សុជីវធម៌ចំពោះមនុស្សក្រៅគ្រួសារ

 

គ្រួសារមួយដែលមានឪពុកម្តាយស្រុះស្រួលគ្នា មានបុត្រាបុត្រីប្រកបដោយសណ្តាប់ធ្នាប់តាមដំបូន្មាន មានគេហដ្ឋាន​សមរម្យ​តាម​របៀប​ហើយ​មនុស្សក្នុងគ្រួសារទាំងមូលស្រលាញ់គ្នាដោយស្មោះ តើគ្រួសារនេះបានទទួលការសប្បាយរីករាយហើយឬ?

តាមពិត គ្រួសារនេះត្រជាក់ត្រជុំតែផ្ទៃក្នុងប៉ុណ្ណោះ ដើម្បីរក្សាសេចក្តីសុខសប្បាយភាពត្រជាក់ត្រជុំនេះឱ្យមានសភាពថ្លៃថ្នូរ ហើយយឺនយូរ​ផង គ្រួសារនេះត្រូវមានការទាក់ទងជាមួយអ្នកដែលនៅខាងក្រៅផង។ តើអ្នកក្រៅទាំងនោះមាននរណាខ្លះ? អ្នកទាំងនោះ ជាអ្នកដែលមា​ន​ការទាក់ទងជាមួយយើង ធ្លាប់ជួបប្រទះយើងនៅទីណា ឬតាមផ្លូវណាមួយ គឺជាគ្រួសារឯទៀតដែលយើងធ្លាប់ស្គាល់ អ្នកជិតខាងយើង មិត្តភក្តិ​នៅកន្លែង​ធ្វើការ មិត្តភក្តិរបស់កូនឪពុកម្តាយ ភ្នាក់ងាររាជការនៅក្នុងសង្កាត់ដែលរស់នៅ។ មានអ្នកខ្លះចូលចិត្តនិយាយថា រកពេល​ទំនេរ​គ្មាន, រវល់ខ្លាំងពេក, ហត់នឿយពេក។ ល្អហើយ ប៉ុន្តែនៅពេលដែលយើងមានភារៈរវល់ សូមយើងកុំ​ភ្លេចថាយើងមុខជា​មានក្បាល​តែម្នាក់​ឯង និងគ្រួសារឯងមួយប៉ុណ្ណោះ។

ដូច្នេះបុរសនារីជាប្រមុខគ្រួសារ ត្រូវចេះលៃពេលទាក់ទងជាមួយអ្នកទាំងនោះផង ការទំនេររបស់មនុស្សខ្ជិល និងកំណាញ់​មិនដែលមាន​ឡើយ សូម្បី​តែអង្គុយ ឬដេកក៏គេនិយាយថា រវល់អង្គុយ ឬរវល់ដេកដែរ។ ពាក្យថា “ រវល់ ” តែងជាប់នៅលើមនុស្សជានិច្ច តាំងពីថ្ងៃកើត​រហូតដល់ថ្ងៃស្លាប់។ ទោះមានការរវល់របៀបណាមួយក៏ដោយ ក៏យើងគប្បីឆ្លៀតពេល​ដ៏ល្អដើម្បីរាក់ទាក់ជាមួយ​អ្នកដែលនៅក្រៅគ្រួសារ​យើងកុំខានឱ្យសោះ។មិត្តភក្តិនៅកន្លែងធ្វើការតាមធម្មតាមិត្តភាពតែងមាននៅក្នុងកន្លែងធ្វើការចិញ្ចឹមជីវិត។ រស់នៅទីណា គេត្រូវញ៉ាំង​ទី​នោះឱ្យមាន​បរិយាកាសសប្បាយរីករាយ ឱ្យសាមគ្គីគ្នា គេត្រូវរាប់អានគ្នាដោយស្មោះ គេមិនត្រូវធ្វើឈ្លើយសោះអង្គើយទេ។ ជាការល្អគេត្រូវមានការ​ទាក់ទងជាមួយគ្រួសាររបស់មិត្តភក្តិដែលធ្វើការជាមួយគ្នានេះ នារីជាភរិយា​ត្រូវគោរពគួរសម​ចំពោះមិត្តភក្តិរបស់​ស្វាមី រីឯបុរសជាស្វាមីក៏ត្រូវរាប់អានមិត្តនារីរបស់ភរិយាលោកដោយស្មោះត្រង់ដែរ។ ការទើសទែងក្នុងចិត្តមួយដង មួយគ្រាយើង​ត្រូវអត់លើក​លែងគ្នា, កុំប្តឹងផ្តល់ចាក់រុកចៅហ្វាយនាយឬអ្នកធំឱ្យមានគំនុំដល់មិត្តភក្តិរបស់យើង, កុំបន្ថោកកិត្តិយស​មិត្តភក្តិយើងឱ្យ​សោះ។​ បើគេរាប់អានយើងដោយស្មោះ យើងកុំប្រញាប់មើលងាយគេពេក យើងត្រូវគោរពគេវិញ។ កំហុសរបស់អ្នកដែល​បានប្រព្រឹត្ត​លើកទី១ លើកទី២ ហើយគេមិនឮមាត់បន្តិចបន្តួច, អ្នកគួរខ្លាចចិត្តគេឱ្យហើយជាស្រេច, កំហុសលើកទី៣របស់អ្នក របៀបងងើម​ដែលគេ​មិន​អាចលើកលែងទោសឱ្យបាន ក្រែងគេធ្វើឱ្យអ្នកខ្មាស់គេក្នុងចំណោមមិត្តភក្តិទាំងឡាយ។ បុរស និងស្ត្រីដែលធ្វើការជាមួយគ្នា ត្រូវ​ប្រកាន់​កិរិយាមារយាទឱ្យល្អ កុំល្មើសច្បាប់សីលធម៌ និងភ្នែកអ្នកជិតខាង។ កន្លែងធ្វើការជាកន្លែងដែលគេខំប្រឹងរកលុយកាក់លៀងជីវិត មិនមែនជាផ្ទះបន, ផ្ទះបៀរ, រោងល្ខោន, រោងកុនឡើយ។ សំដីដែលនិយាយទៅកាន់គ្នា ត្រូវនិយាយដោយសុភាព, រមទម្យ, ថ្លៃថ្នូរ, កុំរើស​ពាក្យ អ៊ឺ-អញ-អាឯង-ហងឯង ឬពាក្យចំអេសចំអាសអាវាសែឥតត្រកូលឱ្យសោះ។ កុំទាត់ធាក់, វាយតប់, ដាល់គ្នានៅក្នុងការិយាល័យ។ កុំហួច,និយាយឡូឡា ឬស្រែកច្រៀងតាមទំនើងចិត្ត។

មិត្តភក្តិរបស់បុត្រាបុត្រី

មួយដង មួយកាល បុត្រាបុត្រីអាចនាំមិត្តភក្តិដែលធ្លាប់​រៀនសូត្រជាមួយគ្នាទៅលេងឯផ្ទះរបស់ខ្លួន។​ឪពុកម្តាយត្រូវជួយទទួលភ្ញៀវកូន​ដោយរីករាយ​រាក់ទាក់មាតាបិតាមិនចាំបាច់ចំណាយលុយកាក់អ្វីច្រើនទេ គ្រាន់តែញញឹមបន្តិចសំពះតបនឹង​ពួកម៉ាករបស់កូនវិញហើយ​សំណេះសំណាលបន្តិចបន្តួច​ផងនោះ ជាភារៈដែលមានតំលៃជាងចេញលុយកាក់អស់ច្រើនទៅទៀត។ ពេលភ្ញៀវរបស់កូន​មកលេង​លំនៅ​ស្ថាន​​ឪពុកម្តាយត្រូវនិយាយពាក្យផ្អែមពិរោះទៅរកពួកម៉ាកមិត្តភក្តិរបស់កូន។ កុំនាំកូនគេនិយាយអាក្រក់​ពីនរណា​ម្នាក់។ត្រូវនិយាយ​តែអំពើល្អ​ដែលដឹកនាំក្មេងឱ្យឆ្លាតវៀងវៃ រៀនពូកែ៘ ធ្វើដូច្នេះ កូនរបស់យើង​នឹងសប្បាយ​រីករាយក្នុងចិត្តឥតឧបមាហើយវាស្រលាញ់ និងគោរព​យើងជាងមុនទៅទៀត។ ធ្វើជាឪពុកម្តាយរបស់ក្មេងណាម្នាក់ គេមិនត្រូវ​បញ្ចោញឫក​ឱ្យក្មេងហ៊ាន​មើលងាយឬ​អាងថាយើង​ស្រលាញ់​វាជ្រុល​ពេកទេ។ ឯការនិយាយជាមួយក្មេងជាពួកម៉ាករបស់កូនក៏ដូច្នោះដែរ គឺត្រូវសំដែងកិរិយាជាចាស់ទុំថ្លៃថ្នូរ ជាទីគោរព​របស់​វា។

អ្នកជិតខាង

យើងជាអ្នកថ្លៃថ្នូរ ត្រូវរកសេចក្តីសុខជាមួយអ្នកជិតខាងនេះ ព្រោះអ្នកទាំងនោះហើយ ជាបងប្អូនយើងជួយ​ឈឺឆ្អាលយើងដូចបងប្អូន​យើងដែរ។ យើងមិន​ត្រូវរាប់​អានអ្នកនៅខាងមុខផ្ទះ ស្អប់អ្នកនៅអមសងខាង ឬអ្នកនៅខាងក្រោយផ្ទះទេ គឺយើងត្រូវរាប់អាន ហៅរក ចែក​ចំណី​ចំណុក​បន្តិចបន្តួចស្មើៗគ្នា ទោះមានបុណ្យទាន រវល់អ្វី យើងមិនត្រូវភ្លេចអ្នកជិតខាងយើងទេ។ កុំនិយាយចាក់រុក និយាយ​អាក្រក់​ពីអ្នក​ជិតខាង​ណាមួយឡើយ។ បើអ្នកជិតខាងណាមួយនិយាយអាក្រក់ពី​យើង អ្នកនោះឯងនឹងខ្មាស់អៀនស្ទើរស្លាប់មិនខាន នៅពេលដែល​យើង​មិននិយាយអាក្រក់ពីអ្នកនោះតបវិញ។ទោះបីយើងមានយ៉ាងណា បើយើងគ្មានការគាំទ្រពីអ្នកជិតខាង យើងនឹងគ្មាន​សេចក្តីសុខ​ប៉ុន្មាន​ឡើយ។ នៅពេលដែលយើងឃើញគេមានទុក្ខ, មរណភាព, អគ្គីភ័យ, ចោរលួច ជាដើម យើងត្រូវជួយឈឺឆ្អាលគេតាមសមត្ថភាព។ យើងមិនត្រូវឈ្លោះទាស់ទែងជាមួយអ្នកជិតខាងព្រោះតែរឿងបន្តិចបន្តួចនោះទេត្រូវចេះអត់អធ្យាស្រ័យគ្នាទៅវិញទៅមក។ បើអ្នក​ជិតខាង​ឈ្លោះគ្នាអំពីរឿងប្តីប្រពន្ធគេ យើងជាអ្នកជិតខាងគ្មានសិទ្ធិអ្វីទៅឃាត់ឃាំងគេទេ ជារឿងរបស់គ្រួសារគេ គ្រាន់តែនិយាយ​សំរុះសំរួល​គេបន្តិច​បន្តួចនៅពេលគេឱ្យយើងធ្វើជាអ្នកដឹងឮប៉ុណ្ណោះ ជាការសមល្មមណាស់ហើយ។ យើងមិនត្រូវ​នាំកូនចៅទៅ​ឈរពពាក់ពពូន​មើលគេឈ្លោះគ្នាទេ។ ពេលគេឈ្លោះគ្នា កុំដកកអើតតាមបង្អួច ឬទ្វារឱ្យលេចក្បាលចេញមកក្រៅ ដើម្បីមើលគេឱ្យ​សោះ។ ​ភារៈរបស់យើងត្រូវរក្សាសេចក្តីស្ងប់ស្ងាត់ ភាពថ្លៃថ្នូរដូច្នេះយើងស៊ូធ្វើគធ្វើថ្លង់គ្រប់យ៉ាងអំពីរឿងគេឈ្លោះគ្នានេះ កុំចង់ធ្វើធំដោយ​តាំង​ខ្លួនជាអាជ្ញា​កណ្តាលឱ្យសោះ ព្រោះកិត្តិយសនេះមិនមែនថ្លៃថ្នូរប៉ុន្មានទេ ពេលដែលគេមិនយល់ព្រម។ យើងមិនត្រូវ​ទៅអង្គុយផ្ទះគេ​ហួសពេលវេលា​ជាអ្នកថ្លៃថ្នូរនោះទេ ព្រោះយើងតោងគិតព្រួយដល់ការមិនចូលចិត្តពីសមាជិកគ្រួសារយើង និងគ្រួសារគេ។ ចំណីអ្វីដែល​គេឱ្យយើង គេយកមកឱ្យឯផ្ទះ យើងមិនត្រូវពរកូនទៅឈរមើលគេធ្វើនំដើម្បីសុំគេនោះទេ។ លុយកាក់លើសខ្វះគ្នាមួយរៀល, ពីររៀល អំពីរឿង​ ទឹក ភ្លើង ឬរឿងអ្វីមួយ យើងត្រូវលះបង់ចោលទៅចុះ បើកំណាញ់ណាស់គួរនិយាយដោយស្រួលជាមួយគេ មិនត្រូវខ្សឹ​បខ្សៀវ​ពេប​ជ្រាយ, បូញមាត់បូញក និយាយស្ងាត់ៗបញ្ឆិតបញ្ឆៀងដល់គេទេ។ យើងត្រូវរាប់រកអ្នកទាំងនោះទោះមានក្តី ក្រក្តី ក្នុងឋានៈ​ជាមនុស្ស​ស្និទ្ធស្នាល​ដូចគ្នាទាំងអស់។

 

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.