សុជីវធម៌នៅតាមវិថីតូចធំក្នុងក្រុង

 

ចិញ្ចើមវិថីខាងក្នុង ត្រូវទុកឱ្យស្ត្រី ឬបុរសដែលមានអាយុច្រើន។ បើបុរសចង់ដើរចៀសហ្វូងនារី ឬមនុស្សចាស់​គេត្រូវចៀសខាង​ឆ្វេងដៃ​ដែលមានចន្លោះធំ។បើបានជាដើរចៀសរួចទាំងទើសទាស់ចិត្តដោយប្រការណាមួយគេគប្បីបន្តដំណើរទៅមុខទៀតដូចធម្មតាមិនត្រូវងាកក្រោយសំលក់​សំលឹងប្រកាសសង្គ្រាមប្រស្រីភ្នែក ឬធ្វើមាត់ម្ហបៗតាមតែចិត្តនឹកឃើញនោះទេ។ ឯអ្នកដើរខាងមុខគេ បើដឹងថា​ខ្លួន​ដើរ​តិចៗ​ ​គប្បីដើរចូលមកក្នុងចិញ្ចើមវិថីខាងក្នុង កុំដើរក្រទីក្រទា ១ជំហានទៅឆ្វេង ១ជំហានទៅស្តាំ កុំដើរ​ជ្រែង​កណ្តាល​វិថីដែល​មានមនុស្ស​ច្រើន​ ហើយ​បោះជំហានមួយៗ រង្វើលៗខ្លាំងពេក។

ចិញ្ចើម​វិថីដ៏ចង្អៀតនៅក្នុងទីក្រុង គេមិនទុកបំរុងតែអ្នកលេងកុនគ្មានគេថត ឬអ្នកលេងល្ខោន​ក្រៅឆាកដោយ​ដើរដូចគេរាំនោះ​ទេព្រោះ​អ្នករកស៊ី​ចិញ្ចោមឹជីវិតផ្សេងៗទៀត គេត្រូវការចិញ្ចើមវិថីនេះ ដើម្បីទូល-រែក-ជាដើមដែរ។ កាលបើឃើញនារី ២ ឬ៣នាក់​ធ្វើដំណើរ​មកជិតដល់ ​លោកជាបុរសមិនត្រូវស្ទុះទៅចាប់ដៃគួរសម និយាយជាប់មាត់ជាមួយមិត្តភក្តិលោតច្រងេងច្រងាងពេញផ្លូវ បង្អាក់​ដំណើរ​គេទេ។ ​លោកគួរចេះលៃចន្លោះគួរសមជាមួយមិត្តលោក ហើយលៃចន្លោះឱ្យអ្នកផងដើរបានស្រួល។

បើឃើញ​មនុស្សមានគ្រោះថ្នាក់នៅតាមវិថី យើងគួរជួយ​សង្គ្រោះជីវិត​គ្នាដោយជូន​ដំណឹងទៅភ្នាក់​ងារប៉ូលីសមាន​សមត្ថកិច្ចភ្លាម។​បើឃើញមាន​មនុស្សខ្យល់ចាប់ ឬខ្យល់គរ នៅតាមវិថីនេះ លោកអ្នកនាងជាសប្បុរសជនគួរជួយចាប់ស្រង់ជីវិតជនទុគ៌តនេះ ដោយជួយ​ផ្តល់ប្រេង​ខ្យល់ឬថ្នាំសង្កូវផ្សេងៗដែលលោកអ្នកនាងអាចផ្តល់ឱ្យបាន។ លោកជាបុរសមិនត្រូវនាំគ្នាឈរតំរៀបជាជួរក្បែរចិញ្ចើមវិថី ស្រែក​ឡូឡាជាភាសាជាតិ ឬភាសាបរទេសដើម្បីទទួលនារីម្នាក់ដែលគ្នាទើបតែដើរមកដល់នោះទេ។ លោកអ្នកនាងមិនគប្បីដើរឆ្លងវិថី ដោយ​មិនសំលឹងមើលភ្លើងក្រហមពីខាងមុខនោះទេ។ រីឯភ្លើងលឿង ក៏មិនទាន់អនុញ្ញាតិឱ្យអ្នកដំណើរ ដើរឆ្លង​កាត់ដូចភ្លើងពណ៌​បៃតង​នោះ​ដែ​រ។​ ទោះបីគ្មានអ្វីបើកបរកាត់ ក៏លោកអ្នកនាងជាអ្នកដំណើរមិនគប្បីឆ្លងកាត់ដោយមិនទាន់ឃើញភ្លើងព៌បៃតងនោះដែរ។

ម៉្យាងទៀត​ទោះបីមានការប្រញាប់យ៉ាងណាក៏ដោយ ក៏គេមិនត្រូវរត់ឆ្លងកាត់វឹងនៅមុខរថយន្ត ឬយានជំនិះ​គ្រប់យ៉ាងបណ្តាល​ឱ្យអ្នក​បើកបរ​ជាន់ ឬចាប់ហ្វ្រាំងលាន់ឡើងកក្រើកធរណីនោះឡើយ។ កាលបើឆ្លងមិនផុតទេ អ្នកឆ្លងកាត់​រួចនោះនឹងបំផ្លាញ​សេចក្តី​សុខ​របស់​អ្នកបើកបរម្នាក់ ឬច្រើននាក់ឱ្យខូចខាតពេលវេលា ទៅរាយការណ៍ ឬជាប់ឃុំនៅស្នងការដ្ឋានប៉ូលីស។

នៅតាមផ្លូវថ្នល់

អ្នកបើកបរទាំងឡាយគួរចេះប្រណីដល់អាយុជីវិតរបស់ខ្លួន និងអ្នកផ្ញើវាសនានៅលើរថយន្ត ឬយានជំនិះរបស់ខ្លួន។ អ្នកជិះ​រថយន្តឈ្នួល​នៅ​បាំង​ខាងមុខ មិនគប្បីស្តោះទឹកមាត់ក្រៅមាត់ទ្វារនៅពេលរថយន្តកំពុងបើកទៅមុខនោះទេ ព្រោះខ្យល់នឹងបក់ឱ្យចូលមកប៉ះមុខ ឬចូល​មាត់អ្នក​ដែលនៅខាងក្រោយ។ គេត្រូវស្តោះទឹកមាត់ ឬស្លេស្មដាក់ទៅក្នុងកន្សែងរបស់ខ្លួន ហើយ​រៀបឱ្យស្អាតដាក់​ក្នុងហោប៉ៅ។កំញ៉ម​បារី​ក៏​មិន​គប្បីគោះ​នៅខាងក្រៅដែរ ព្រោះវាអាចត្រូវខ្យល់បក់ដូចទឹកមាត់ដែរ ហើយកំញ៉មបារីនោះនឹងហើរមកប៉ះភ្នែក ច្រមុះអ្នក​នៅ​ខាង​ក្រោយ​ ជួនកាលកំទេចភ្លើងអាចហើរមកដែរ។

បើនិយាយ​ឱ្យខ្លីទៅ អ្នកជិះរថយន្តមិនត្រូវចោលអ្វីបន្តិចបន្តួច ដូចជា កាកអំពៅ, សំបកក្រូច, សំបកត្របែក៘ ទៅក្រៅរថយន្តដែល​ខ្លួន​ជិះ​ឡើយ គេត្រូវចោលក្នុងរថយន្តនេះផ្ទាល់ ព្រោះម្ចាស់រថយន្តមានអ្នកបោស ជូតនៅពេលទៅដល់ចំណត។ នៅពេល​ជិះរថយន្តទៅ​ណា​មក​ណាផ្លូវឆ្ងាយ គេតែងព្រួយបារម្ភគ្រប់យ៉ាងចំពោះគ្រោះថ្នាក់ដែលមិនដឹងជានៅឯណា ឬថ្មើរណាឡើយ ដូច្នេះគេ​តែងមានការ​ប្រុង​ប្រយ័ត្ន​ជាប់ខ្លួនជានិច្ច គេមិនត្រូវដេករងាកបង្ហើរព្រលឹងទៅបាត់ ទុករូបឱ្យយោលចុះយោលឡើង ម្តងទៅឆ្វេង ម្តងទៅ​ស្តាំប៉ះលើ​គេឯង​ជិតនោះ​ ឬជួនកាលហៀរទឹកមាត់រឡាក់ដាក់គេឯងផងនោះទេ នៅពេលខ្លះដែលរថយន្តឈ្នួលនេះត្រូវឈប់ដោយបន្ទាន់នោះ អ្នក​ដេក​របៀប​នេះក៏ជ្រុលអាត្មាបុកក្បាលមកប៉ះនឹងជញ្ជាំងឡាន ឬដែករបាំងរថយន្តក៏សឹងមាន។ នៅគ្រប់កន្លែងសំណាក់និមួយៗ ឬគ្រប់កន្លែង​ដែល​ហៅ​រថយន្តឈប់ បុរសជាអ្នកដំណើរត្រូវលៃលកឱ្យនារី ឬមនុស្សចាស់ជាអ្នកដំណើរឡើងទៅលើរថយន្តមុន។ គេមិនត្រូវហៅ​រថយន្ត ដែលដឹក​មនុស្សជាច្រើនឱ្យឈប់ចាំខ្លួនដែលមិនទាន់ងូតទឹកហើយនោះទេ។

គេមិនត្រូវជំនុំគ្នា២នាក់លើរថយន្ត ដោយសំលេងចេចចាចបូបាច់តាំងពីផែនដីកកើត រហូតដល់សតវត្សទី១០ ០០០ ដោយធ្វើ​ឱ្យគេថ្លង់ធុញ​ទ្រាន់ពេញ​មួយរថយន្តនោះទេ។ អ្នកជិះរថយន្ត មិនត្រូវជំរុញឱ្យអ្នកបើកឈប់នៅទីកន្លែងដែលខ្លួនចូលចិត្ត ទោះទីនោះ​មានគ្រោះថ្នាក់​ដល់គេឯងជា​ច្រើនទៀតក៏ដោយនោះទេ។ គេមិននាំចូលទៅជាមួយខ្លួននូវ ឆ្កែ, ឆ្មា, កូន, វ៉ាលិស, កន្ត្រក ២ ឬ៣ ដោយទិញ​សំបុត្រតែមួយ​កន្លែង​នោះទេ។​ នៅពេលយប់ មុននឹងចុះត្រូវក្រលេកមើលឆ្វេងស្តាំ ដឹកនាំកូនទៅដាក់កន្លែងឱ្យស្រួល កុំឱ្យវារត់​ប្រសេច​ប្រសាចធ្វើ​ឱ្យ​អ្នក​ដែល​​ប្រើប្រាស់ផ្លូវនេះដែរ ភ័យព្រួយដោយសារខ្លួន។

យើងទាំងអស់គ្នាត្រូវស្រលាញ់ផ្លូវជាតិ និងផ្លូវសាធារណៈរបស់យើង យើងមិនត្រូវបណ្តោយឱ្យគោ ក្របី សេះ របស់យើងឆ្លងកាត់ចុះ​ឡើង​តាមអំពើចិត្តទេ ព្រោះនាំឱ្យមានគ្រោះថ្នាក់ដល់អ្នកដំណើរដែលមានជីវិតតែមួយ ហើយមួយគត់ដូចយើងដែរ។ កាលបើមានសត្វឆ្កែ, ឆ្មា, ជ្រូក, ​មាន់, ទា ងាប់នៅតាមផ្លូវ យើងត្រូវនាំគ្នាយកទៅកប់ចោល ឬយកទៅទីណាឱ្យបាត់ពីមុខពីមាត់។ យើងមិនត្រូវ​ចោលអំបែង​កណ្តាល​ផ្លូវសាធារណៈទេ បើឃើញមានស្ពានណាខូច ឬបំរុងនឹងខូច យើងជាអ្នកស្នេហាជីវិតមនុស្សដូចគ្នា ត្រូវបញ្ជូនដំណឹង​ទៅរាជ​ការ​មានសមត្ថកិច្ច​ភ្លាម។ យើងមិនត្រូវយកដែកគោលទៅបោះបង្ហើបចុងស្រួចត្រង់ចន្លោះស្ពាន ដែលកង់រថយន្តត្រូវបើកពីលើនោះទេ ព្រោះ​ការ​ខូច​ខាត ឬខកខានដំណើរអាចហុចផលអាក្រក់ដល់អ្នកដំណើរ បើដែកគោលនោះប៉ះលើរថយន្តរបស់រាជការ ឬរថយន្ត​យកការណ៍​របស់យុទ្ធជន​នៅប្រទល់ដែន ឬរថយន្តសំរាប់ប្រតិបត្តិការសំងាត់ ដើម្បីរក្សាសេចក្តីសុខរបស់ប្រជាពលរដ្ឋ។ តើការខូច​ប្រយោជន៍នេះ​នឹង​មាន​ទំហំ​ប៉ុណ្ណាទៅវិញ។

 

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.