាក្យ​មាន​លក្ខណៈ​ពិសេស ខុស​ប្លែក​ពី​ពាក្យ​ឯ​ ទៀតៗ​ដោយ​ អក្ខរាវិរុទ្ធ​មិន​ចំណុះ​និង​សូរ​សំឡេង។

ឧទាហរណ៍

-អ្នក= អាន​ថា =“នាក់” សរសេរ​ជា អ + ្ន + ក=អនក=អ្នក=នាក់ ។

-អញ=អានថា =“អាញ់” សរសេរ​ជា =អញ ។

-(ខាង)លិច(ទិស) អានថា=​“ឡិច” សរសេរ​ជា =លិច ទិស​ ដែលព្រះ​អាទិត្យ​លិច ។

-មាតា=អាន​ថា =“មាដា” សរសេរ​ជា =មាតា= ត> ដ; បាលី​ មាតា(មា+តា) អាន​ជា​សំឡេង​ខ្មែរ=​ម៉ែ ។

-មណ្ឌប. ន. អានថា មាន់​ដប់ = វិមាន, រោង ។

-ភ្នំ​ព្រះ​សុមេរុ = អាន​ថា “ព្រះ​សុម៉ែ” ភ្នំ​ ខ្ពស់​ជាង​គេ​ក្នុង​លោក ។

-ខេត្ត = អាន​ថា “ខែត” មក​ពី​បាលី ខេត្ត=​ស្រែ ។

-វិសេស= អានថា “វិសែស” មក​ពី​បាលី វិសេស=​ ភាព​ ប្លែក ។

-សេពគប់= អាន​ថា “សែបគប់” ទាក់​ទង​រាប់​រក; បាលី​ ក្លាយ​ខ្មែរ ។

-តេមិយៈ= អាថា “ឌីម៉ែ​ ឬ ព្រះ​ឌីម៉ែ” រឿង​ទី​ ១ ​ ក្នុង​ទសជាតក; … ។

-តេជោ= អានថា “ដែជោ” មក​ពី​បាលី “តេជ”= អំណាច ។

-បណ្ឌិត=ហៅ​ក្លាយ​ជា “អន្ទិត” មក​ពី​ពាក្យ​បាលី=​ជន​ អ្នក​មាន​ប្រាជ្ញា ។​

-បេតី= អាន​ថា “ប៉ែតី”, ក្លាយ​មក​ពី​ “បីតិ” ។

-ចេតិយ= អាន​ថា “ចែដី” មក​ពី​ពាក្យ​​បាលី=​ទីដែល​គេ​ គោរព​បូជា ។

-ចេស្តា= អានថា “ចែស្តា” មក​ពី​សំស្ក្រឹត=សង្វាត​ ប្រឹង​ប្រែង ។

-ចេតនា= អាន​ថា “ចែតាណា” មក​ពី​បាលី​= ផ្តួច​គិត,​ ផ្តោត​ចិត្ត ។

-ព្រះ​ធរណី= អានថា “ព្រះធរនី” មក​ពី​បាលី​ ,សំស្ក្រឹត= ផែន​ដី[22] ។

-ប្រពៃណី= អានថា “ប្រពៃនី[23]” មក​ពី​បាលី= ទំនៀម, ពូជពង្ស ។

-អនុលោម= អានថា “អនុឡោម” មក​ពី​បាលី=​ បណ្តោយ​តាម, យល់​តាម ។

ខ្ញុំ​ស្រង់​ពាក្យ “អញ្ញត្រស័ព្ទ” ខ្លះៗ​ប៉ុណ្ណេះ​ យក​បង្ហាញ​ជូន​អស់​លោក ​គ្រាន់​បាន​ជា​គំរូ​ប៉ុណ្ណោះ ។ នៅ​មាន​ពាក្យ​ប្រភេទ​ នេះ​ច្រើន​ទៀត ។ សូម​អស់​លោក​ជួយ​ស្រាវ​ជ្រាវ​បន្ថែម តាម​ការ​គួរ ។ សង្កេត ៖ ក្នុង​ចំណោម​អញ្ញត្រ​ស័ព្ទ​ទាំង​អស់​នេះ យើង​សង្កេត​ ឃើញ​មាន​លក្ខណៈ​ ពិសេស ៥ យ៉ាង​គឺ ៖

១-ពាក្យ​ទាំង​នេះ​ ច្រើន​តែ​ក្លាយ​មក​ពី​ពាក្យ​បាលី​ និង​សំស្ក្រឹត ។

២-យក​សំឡេង “ ដ ” មក​ជំនួស សំឡេង “ ត ” ; ឧ. បីដា ‹​ បិតា​ ។

៣-យក​ស្រៈ “ ែ ” មក​ជំនួស​ស្រៈ “ េ ” ឧ. ចែដី ‹​ ចេតិយ ។

៤-យក​ព្យញ្ជនៈ​សំឡេង “ អ៊ ” មក​ជំនួស​ព្យញ្ជនៈ​ សំឡេង “ អ ” ; ឧ. ព្រះ​ធរនី ‹​ ព្រះ​ធរណី, ប្រពៃនី ‹​ ប្រពៃណី ។

៥-យក្យ​ព្យញ្ជនៈ​សំឡេង “ អ ” មក​ជំនួស​ព្យញ្ជនៈ​ សំឡេង “ អ៊ ” ឧ.ទិស​ខាង​ឡិច …។ បាតុ​ភូត​អញ្ញត្រ​ស័ព្ទ​ គឺ​ជា “សោភ័ណ​ ភាសា” ដែល​ទាំង​អ្នក​អក្សរ​សាស្រ្ត​ ទាំង​មហាជន​ព្រម​ព្រៀង​គ្នា​ប្រឌិត​ឡើង សម្រាប់​សម្រួល​ការ​និយាយ​ស្តី ឲ្យ​ស្រួល​មាត់ ។ រីឯការ​សរសេរ​វិញ​ ត្រូវ​ តែ​គោរព​អក្ខរាវិរុទ្ធដោយ​អនុលោម​ទៅ​តាម​ជាតិ​សព្ទ​(Etymologie) របស់​ពាក្យ ។

២១- អក្ស​រ​កាត់

នៅ​ក្នុង​ការ​សរសេរ​អត្ថបទ​ផ្សេងៗ ជួន​កាល​គេ​សរសេរ​ ពាក្យ​នៅ​ក្នុង​ឃ្លា​ណា​មួយ​ដោយ​ប្រើ​ពាក្យ​ពេញលេញ​ទាំង​ស្រុង​តែ​ម្ដង ។ ឧ. អង្គការសុខភាព​ពិភពលោក (O.M.S.) ។ ជួន​កាល​ក្នុង​កាលៈទេសៈ​ខ្លះ​ទៀត ដោយ​គេ​ ចង់​ចំណេញ​ពេល ចំណេញ​ក្រដាស គេ​តែង​តែ​រិះរក​វិធី​បំព្រួញ​សង្ខេប​ពាក្យ​ ពេញលេញ​នោះ​ឲ្យ​ខ្លី ប៉ុន្តែនៅ​តែ​រក្សា​បាន​អត្ថន័យ​ខ្លឹមសារ​វា​ទាំង​ ស្រុង​ដដែល ។

ឧទាហរណ៍៖

អង្គការសហប្រជាជាតិ ​រួម​មក​នៅ​ត្រឹម អ. ស. ប.

សហរដ្ឋ​អាមេរិក ​ ស. រ. អា.

គណកម្មាធិការ​ជាតិ​ភាសាខ្មែរ គ. ជ. ភ. ខ.

សេចក្ដី​ជូន​ដំណឹង ស. ជ. ណ.

វិធី៖ គេ​ជ្រើស​យក​ព្យញ្ជានៈ​​ក្នុង​ពាក្យ​ណាមួយ​ ធ្វើ​ជា​គោល​ ។ ពាក្យ​គោល​នៅ​ក្នុង​ឃ្លា​ណាមួយ​នោះ​ ត្រូវ​បាន​កំណត់​ ជ្រើសរើស​យក​មក​ដាក់​តម្រៀប​ជា​បន្តបន្ទាប់​រហូត​ដល់​អស់​ពាក្យ​គោល ដូច​មាន​ បញ្ជាក់​ជូន​នៅ​ក្នុង​ឧទាហរណ៍​ខាង​លើ​ស្រាប់ ។ ​

២២- ឋានៈរបស់​ពាក្យ

ក/ ចំពោះ​ព្រះសង្ឃ​ និង​ព្រះ​រាជា

ដើម្បី​រាប់​កំណត់​ចំនួន​ ព្រះ​រាជា​នោះ គេ​ប្រើ​ ពាក្យ​ភ្ជាប់​ថា “អង្គ” ៖

ឧ. ព្រះ​មហាក្សត្រា ក្សត្រី យាង​ចូល​ប្រថាប់​ក្នុង​ រាជរោង​មាន ១៧ អង្គ​ ។

ដើម្បី​កំណត់​ចំនួន​ព្រះសង្ឃ​ គេ​ប្រើ​ពាក្យ​ភ្ជាប់​ ថា “អង្គ” ៖

ឧ.ក្នុង​ពិធី​ចម្រើន​ព្រះ​បរិត្ត​បុណ្យ​ទក្ខិណា​ នុប្បទាន​នេះ គេ​និមន្ត​ព្រះសង្ឃ ១០ “អង្គ” ។

បញ្ជាក់ ៖ ពាក្យ​សង្ឃស័ព្ទ និង​រាជស័ព្ទ ​មួយ​ចំនួន គឺ​ជាន់​គ្នា​តែ​មួយ​ប្រើ​ពាក្យ​ដូច​គ្នា ដូច​ករណី​ខាង​លើ​ជា​ភស្តុតាង​ ស្រាប់ ។ ព្រះរាជា​ឈឺ​ និង​ព្រះ​សង្ឃឈឺ គេ​អាច​ហៅ​ថា “ អាពាធ ” ដូច​គ្នា​ បាន​ តែ​ចំពោះ​ព្រះ​រាជា​ មាន​ពាក្យ​ម្យ៉ាង​ទៀត​ថា “ ប្រឈួន ” ។

ខ្មែរ​យើង​ប្រើ​ពាក្យ​ពិសេសៗ ​សម្រាប់​តម្រូវ​នឹង​ ឋានៈ​មនុស្ស​ក្នុង​សង្គម ។ ដូច្នេះ ​ព្រះ​សង្ឃ និង​ព្រះរាជា ជា​ជន​មាន​ឋានៈ​ ខ្ពស់​ក្នុង​សង្គម ដែល​គេ​អាច​សន្មតថា ជា “ ឧត្តមភេទ” ដូច្នេះ​ត្រូវ​តែ​មាន​ ពាក្យ​ខ្ពង់​ខ្ពស់​យក​មក​ប្រើ​ ឲ្យ​ត្រូវ​ទៅ​តាម​ឋានៈ​នាទី ក្នុង​សង្គម​ដូច​ ជម្រាប​ខាង​លើ ។

ខ/ ចំពោះ​មនុស្ស​ដែល​មាន​ឋានន្តរសក្តិ​ខ្ពង់​ខ្ពស់

ដើម្បី​កំណត់​ចំនួន​មនុស្ស​មាន​យសសក្តិ​ខ្ពង់​ខ្ពស់​ វិញ​ គេ​ប្រើ​ពាក្យ “រូប” ៖

ឧ. នៅ​ក្នុង​ពិធី​សម្ពោធ​ការដ្ឋាន​ នៅ​ខេត្ត​កំពង់​ ចាម មាន​អស់​លោក​រដ្ឋមន្រ្តី តំណាង​រាស្រ្ត ចូល​រួម​ប្រមាណ ៣០ រូប ។

គ/ ចំពោះ​មនុស្ស​សាមញ្ញ​ធម្មតា

ក្នុង​ការ​រាប់​កំណត់​ចំនួន​មនុស្ស​សាមញ្ញ​ធម្មតា ​ គេ​ភ្ជាប់​ពាក្យ​ “នាក់” ៖

ឧ. នៅ​ក្នុង​ពិធីបុណ្យ​ សុំ​ទឹក​ភ្លៀង​នៅ​ទី​ទួល​ អ្នក​តា​ដើម​ពោធិ៍ មាន​មនុស្ស​ប្រុស​​ស្រី ក្មេង​ចាស់​ចំនួន​ប្រមាណ​ជាង​៥០០ នាក់ ចូល​រួម ។

ឃ/ ចំពោះ​សត្វ​ទូទៅ

ក្នុង​ការ​គិត​គន់​គណនា​ចំនួន​សត្វ​ទូទៅ គេ​តែង​ ប្រើ​ពាក្យ “ក្បាល” ៖

ឧ. គេ​ពិឃាត​គោ ​និង​ជ្រូក​អស់​ចំនួន ៤ ក្បាល ។

-តែ​ដោយ​ឡែក​, បើ​ចំពោះ​សៀវភៅ​វិញ​ ក៏​គេ​ហៅ​ថា “ក្បាល” សៀវភៅ ១០ ក្បាល (ដែរ)​ ។

ង/ ចំពោះ​វត្ថុ​ផ្សេងៗ

-ផ្ទះ គេ​ប្រើ​ពាក្យ “ ខ្នង ” យក​មក​ភ្ជាប់​ពី​ ក្រោយ ឧ. ផ្ទះ ៣ ខ្នង ។

-អិដ្ឋ គេ​ប្រើ​ពាក្យ “ ដុំ ” យក​មក​ភ្ជាប់​ ពីក្រោយ ឧ. អិដ្ឋ ២០០​ ដុំ ។

-ក្បឿង គេ​ប្រើ​ពាក្យ “ សន្លឹក ” យក​មក​ភ្ជាប់​ ពីក្រោយ ឧ.ក្បឿង ​៥០០០​ សន្លឹក ។

-សង្កសី គេ​ប្រើ​ពាក្យ “ សន្លឹក ” យក​មក​ភ្ចាប់​ពី​ ក្រោយ ឧ. ស័ង្កសី ៧០ សន្លឹក ។

-ក្តារ គេ​ប្រើ​ពាក្យ “ សន្លឹក ” យក​មក​ភ្ជាប់​ពី​ ក្រោយ ឧ. ក្តារ​ ១៨០​ សន្លឹក ។

-ក្រដាស គេ​ប្រើ​ពាក្យ “ សន្លឹក ” យក​មក​ភ្ជាប់​ ពីក្រោយ ឧ. ក្រដាស ​១០០០ សន្លឹក ។

-គ្រឿង​ឈើ​ធ្វើ​សំណង់ គេ​ប្រើ​ពាក្យ “ ផ្លាន ” យក​ មក​ភ្ជាប់​ពី​ក្រោយ រនូត, រត, ប្រម៉េ, ផ្ទោង ៤០ ផ្លាន ។

-រថយន្ត, កប៉ាល់,​ទូក គេ​ប្រើ​ពាក្យ “ គ្រឿង ” យក​ មក​ភ្ជាប់​ពី​ក្រោយ ​ឧ. រថយន្ត​ ៣ គ្រឿង ។ ឧ. កប៉ាល់ ២ គ្រឿង ។ ​ឧ. ទូក ៥ គ្រឿង ។

ច/ ចំពោះ​រុក្ខជាតិ

ដំណាំ​ដើម​ឈើ​ធំៗ គេ​ប្រើ​ពាក្យ “ ដើម ” យក​មក​ ភ្ជាប់​ពី​ក្រោយ ៖

ឧ. ខ្នុរ ៣០ ដើម ដូង ៥០ ដើម ។

ឆ/ ចំពោះ​សត្វ​ទូទៅ

ដើម្បី​រាប់​កំណត់​ចំនួន​សត្វ​សម្រាប់​ទឹម, គេ​តែង​ យក​ពាក្យ​ “ នឹម” មក​ភ្ជាប់​ពី​ក្រោយ ។

ជ/ ចំពោះ​ដំណាំ​វារ, ទ្រើង​តូច​តាច

ដើម្បី​គណនា​ចំនួន​ដំណាំ​ប្រភេទ​នេះ គេ​ប្រើ​ពាក្យ “គុម្ព”​មក​ភ្ជាប់​ពីក្រោយ ៖

ឧ. កសិករ​គំរូ​នៅ​ភូមិ​សំរោង​ បាន​ដាំ​ដំណាំ​បន្លែ​ ជា​ច្រើន​ សម្រាប់​លក់​ និង​សម្រាប់​បរិភោគ​ក្នុង​គ្រួសារ​ដូច​ជា ៖

-ត្រឡាច ២០ គុម្ព ។

-ស្ពៃ​ខ្មៅ ១០០ គុម្ព ។

-ខាត់​ណា ៥០ គុម្ព ។

ឈ/ ចំពោះ​ដំណាំ​យក​ស្លឹក, ផ្លែ, ជាវល្លិ៍

ក្នុង​ការ​គណនា​រាប់​ដំណាំ​ប្រភេទ​នេះ គេ​ប្រើ​ ពាក្យ “ជន្លង់”​ពី​ខាង​ក្រោយ ៖

ឧ. ពូ​ឡាយ​ ហាក់​ ដែល​មានចម្ការ​ប្រភេទ​ដី​ក្រហម, គាត់​ដាំ​ម្រេច​៥០០ ជន្លង់ ដី​មួយ​ងារ​នៅ​ខាង​ក្រោយ​ផ្ទះ, គាត់​ដាំ ម្លូក្រហម ២០ ជន្លង់​ ។

ញ/ ចំពោះ​សម្លៀក​បំពាក់​ ឬ​វត្ថុ​ផ្សេងៗ​ទៀត

បើ​រាប់​ខោ​មួយ អាវ​មួយ ឬ​សំពត់​មួយ ​អាវ​មួយ, គេ​ ថា “ប្រដាប់” ៖

-គឺ​ខោ​អាវ​, សំពត់​អាវ ១ ប្រដាប់ ។

-ឬ​ខោ​អាវ ១ កុំ​ប្លេ ។

-បើ​រាប់​ ឬ​គណនា​សំពត់ គេ​ប្រើ​ពាក្យ​ “ក្បិន” គឺ សំពត់ ១ ក្បិន ។

-បើ​រាប់​កំណត់​ទំហំ​ល្មម​ កាត់​ខោ​អាវ​បាន​គេ​ ថា“អាវ” ឧ. កំណាត់ ១ អាវ ។

-បើ​រាប់​គណនា​ស្បែក​ជើង, គេ​ប្រើ​ពាក្យ “សម្រាប់” ឧ. ស្បែក​ជើង ​១ សម្រាប់ ។

-បើ​រាប់​គណនា​សង្រែក, គេ​ប្រើ​ពាក្យ “សម្រាប់” ឧ. សង្រែក​ ១ សម្រាប់ ។

-បើ​រាប់​គណនាចង្កឹះ, គេ​ប្រើ​ពាក្យ “គូ” ឧ. ចង្កឹះ ១ គូ ។

-បើ​រាប់​ ឬ​គណនា​ខ្សែ​វិញ គេ​ភ្ជាប់​ពាក្យ “កន្ទុយ” ពីខាង​ក្រោយ ឧ. ខ្សែ​គោ ១ កន្ទុយ ។

-បើ​រាប់ ​ឬ​គណនា​ចាន​វិញ​ គេ​ភ្ជាប់​ពាក្យ “ស្រាក់ ​ឬ​ឡូ” ពី​ខាង​ក្រោយ ៖

​ ឧ. ចាន ១ ស្រាក់ ឬ ចាន ១ ឡូ ។

ដ/ ចំពោះ​ផ្លែ​ឈើ

បើ​រាប់ ​ឬ​គណនា​ផ្លែ​ឈើ, គេ​ភ្ជាប់​ពាក្យ ជា​ ច្រើន​ប្រភេទ​ដូច​ខាង​ក្រោម ៖

-បើ​ផ្លែ​ឈើ ៤ គេ​ថា ផ្លែ​ឈើ “១ ដំប” ។

-បើ​ផ្លែ​ឈើ ៤០ គេ​ថា ផ្លែ​ឈើ “១ ផ្លូន” ។

-បើ​ផ្លែ​ឈើ ៤០០ គេ​ថា ផ្លែ​ឈើ “១​ ស្លឹក” ។

របៀប​រាប់​សំណាប​ ដែល​ដក​ចង​ជា​កណ្តាប់​បម្រុង​យក​ ទៅ​​ស្ទូង​ ក៏​គេ​គិត​ជា “ដំប”, “ផ្លូន”, “ស្លឹក”, ដូច​ផ្លែ​ឈើ​ដែរ ។

-បើរាប់​ផ្លែ​ស្លា គេ​គិត​ជា “ដៃ” ក្នុង ១ ​ដៃ​មាន ១០ ផ្លែ (ស្លា) ។​

-បើ​រាប់​ម្លូ គេ​គិត​ជា “ស្នើ” ក្នុង​១​ស្នើ មាន ១០ សន្លឹក (ម្លូ) ឬ​គេ​គិត​ជា “ត្របក” ក្នុង ១ ​ត្របក​មាន ២០ សន្លឹក (ម្លូ)​ ។

-បើ​រាប់​ដូង គេ​គិត​ជា “ធ្លាយ” គឺ​ចង្កោម​ផ្លែ​ ដូង​ដែល​ចេញពី​ ទង​មួយ ។

-បើ​រាប់​ស្លា គេ​គិត​ជា “ស្មែង” គឺ​ចង្កោម​ផ្លែ​ ស្លា​ដែល​ចេញពី​ទង​មួយ ៖

ឧ. ដូង ១ ធ្លាយ, ស្លា ១ ស្មែង ។

-បើ​រាប់​សម្លៀក​បំពាក់ ដែល​គេ​វេច គេ​ហៅ​ថា ១ ឬ ២ បង្វេច ។

-បើ​រាប់​សម្លៀក​បំពាក់ ដែល​គេ​វេច​ល្មម​ស្ពាយ​បាន​ គេ​ហៅ​ថា ១ ឬ ២ សម្ពាយ ។

-បើ​របស់​អ្វី​ដែល​គេ​យក​មក​ឆ្វាយ​បានគេ​ហៅ​ថាខ្សែ​ មួយចង្វាយ​ ។

-បើ​របស់​អ្វី​ដែល​គេ​យក​មក​យួរ​បាន គេ​ហៅ​ថា មួយ​ យួរ ។​

ឋ/ ការ​វាស់​ពេល​វេលា​តាម​បែប​បុរាណ

កាល​ដើម​ឡើយ ខ្មែរ​យើង​ពុំ​ទាន់​មាន​វិធី ឬ​ឧបករណ៍​ សម្រាប់​វាស់​ពេល (លម្អិត​ខ្លី) ដូច​គ្រា​បច្ចុប្បន្ន​ឡើយ ។ ហេតុ​នេះ​ ចាស់​ បុរាណ លោក​កំណត់​ពេល​វែង​ខ្លី​តាម​រយៈ​ការ​បង្កើត​ពាក្យ​ផ្សេងៗ ហើយ​ពាក្យ​ ខ្លះ នៅ​តែ​ប្រើ​រហូត​មក​ទល់​សព្វ​ថ្ងៃ ​មាន​ដូច​ជា ៖

យាម៖ ក្នុង​ ២៤ ម៉ោង លោក​ចែក​ជា ៦ ឬ ៨ យាម ក្នុង​ មួយយាមៗ មាន​ប្រមាណ​ពី ៣ ម៉ោង ទៅ ៤ ម៉ោង ។ គេ​គិត​រាប់​យាម​១ ចាប់​ពី​ថ្ងៃ​ រះ គិត​ជា​យាម​៣ ឬ​យាម ៤ នៅ​ពេល​ថ្ងៃ​លិច ។ ក្នុង​ ១ យប់ គិត​ជា ៤ យាម គឺ​ ពី​ព្រលប់​គិត​ជា​យាម ៤… ដល់​ភ្លឺ គិត​ជា​យាម ៨ ។

ខួប៖ ការ​គិត​អាយុ​ក្មេង គេ​រាប់​ពី​ខែ ដែល​វា​កើត​ រហូត​មួយ​ជុំ ដល់​ថ្ងៃ​ដដែល​នេះ​វិញ គេ​ហៅ​ថា​មួយ​ខួប​គឺ​ត្រូវ​ជា ១២ ខែ ។ ឧ. បើ​ក្មេង​កើត​នៅ ថ្ងៃ ២ កើត ខែ​មាឃ….. លុះ​ដល់​វិល​មួយ​ជុំ​ខួប​មក​ដល់​ ថ្ងៃ ២ កើត ខែ មាឃ នេះ គេ​សន្មត​ថា ក្មេង​នេះ អាយុ​បាន ១ ខួប​ហើយ ។ ការ​ រាប់​ឆ្នាំកំណើត ខ្មែរ​យើង​មិន​គិត​តាម​ពុទ្ធ​សករាជ​ឬ​គ្រិស្តសករាជ​ទេ គឺ​ កំណត់​តាម​ឆ្នាំ​ទាំង​ ១២ គឺ ឆ្នាំ​ជូត, ឆ្លូវ, ខាល, ថោះ, រោង, ម្សាញ់, មមី, មមែ, វក, រកា, ច, កុរ ។ ក្នុង​ ១ ជុំ ខួប​មាន ១២ ឆ្នាំ … ។

មួយ​សន្ទុះ៖ គឺ​ជា​រយៈ​ពេល​ជា​កំណត់​មួយ អាច​ស្មាន​ បាន​ប្រហែល​ជា ១ ម៉ោង ។ ឧ. ដើរ​បាន​មួយ​សន្ទុះ ក៏​ចូល​ដល់​ព្រៃ​ធំ​មួយ…. ។

មួយ​បោក៖ គឺ​ជា​រយៈ​ពេល​ជា​កំណត់​មួយ ប្រមាណ​ជា​ កន្លះ​ម៉ោង ។ ឧ. ដេក​បាន​មួយ​បោក ភ្ញាក់​ឡើង​ភ្លឺ​ល្មម ។

មួយ​បារី៖ គឺ​ជា​រយៈ​ពេល​ប្រមាណ ១៥ នាទី ។ ឧ. ច្រក​ ថ្នាំ​ចំនួន​ពេល​ ១ បារី អ្នក​ជំងឺ​ក៏​ដឹង​ខ្លួន​វិញ ។

មួយ​សាប​ស្លា៖ រយៈ​ពេល​ប្រហែល​ ២០ នាទី ។ ឧ. ចម្ងាយ​ ផ្លូវ​ពី​ភូមិ​ ធ្លក​ទ្រេត​ទៅ ឈើ​ទាល​ជ្រំ គេ​ត្រូវ​ដើរ តែ​១ សាប​ស្លា ប៉ុណ្ណោះ នឹង​បាន​ទៅ​ដល់​ហើយ ។

ចំណាំ៖ ពេល​ ១ បារី គឺ​រយៈ​ពេល ដែល​គេ​ជក់​ថ្នាំ​ អស់ ១ បារី ឯពេល​ ១ សាប​ស្លា គឺ​រយៈ​ពេល​ដែល​អ្នក​ស៊ី​ស្លា កំណត់​ថា​ស្លា​ សាប​អស់​រស​ជាតិ​ ត្រូវ​ខ្ជាក់​ចោលកាក​ស្លា​ហើយ ។

មួយ​ស្រឡេត៖ គឺ​រយៈ​ពេល​ខ្លី ប្រមាណ ៥ ទៅ ១០ នាទី ។ ឧ. ធ្មេច​មួយ​ស្រឡេត​ទៅ ក៏​យល់​សប្តិ​ឃើញ​ដំរី​ដេញ… ។

មួយ​ភ្លែត៖ ស្មើ​នឹង​រយៈ​ពេល ៥ នាទី ។ ឧ. កុំ​តាម​ ម៉ែ​អី ម៉ែ​ទៅ​តែ​មួយ​ភ្លែត​នឹង​វិល​មក​វិញ​ហើយ ។


ឯកសារ​ពិគ្រោះ

១- មូល​វិជ្ជា ខេមរ​ភាសា ។

២- វេយ្យាករណ៍ ធន់​ ហ៊ិន ។

៣- ភាសា​ខ្មែរ​ថ្នាក់​ទី ១០ ក្រសួង​អប់​រំ ។

៤- វេយ្យាករណ៍​ខ្មែរ​ពិស្តារ ពូវ – អ៊ុម ។

៥- មូល​ភាព​នៃ​ការ​បង្កើត​ពាក្យ កេង​វ៉ាន់​សាក់ ។

៦- វេយ្យាករណ៍​ខ្មែរ ឃឹន សុខ ។

៧- វេយ្យាករណ៍​ខ្មែរ ក្រសួង​អប់​រំ ។

៨- វេយ្យាករណ៍ ទម្រង់​និយម​នៃ​ភាសា​ខ្មែរ​ទំនើប ព្រុំ ម៉ល់ ។

៩- ការ​តែង​និពន្ធ ជួរ គារី ។

១០- និពន្ធ​សេចក្តី​ខ្មែរ វិជ្ជា​និពន្ធ គិត ហ៊ាង ។

១១- ផ្កា​ស្រពោន នូ ហាច ។

១២- កុលាប​ប៉ៃ​លិន ញ៉ុក ថែម ។

១៣- វេស្សន្តរ​ជាតក ព្រះ​អង្គ​ដួង ។

១៤- រឿង​រតនា​វង្ស ។

១៥- អក្សរ​សិល្ប៍​ខ្មែរ លី ធាម​តេង ។

១៦- ជិន​វង្ស អរិយគាមុនី ហ៊ីង ។

១៧- កាកី ព្រះ​អង្គ​ដួង ។

១៨- វេស្សន្តរ​ជា​តក ។

[1] ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ មាន​ស្រៈ ៥ ទៀត ពោល​គឺ ាះ (ឧ. ច៎ាះ, អាះ) ីះ (ឧ. យីះ !) ឺះ (ឧ. អឺះ, អ៊ឺះ, វ៉ឺះ, បឺះ ៗ ! ទឺះ ៗ !) ៀះ (ឧ. វៀះ​វៀន) និង ​ េះ (ឧ. ចេះ) ។-> ចំពោះ​​ស្រៈ ួ ឿ និង ៀ ជា​មួយ​នឹង​ព្យញ្ជនៈ​អឃោសៈ​និង​ឃោសៈ ខ្មែរ​យើង​ បញ្ចេញ​សំឡេង​ដូច​គ្នា​មែន តែ​ជន​ជាតិ​ខ្មែរ​នៅ​ខេត្ត​ចន្ទបុរី (សព្វ​ថ្ងៃ​ នៅ​ប្រទេស​សៀម) និង​នៅ​តំបន់​ភ្នំ​ក្រវាញ កាល​ណា​ថា កួរ និង គួរ, កឿ និង គឿ, ហើយ​និង កៀ​ និង គៀ នៅ​តែ​បញ្ចេញ​សំឡេង​មិន​ដូច​គ្នា​ទេ ពីព្រោះ​ជា​មួយ​ នឹង​ព្យញ្ជនៈ​អឃោសៈ បញ្ចេញ​សំឡេង​ស្រាល (ឬ​ហៅ​ សំឡេង​តូច) ហើយ​ជា​មួយ​ ព្យញ្ជនៈ​ឃោសៈ បញ្ចេញ​សំឡេង​ធ្ងន់ (ឬ​សំឡេង​ធំ) ។

[2] ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ ពាក្យ សន្តោស, សន្តាន, ចិន្តា និង អន្តរធាន ត្រូវ​សរសេរ​នឹង ន្ត ដើម្បី​រក្សា​ជាតិសព្ទ ព្រោះ​ជា​ពាក្យ​មក​ពី​សំស្ក្រឹត-បាលី ។ ពី​ដើម ខ្មែរ​ យើង​ធ្លាប់​មាន​ជើង “ដ” មាន​រូប​សណ្ឋាន​ដូច​ខ្លួន​អក្សរ ដ តែ​បាត់​សក់ សម្រាប់​តែ​ពាក្យ​សំស្ក្រឹត-បាលី ។ ជើង​នេះ ខ្ញុំ​បាទ​ប្រទះ​ឃើញ​ក្នុង​សិលា​ ចារឹក​នគរ​វត្ត​សម័យ​ក្រោយ​អង្គរ ឧទាហរណ៍ ក្នុង​សិលា​ចារឹក​លេខ ១ និង ៣ (សូម​មើល សិលាចារឹក​នគរ​វត្ត និង បទានុក្រម រៀប​រៀង​ដោយ​មហា​ពិទូរ​ក្រសេម ភ្នំ​ពេញ ពុទ្ធសាសនបណ្ឌិត្យ បោះ​ពុម្ព​លើក​ទី ២ គ.ស. ១៩៥៨ ព.ស. ២៥០១ ទំព័រ​ ទី ១២៦, ១៤០, ១៤១) និង​ក្នុង​ទស្សនាវដ្តី កម្ពុជសុរិយា លេខដំបូង ៗ លោក​បាន​ សរសេរ​ពាក្យ « ទស្សនាវដ្តី » នឹង​ជើង ដ ពុំ​មែន​ជា​ជើង​ ត ទេ ។

[3] ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ សរសេរ​ ត្រីស័ព្ទ ខ្ញុំ​បាទ​យល់​ស្រប​ជា​មួយ​លោក តែ​ក្នុង​ វចនានុក្រម​ខ្មែរ សរសេរ​ថា ត្រីសព្ទ វិញ ។ តែ​ត្រង់​មេ​ពាក្យ​ សព្ទ សរសេរ​ ថា សព្ទ ឬ ស័ព្ទ ។ ខ្ញុំ​បាទ​មិន​ដឹង​ជា​អក្ខរាវិរុទ្ធ​ណាត្រូវ​ជាង ។

[4] ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ ស្រៈ œ ក្នុង​ភាសា​បារាំងសែស ច្រើន​អាន​ថា េ មិន​មែន​ជា ឺ ។ ក្នុង​ វចនានុក្រម​ខ្មែរ របស់ពុទ្ធសាសនបណ្ឌិត្យ លោក​បាន​សរសេរ​ឈ្មោះ​នេះ​ថា ហ្ស៊ក សេដែស ។

[5] ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ សរសេរ​ ត្រីស័ព្ទ ខ្ញុំ​បាទ​យល់​ស្រប​ជា​មួយ​លោក តែ​ក្នុង​ វចនានុក្រម​ខ្មែរ សរសេរ​ថា ត្រីសព្ទ វិញ ។ តែ​ត្រង់​មេ​ពាក្យ​ សព្ទ សរសេរ​ ថា សព្ទ ឬ ស័ព្ទ ។ ខ្ញុំ​បាទ​មិន​ដឹង​ជា​អក្ខរាវិរុទ្ធ​ណាត្រូវ​ជាង ។

[6] ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ “អាសយ” ជា​ពាក្យ​បាលី ក្លាយ​​ជា​ “អាស័យ” តាម​​អក្ខរាវិរុទ្ធ​ ខ្មែរ ។ រី​ឯ “អាស្រ័យ” វិញ ជា​ពាក្យ​ក្លាយ​មក​ពី​សំស្ក្រឹត “អាឝ្រយ” (និង​ តួ ឝ ដែល​ខ្មែរ​យើង​ហៅ​ថា ស-គ) ។

[7] ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ ័រ ក្នុង​ភាសា​ខ្មែរ​មាត្រដ្ឋាន (ភាសា​ខ្មែរ​ស្តង់ដារ) មាន​តែ​ ជា​មួយ​នឹង​ព្យញ្ជនៈ​ឃោសៈ ដូច​លោក​បាន​សរសេរ ។ តែ​ខ្ញុំ​បាទ​ឃើញ​ថា សព្វ​ ថ្ងៃ​នេះ (តាម​ពិត គឺ​តាំង​ពី​ទសវត្សរ៍​ឆ្នាំ ១៩៦០) គេ​ច្រើន​សរសេរ​នឹង​ ព្យញ្ជនៈ​អឃោសៈ​វិញ ។ ឧ. ប័រ (ខ្លាញ់​ទឹក​ដោះ​គោ) ទោះ​ជា​ក្នុង​វចនានុក្រម​ ខ្មែរ លោក​ថា​ ត្រូវ​សរសេរ ប៊័រ ; បៀរ​ម៉ាក​អានឆ័រ ; សារព័ត៌មាន​កំបូដ​ស័រ ។ ខ្ញុំ​បាទ​គិត​ថា គួរ​តែ​រំឭក​កូន​ខ្មែរ​ឲ្យ​សរសេរ ប៊័រ អានឈ័រ និង​កំបូដ​ ស៊័រ​ វិញ ព្រោះ​ថា ក្នុង​គ្រាមភាសា​ខ្មែរ​មួយ​ចំនួន ឧទាហរណ៍​នៅ​ស្រុក​រវៀង​ ក្នុង​ខេត្ត​ព្រះ​វិហារ ឬ​នៅ​ខេត្ត​សុរិន្ទ ខ្ញុំ​បាទ​បាន​ឮ​បង​ប្អូន​ខ្មែរ មិន​ច្រឡំ ័រ និង ៊័រ ឡើយ ។ ឧទាហរណ៍ គេ​ថា « អ័រ-​ក » (អារ់​ក គឺ អារ-ក) ហើយ​ពាក្យ​ថា​ អ័រ គេ​បញ្ចេញ​សម្លេង​ខ្លី (អារ់) ខុស​ពី​ “អារ” (ឧ. ប្រពន្ធ​ អារ) មាន​សូរ​សម្លេង​វែង ។ ពាក្យ​ទាំង​នេះ ឮ “រ” ប្រកប​យ៉ាង​ច្បាស់ ។ « ធ្វើ​ការ » គេ​និយាយ​ថា « ធ្វើ​ការ » (ឮ​ទាំង​ស្រៈ​អា​វែង និង​ រ ប្រកប) ខុស​ពី « មេ​ឆ្កែ​ក័រ​ (ការ់) កូន » (គឺ មេ​ឆ្កែការ​កូន) ហើយ​ខុស​ពី « ម៉ែ​ មាន​គ័ភ៌ » (ឮ​ថា គ័រ) គឺ​ថា “ការ” “ក័រ” និង “គ័រ” មាន​សំឡេង​ខុស​គ្នា​នៅ​ ក្នុង​ខេត្ត​ទាំង​នោះ ។

[8] ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ យុគលពិន្ទុ មាន​ប្រើ​ក្នុង​ពាក្យ​ខ្មែរ​មួយ​ចំនួន​តូច ដូច​ជា រយៈ ហេៈ ឬ ហែៈ (សូរ​លាន់​មាត់) អ៊ីថាៈ វូម​វៈ ! អ្ហាៈ !​ និង​ពាក្យ​មួយ​មក​ ពី​ចិន ៖ ប៉ិកួៈ (ដំឡូង​រលួស) (នេះ​គឺ​ជា​អក្ខរាវិរុទ្ធ​របស់​វចនានុក្រម​ ខ្មែរ តែ​ខ្ញុំ​បាទ​ឃើញ​ថា គេ​ច្រើន​សរសេរ ប៉ិគក់ វិញ ក្នុង​សៀវភៅ​ធ្វើ​ ម្ហូប) ។ ក្នុង​វចនានុក្រម​ខ្មែរ លោក​ហៅ​យុគលពិន្ទុ​ថា ជា​វណ្ណយុត្តិ តែ​ ក្នុង​វិស័យ​ភាសាសាស្ត្រ ខ្ញុំ​បាទ​យល់​ថា ​អាច​ទុក​ថា នៅ​ក្នុង​ចំណោម​ស្រៈ​ ឬ ស្រៈ​និង​ ក ប្រកប វិញ ។

[9] ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ គួរ​សរសេរ កណ្កកសញ្ញា វិញ ទោះ​ជា​អាន​ថា កណ្តក់ ក៏​ដោយ ព្រោះ​ កណ្តក ជា​ពាក្យ​បាលី មាន​ន័យ​ថា បន្លា ។

[10] ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ រឿង​ក្បៀស​ជា​រឿង​សំខាន់​បំផុត បើ​និយាយ​ពី​រឿង​តួ​លេខ ដែល​គួរ​ តែ​យក​មក​ពិភាក្សា ដោយ​ហេតុ​តែ ពី​មុន​ ខ្មែរ​យើង​បាន​ទទួល​ឥទ្ធិពល​ពី​ បារាំងសែស​យ៉ាង​ខ្លាំង​ក្លា ។ « ពីរ​កន្លះ » យើង​សរសេរ​ថា ២,៥ តាម​ទម្លាប់​ បារាំង (ប្រើ​ក្បៀស) ។ តែ​សព្វ​ថ្ងៃ ឥទ្ធិពល​បរទេស​មក​ពី​អាមេរិកាំង​វិញ ហើយ​ពួក​អាគាំង​​សរសេរ​ថា ២.៥ (ប្រើ​ចំណុច) ។ សព្វ​ថ្ងៃ ឃើញ​ថា មាន​ពួក​ ក្មេង ៗ និយម​សរសេរ​ដូច​អាមេរិកាំង​ដែរ ។ « បី​ពាន់ » អាមេរិកាំង (ឬ​ពួក​ អង់ក្លូសាក់សុង​ជា​ទូទៅ) សរសេរ​ជា​លេខ​ថា ៣,០០០ (សៀម​ក៏​សរសេរ​ដូច្នេះ​ដែរ ៖ ๓,๐๐๐) ឯ​បារាំង​វិញ សរសេរ​ថា ៣ ០០០ (ដាក់​ចន្លោះ​ភ្ជាប់​ក្រោយ​ពី​ខ្ទង់​ ពាន់) ឬ ៣០០០ ឬ ៣.០០០ ក៏​បាន ។ ខ្មែរ​ធ្លាប់​ធ្វើ​តាម​បារាំងយូរ​មក​ហើយ ជាង​ មួយ​សតវត្ស តែ​ត្រូវ​សម្រេច​ចិត្ត យក​របៀប​ណា របស់​អាមេរិកាំង ឬ​ របស់​ បារាំង ?

[11] ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ តាម​យោបល់​ខ្ញុំ​បាទ ទោះ​ជា​មាន​គេ​និយម​សរសេរ “កម្មវត្ថុៈ” “យោងៈ” ។ល។ នេះ​គួរ​មិន​ទុក​ថា ត្រឹម​ត្រូវ​ ទេ ព្រោះ​ធ្វើ​ឲ្យ​ច្រឡំ​តួ​ នាទី​របស់​យុគលពិន្ទុ​និង​ទ្វិពិន្ទុលេខ ។ គួរ​សរសេរ “កម្មវត្ថុ” ៖ “យោង” ​ ៖ វិញ ព្រោះ​សព្វ​ថ្ងៃ​ យើង​មាន​យូនីកូដ​ខ្មែរ ។

[12] ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ តាម​យោបល់​ខ្ញុំ​បាទ កូន​សិស្ស​ខ្មែរ ដែល​រៀន​ក្បួន​ខ្នាត​ អក្ខរាក្រម​និង​វេយ្យាករណ៍​ខ្មែរ មិន​អាច​យល់​កថាខណ្ឌ​ខាង​លើ ព្រោះ​ពួក​គេ​ មាន​ភាសា​ខ្មែរ​ជា​ភាសា​កំណើត ហើយ​មិន​ចេះ​ភាសា​បារាំង ព្រោះ​ហេតុ​ថា ភាសា​ បារាំង ពុំ​សូវ​មាន​អ្នក​ណា​រៀន​សព្វ​ថ្ងៃ​នេះ ។ មាន​តែ​មនុស្ស​ដែល​បាន​ ទទួល​ការ​អប់​រំ​នៅ​សម័យ​អាណាព្យាបាល ឬ សង្គម​និយម ដែល​អាច​យល់​បាន ។​ ហើយ​ បើ​សិន​ជា​ត្រូវ​ការ​ខណ្ឌសញ្ញា គួរ​ប្រើ​ទ្វិពិន្ទុលេខ (ចំណុច​ពីរ​គូស ៖) ជំនួស​យុគលពិន្ទុ (ៈ) វិញ ។

[13] ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ ខ្ញុំ​គិត​ថា គួរ​ប្រើ (៖) វិញ ព្រោះ​មាន​ចុច​ពីរ​ក្នុង​ពាក្យ​ ថា អ៊ីថាៈ​ហើយ អាច​នាំ​ឲ្យ​មាន​ការ​យល់​ច្រឡំ ។ ឧ. « ឯង​ថា​ មិន​ឲ្យ​គ្នា​ ទៅ​អ៊ី​ថាៈ បាន​ជា​គ្នា​មិន​ទៅ ! » ។

[14] ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ លោក នួន ប៊ុត ហៅ​សញ្ញា​នេះ​ថា វិឡារសញ្ញា, អញ្ញប្រកាស ឬ កោណសញ្ញា ហើយ​សរសេរ​ថា « » មាន​ឈ្មោះ​ដូច​គ្នា ។

[15] ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ លោក នួន ប៊ុត ហៅ​សញ្ញា​នេះ​ថា អន្តរសញ្ញា ។

[16] ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ ប្រការ​នេះ​ជា​ការ​ពិបាក​និង​ស្មុគ​ស្មាញ​បន្តិច​ដូច​លោក​បាន​យក​ មក​ពិភាក្សា​ ព្រោះ​ខ្ញុំ​ឃើញ​ថា អ្នក​ប្រាជ្ញ​ខ្មែរ​ទាំង​ឡាយ មិន​ប្រើ​ ឈ្មោះ​ដូច​គ្នា​ទេ ។ ឧទាហរណ៍ លោក​ នួន ប៊ុត ហៅ “ ” និង « » ថា វិឡារសញ្ញា ហើយ​ថា ហៅ​ថា អញ្ញប្រកាស ក៏​បាន ។ រួច​លោក​ថា « នឹង​ហៅ​ថា កោណសញ្ញា ដើម្បី​ ឲ្យ​ស្រួល​ចំណាំ​កុំ​ឲ្យ​ច្រឡំ​គ្នា​បាន » ។ ​ភាសា​បារាំង គេ​ហៅ​សញ្ញា « » ​ នេះ​ថា វិឡារសញ្ញា​បារាំងសែស និង “ ” ថា វិឡារសញ្ញា​អង់គ្លេស អាច​ប្រើ​ទាំង​ ពីរ​បាន តែ​វិឡារសញ្ញា​អង់គ្លេស​ទុក​ជា​សញ្ញា​រង គឺ​មាន​តួ​នាទី​ខុស​គ្នា​ បន្តិច ។ ឧ. « អ្នក​កាន់​បេឡា បាន​និយាយ​មក​កាន់​ខ្ញុំ​ថា ៖ “សូម​មើល ‘ប៉ាស់ស្ព័រ’ របស់​លោក​បន្តិច ។” ខ្ញុំ​ក៏​ហុច​លិខិត​ឆ្លង​ដែន​របស់​ខ្ញុំ​ ឲ្យ​​គាត់ » ។ សញ្ញា « » ​នេះ ពួក​អង់គ្លេស​និង​អាមេរិកាំង​មិន​ដែល​ប្រើ​ ឡើយ ប្រើ​តែ “ ” ប៉ុណ្ណោះ ។ សូម​អ្នក​ប្រាជ្ញ​ខ្មែរ​នៅ​ពុទ្ធសាសនបណ្ឌិត្យ​ មេត្តា​ដាក់​ឈ្មោះ​ខុស​គ្នា​ឲ្យ​ខណ្ឌសញ្ញា​ទាំង ៣ យ៉ាង​នេះ ពោល​គឺ « », “ ” និង ‘ ’ កុំ​ឲ្យ​កូន​ខ្មែរ​ច្រឡំ ។

[17] ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ លេខ​រ៉ូម៉ាំង​មាន​តួ​ច្រើន​ទៀត ព្រោះ​មិន​អនុវត្ត​តាម​របាប់​ ទសភាគ ហើយ​លេខ​រ៉ូម៉ាំង​ពុំ​មាន​លេខ​សូន្យ ។ តួ​លេខ​ដទៃ​ទៀត គឺ ៖ L (៥០) C (១០០) D (៥០០) M (១០០០) ។

[18] ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ កាល​ខ្ញុំ​បាទ​បាន​រៀន​អក្សរ​ខ្មែរ ខ្ញុំ​បាទ​ក៏​ឮ​គ្រូ ៗ របស់​ ខ្ញុំ​បាទ​ហៅ​អក្សរ​បែប​នេះ​ថា អក្សរ​មូល (ហើយ​ខ្ញុំ​បាទ​កត់​សម្គាល់​ថា សព្វ​ថ្ងៃ​នេះ ក្មេង ៗ ជា​ច្រើន​មិន​ស្គាល​ឈ្មោះ​នេះ ហៅ​​ថា អក្សរ​ឆ្លាក់​ វិញ) ។ តែ​តាម​ការ​ស្រាវ​ជ្រាវ​របស់​ខ្ញុំ​បាទ ហៅ​អក្សរ​បែប​នេះ​ថា អក្សរ​ មូល ក៏​ជា​ការ​ច្រឡំ​ដែរ ។ ទោះ​បី​ជា​តួ​អក្សរ​មាន​រាង​មូល​មែន​ក៏​ដោយ តាម​ ពិត​គឺ​ជា​អក្សរ​ខម ។ ក ខ គ ឃ ង នេះ គឺ​ជា​អក្សរ​ខម មិន​មែន​ជា​អក្សរ​មូល​ ទេ ។ នៅ​ស្រុក​សៀម គេ​ប្រើ​អក្សរ​បែប​នេះ​ក្នុង​សាស្ត្រា​ស្លឹក​រឹត និង​ ក្រាំង (សព្វ​ថ្ងៃ​នេះ មាន​មនុស្ស​តិច​ណាស់ ដែល​ចេះ​អាន ព្រោះ​ស្តេច​សៀម​នៅ​ ចុង​សតវត្ស​ទី ១៩ ដើម​ ស.វ. ទី ២០ ចង់​ផ្សព្វ​ផ្សាយ​តែ​អក្សរ​សៀម ដោយ​យក​ លេស​ថា ជា​អក្សរ​ពិបាក​រៀន និង​ពិបាក​ប្រើ​ក្នុង​ការ​បោះ​ពុម្ព​សៀវភៅ តែ​ តាម​ទស្សនៈ​ខ្ញុំ​បាទ គឺ​មក​ពី​ទស្សនៈ​ជាតិ​និយម ដែល​បាន​លេច​ឡើង​នៅ​សម័យ​ នោះ) ។ ដូច​លោក​មាន​ប្រសាសន៍ ក្នុង​សម័យ​បច្ចុប្បន្ន សៀម​នៅ​តែ​ប្រើ​អក្សរ​ បែប​នេះ​សម្រាប់​​សរសេរ​គាថា​លើ​យ័ន្ត្រ ឬ សាក់​លើ​ខ្លួន​មនុស្ស ព្រោះ​ជា​ តួ​អក្សរ​ស័ក្តិ​សិទ្ធិ ។ រី​ឯ​អក្សរ​សៀម​វិញ គ្រាន់​តែ​ជា​អក្សរ​សម្រាប់​ ផែន​ដី កិច្ចការ​រាជការ​និង​រដ្ឋបាល​ប៉ុណ្ណោះ ទោះ​បី​ជា​ព្រះ​ត្រៃ​បិដក​ជា​ ភាសា​បាលី គេ​សរសេរ​ជា​អក្សរ​សៀម​វិញ ។ ​ ពី​ដើម សៀម​មិន​ដែល​សរសេរ​គាថា​ បាលី ឬ ពុទ្ធវចនា​ជា​ភាសា​បាលី ជាអក្សរ​​សៀម​ឡើយ ។ សៀម​ហៅ​អក្សរ​បែប​នេះ​ថា អក្សរ​ខម ព្រោះ​ខម​ គឺ​ជា​ជន​ជាតិ​ខ្មែរ ។ សៀម​ហៅ​ខ្មែរ​សម័យ​អង្គរ​ថា ខម ៗ ។

[19] ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ ក ខ គ ឃ ង នេះ គឺ​ជា​អក្សរ​មូល មិន​មែន​ជា​អក្សរ​ខម​ទេ ។ ខ្ញុំ​ បាន​មើល​គម្ពីរ​សៀម​ជា​ភាសា​សៀម​និង​បាលី តែ​សរសេរ​ជា​អក្សរ​ខម (អក្សរ​ ខ្មែរ) (រហូត​ដល់​ចុង​ ស.វ. ទី ១៩ សៀម​សរសេរ​សៀវភៅ​ទេសន៍​ភាសា​សៀម​ជា​អក្សរ​ ខម)​ ។ ក្នុង​សាស្ត្រា​ទាំង​នេះ ខ្ញុំ​បាទ​មិន​ដែល​ឃើញសៀម​សរសេរ ក មាន​រូប​ សណ្ឋាន​ជា ក​ ឬ ង ជា ង ឡើយ ។ គេ​សរសេរ​ដូច​ត​ទៅ​ជា​និច្ច ៖ ក និង ង ។ ខ្ញុំ​ បាទ​បាន​សាក​សួរ​និស្សិត​ជាតិ​ដាណឺម៉ាក​ម្នាក់ សព្វ​ថ្ងៃ​ កំពុង​ធ្វើ​សរណា​ ស្រាវ​ជ្រាវ​ស្តី​ពី​រឿង ព្រះ​មាល័យ របស់​សៀម ជា​ភាសា​សៀម តែ​សរសេរ​ជា​ អក្សរ​ខ្មែរ ។ គាត់​បាន​ប្រាប់​ខ្ញុំ​ថា គាត់​បាន​​អាន​ក្រាំង​និង​សាស្ត្រា​ ស្លឹក​រឹត​ច្រើន​ច្បាប់ ច្រើន​ខ្សែ មក​ពី​ប្រទេស​សៀម បាន​ប្រទះ​ឃើញ តួ ក តែ​ ម្តង​គត់ ក្នុង​ឃ្លា​ចុង​បញ្ចប់​រឿង​មួយ (សរសេរ​ជា​ភាសា​សៀម) ។ ចំណែក​ឯ​ របៀប​សរសេរ​តួ ក ខ គ ឃ ង ខ្ញុំ​បាទ​បាន​ប្រទះ​ឃើញ​ជា​ញឹក​ញាប់​បំផុត​ក្នុង​ សាស្ត្រា​ស្លឹក​រឹត វាន និង​សៀវភៅ​សរសេរ​ដែល​ពួក​បារាំង​បាន​នាំ​មក​ប្រើ​នៅ​ ប្រទេស​កម្ពុជា​នៅ​ចុង​សតវត្ស​ទី ១៩ ។ ដែល​អ្នក​ប្រាជ្ញ​សព្វ​ថ្ងៃ ច្រឡំ​ អក្សរ​មូល​និង​អក្សរ​ខម ខ្ញុំ​បាទ​គិត​ថា មាន​មូលហេតុ​ ២ ។ ទី ១ នៅ​ប្រទេស​ កម្ពុជា អក្សរ​ខម​មាន​ប្រជាប្រិយភាព​ខ្លាំង​នៅ ស.វ. ទី ២០ ហើយ​គេ​បាន​យក​ អក្សរ​នេះ​សម្រាប់​យីហោ ស្លាក ។ល។ ទី ២ ដល់​ពេល​យក​បែប​អក្សរ​នេះ ធ្វើ​ជា​ សំណ​អក្សរ​ពុម្ព​ គេ​បាន​ធ្វើ​ឲ្យ​តួ​អក្សរ​បែប​នេះ មាន​រាង​ថ្លោស​ និង​មូល​ ទៀត ។ ឯ​អក្សរ​មូល​វិញ គេ​មិន​បាន​ធ្វើ​ឲ្យ​សំណ​ពុម្ព​មាន​រាង​ថ្លោស ។ ម្យ៉ាង​ទៀត គេ​បាន​ធ្វើ​ឲ្យ​មាន​រូប​ជ្រុង​បន្តិច ។ ដែល​ខ្ញុំ​បាន​រៀប​រាប់​ នេះ ប្រហែល​ជា​ការ​យល់​ខុស​ពី​ខ្ញុំ​បាទ តែ​ខ្ញុំ​បាទ​បាន​ប្រមូល​ឯកសារ​ជា​ ភស្តុតាង​ ដែល​ខ្ញុំ​បាន​ស្កេន និង​សូម​ជូន​ក្នុង​ឯកសារ​មួយ​ទៀត ។

[20] ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ ​ ឞ តួ​នេះ ពុំ​មែន​ជាព្យញ្ជនៈ ម (ម) ទេ គឺ​ជា​តួ​ព្យញ្ជនៈ ឞ (ហៅ ស­ប) ជា​ព្យញ្ជនៈ​សម្រាប់​តែ​ភាសា​សំស្ក្រឹត ពុំ​មាន​ក្នុង​ភាសា​បាលី​ និង​ខ្មែរ​ទេ ។ ភាសា​សំស្ក្រឹត​មាន​ព្យញ្ជនៈ “ស” បី​តួ (បញ្ចេញ​សម្លេង​ខុស​ គ្នា) គឺ ឝ (ហៅ ស­ក) ឞ (ហៅ ស­ប) និង ស (អាច​ហៅ ស­ល) បាន ។ រី​ឯ​ភាសា​បាលី មាន​តែ​តួ ស ប៉ុណ្ណោះ ។ ខ្មែរ​ធ្លាប់​ប្រើ ឝ និង ឞ តាំង​ពី​សម័យ​មុន​អង្គរ​ រហូត​ដល់​សម័យ​ក្រោយ​អង្គរ ។ ឧ. សូម​មើល សិលាចារឹក​នគរ​វត្ត និង បទានុក្រម រៀប​រៀង​ដោយ​មហា​ពិទូរ​ក្រសេម ភ្នំ​ពេញ ពុទ្ធសាសនបណ្ឌិត្យ បោះ​ពុម្ព​លើក​ទី ២ គ.ស. ១៩៥៨ ព.ស. ២៥០១ ។

[21] ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ នៅ​ក្នុង​សៀវភៅ​បោះ​ពុម្ព​ផ្សាយ​នៅ​ស្រុក​ខ្មែរ​រហូត​ដល់​សម័យ​ សង្គម​រាស្ត្រ​និយម ស្រៈ ែ នេះ ក៏​មាន​រូប​សណ្ឋាន​ដូច​នេះ ែ ផង​ដែរ ។

[22] ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ ​ នៅ​ភាគ​កណ្តាល​នៃ​ប្រទេស​កម្ពុជា គេ​បញ្ចេញ​សម្លេង​ថា ព្រះ​ ធរនី តែ​នៅ​សុរិន្ទ​ គេ​បញ្ចេញ​សម្លេង​ថា ព្រះ​ធរណី មិនបញ្ចេញ​សម្លេង​ថា ព្រះ​ធរនី (ហើយ​ចំពោះ​ខ្មែរ​សុរិន្ទ ​សម្លេង​នេះ​មិន​មែន​ជា​ឥទ្ធិពល​សៀម ព្រោះ​សៀម​មិន​អាច​បញ្ចេញ​ខ្យល់ ី (អី) ដូច​ខ្មែរ​ទេ ។​

[23] ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ ក្នុង​ចម្រៀង​មួយ​ចំនួន ខ្ញុំ​បាទ​បាន​ឮ​គេ​ថា ប្រពៃណី តាម​ អក្ខរាវិរុទ្ធ ទោះ​ជា​ខ្មែរ​ភាគ​ច្រើន​ថា ប្រពៃនី ដូច​លោក​មាន​ប្រសាសន៍ ។

សូមថ្លែងអំណរគុណដល់

លោកសាស្ត្រាចារ្យ ឃីង ហុកឌី និងលោកសាស្ត្រចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ដែលបានជួយពិនិត្យឯកសារនេះ ។

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: